ត្រៀមបើកទីផ្សារហ៊ុនធំ! ក្រុមហ៊ុន Anthropic ចរចាទិញយកក្រុមហ៊ុន AI Decart គាំទ្រដោយ Nvidia ក្នុងតម្លៃ ៦ពាន់លានដុល្លារ ដើម្បីពង្រឹង Claude AI
13-08-2026 14:03
(បរទេស)៖ ក្រុមហ៊ុន Anthropic ដែលជាអ្នកអភិវឌ្ឍ AI ដ៏ល្បីល្បាញ «Claude» កំពុងស្ថិតក្នុងកិច្ចចរចាទិញយកក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មី (Startup) Decart AI ក្នុងតម្លៃប្រមាណ ៦ពាន់លានដុល្លារ។ ការចរចានេះធ្វើឡើងក្នុងគោលបំណងពង្រីកសមត្ថភាពគណនា (Computing Power) និងដោះស្រាយបញ្ហាកង្វះខាតសមត្ថភាពផ្ទុកទិន្នន័យ ខណៈក្រុមហ៊ុនកំពុងត្រៀមខ្លួនចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈលើកដំបូងដ៏ធំ (Mega IPO)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters និង Bloomberg នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។
ក្រុមហ៊ុន Decart AI ដែលមានការជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុនយក្ស Nvidia ត្រូវបានគេស្គាល់ថាជាអ្នកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ AI និងបច្ចេកវិទ្យាពង្រឹងប្រសិទ្ធភាព (Optimization) ដ៏លេចធ្លោ។ ក្រុមហ៊ុននេះមានម៉ូដែល AI ឈ្មោះ Lucy អាចកែសម្រួលវីដេអូផ្សាយផ្ទាល់បានភ្លាមៗ (Real-time) និងម៉ូដែល Oasis សម្រាប់បង្កើតបរិស្ថានពិសោធន៍និម្មិត ដើម្បីតេស្តសាកល្បងប្រព័ន្ធរ៉ូបូត និងយានយន្តបើកបរស្វ័យប្រវត្តិ។ កាលពីខែឧសភាកន្លងទៅ Decart ទើបតែប្រមូលដើមទុនបាន ៣០០លានដុល្លារ នៅក្នុងជុំវិនិយោគដែលដឹកនាំដោយ Radical Ventures និង Nvidia។
ប្រភពជិតស្និទ្ធបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនៅស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ប៉ុន្តែប្រសិនបើសម្រេចបានជោគជ័យ ក្រុមការងារជំនាញរបស់ Decart នឹងចូលរួមជាមួយក្រុមការងារប្រតិបត្តិការបច្ចេកវិទ្យា និងពង្រឹងប្រសិទ្ធភាព (Inference & Performance) របស់ Anthropic ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ Claude ដែលកំពុងកើនឡើងយ៉ាងគំហុក និងធ្វើឲ្យ AI មួយនេះដំណើរការបានលឿនជាងមុន។
ទោះបីជាភាគី Anthropic បដិសេធមិនធ្វើការអត្ថាធិប្បាយ ហើយ Decart មិនទាន់ឆ្លើយតបភ្លាមៗយ៉ាងណាក្តី ការប្រកួតប្រជែងដណ្តើមប្រៀបលើបច្ចេកវិទ្យានេះកំពុងដើរលឿនខ្លាំង។ កាលពីសប្តាហ៍មុន Anthropic ក៏បានប្រកាស ជ្រើសរើស វិស្វករជំនាញផ្នែក Hardware និង Software Stack ជាច្រើនរូបផងដែរ ដើម្បីរួមគ្នារចនាឈីបពិសេស (Custom Chips) និងម៉ូដែល AI ជំនាន់ថ្មី សំដៅបង្កើតប្រព័ន្ធប្រកួតប្រជែងរយៈពេលវែងរបស់ខ្លួន៕










