ក្រុមហ៊ុន Meta ប្រកាសបិទគណនីយុវជនអូស្ត្រាលីជាង ៧៥ម៉ឺនគណនី ខណៈរដ្ឋាភិបាលត្រៀមរឹតបន្តឹងច្បាប់ហាមឃាត់

13-08-2026 15:41

(បរទេស)៖ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ នេះថា ខ្លួនបានបិទគណនីសង្ស័យជាង ៧៥៦,០០០ គណនី ដែលជារបស់យុវជនអូស្ត្រាលីមានអាយុក្រោម ១៦ ឆ្នាំ ចាប់តាំងពីប្រទេសនេះបានដាក់ចេញច្បាប់ជាប្រវត្តិសាស្ត្រមួយពីការហាមឃាត់កុមារមិនឱ្យប្រើប្រាស់បណ្តាញសង្គម។

ក្រុមហ៊ុន Meta បានបញ្ជាក់ថា ចាប់ពីអំឡុងពេលមុនច្បាប់ហាមឃាត់ចូលជាធរមានក្នុងខែធ្នូ រហូតមកដល់ខែមិថុនា ខ្លួនបានផ្អាក/បិទ Instagram ប្រមាណ ៤៦២,០០០ គណនី និង Facebook ប្រមាណ ២៩៤,០០០ គណនី។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងទិន្នន័យត្រឹមខែមករា ដែលកាលនោះ Meta ធ្លាប់បានលុបគណនី Instagram ចំនួន ៣៣១,០០០ និង Facebook ចំនួន ១៧៣,០០០ គណនី។ ការប្រកាសពីតួលេខនេះធ្វើឡើងក្នុងបរិបទដែលអាជ្ញាធរគ្រប់គ្រងអ៊ីនធឺណិតអូស្ត្រាលី កំពុងពិចារណាដាក់ពាក្យប្តឹងក្រុមហ៊ុនបណ្តាញសង្គមធំៗ (រួមទាំង Meta) ដោយចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះមិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីអនុវត្តតាមច្បាប់។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលអូស្ត្រាលីបានដាក់ចេញសេចក្តីព្រាងច្បាប់ថ្មីមួយដែលដំឡើងប្រាក់ពិន័យអតិបរមាទ្វេដង ចំពោះការមិនអនុវត្តតាមច្បាប់ រហូតដល់ ៩៩លានដុល្លារអូស្ត្រាលី (ប្រមាណ ៦៩.៧៥ លានដុល្លារអាមេរិក)។

ទោះបីជា Meta បានបិទគណនីរាប់សែនក៏ដោយ ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាល និងការសិក្សាស្រាវជ្រាវឯករាជ្យជាច្រើនបានបង្ហាញថា ជាង ៨០% នៃកុមារ និងយុវជនអូស្ត្រាលីអាយុក្រោម ១៦ ឆ្នាំ នៅតែបន្តប្រើប្រាស់បណ្តាញសង្គម ក្នុងអំឡុងពេល ៣ ខែដំបូងនៃការអនុវត្តច្បាប់។ កត្តានេះកើតឡើងដោយសារតែយុវជនមួយចំនួនអាចជៀសវាងប្រព័ន្ធត្រួតពិនិត្យ ដោយការកែប្រែថ្ងៃខែឆ្នាំកំណើត ឬប្រើប្រាស់ព័ត៌មានរបស់អ្នកធំដើម្បីបង្កើតគណនីថ្មី។ ក្រុមហ៊ុន Meta បានបញ្ជាក់ថា ខ្លួនកំពុងប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដើម្បីភាគប្រវត្តិរូបអ្នកប្រើប្រាស់ និងស្វែងរក «តម្រុយបរិបទ» ផ្សេងៗដូចជា ការប្រារព្ធពិធីខួបកំណើត, ការបង្ហោះរៀបរាប់អំពីថ្នាក់រៀន ឬពិន្ទុសិក្សា និងការកំណត់មិនឱ្យបង្កើតគណនីសារជាថ្មី ប្រសិនបើគណនីមុនត្រូវបានលុបដោយសារខុសអាយុ៕