អត្តពលិកកីឡាជឺជីតស៊ូ ៨ប្រទេស ត្រៀមប្រជែងមេដាយជើងឯកអាស៊ី លើទឹកដីអង្គរសប្ដាហ៍ក្រោយ

13-08-2026 14:00

(ភ្នំពេញ)៖ ក្រុមកីឡាជឺជីតស៊ូ មកពីបណ្ដាប្រទេសចំនួន ៨ នឹងត្រូវជួបជុំគ្នាលើទឹកដីអង្គរ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៣ ខែសីហាខាងមុខ នៅក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា មានអ្នកចុះឈ្មោះសរុបចំនួន ៩៦៤នាក់ មកពី ៨ប្រទេស ដែលត្រៀមប្រជែងមេដាយលើទឹកដីអង្គរ ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និងវៀតណាម។

ប្រភពដដែលបញ្ជាក់ថា «អត្តពលិកដែលចូលរួមនឹងមកបង្ហាញមិនត្រឹមតែ សមត្ថភាព របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការតាំងចិត្ត ការខិតខំប្រឹងប្រែង វិន័យ ការលះបង់ និងការហ្វឹកហាត់រាប់មិនអស់ជារៀងរាល់ថ្ងៃ ដែលបាននាំពួកគេមកដល់ឆាកដ៏សំខាន់នេះ»

ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ប្រតិភូ និងកីឡាករ-កីឡាការិនីជឺជីតស៊ូ មកពីទូទាំងអាស៊ីអាគ្នេយ៍ ហើយនេះក៏ជាមោទនភាពថ្មីមួយទៀត សម្រាប់សហព័ន្ធដែលទទួលបានការគាំទ្រពីសហព័ន្ធអន្ដរជាតិ ក្នុងការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតប្រចាំតំបន់នេះផងដែរ៕