កម្ពុជា អញ្ជើញម្ចាស់ពានអាស៊ី អាស៊ាន និងម៉ាឡេស៊ី មកប្រជែងពានសម្ដេចធិបតី លើកទី២ នាសប្ដាហ៍ក្រោយ

14-08-2026 10:21

(ភ្នំពេញ)៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ គ្រោងនឹងរៀបចំនាថ្ងៃទី១៩ ខែសីហាខាងមុខ ដែលប្រជុំដោយក្រុមជម្រើសជាតិខ្លាំងៗប្រចាំតំបន់ ក្នុងនោះមានក្រុមជម្រើសជាតិឥណ្ឌូនេស៊ី, វៀតណាម, ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះកម្ពុជា។

នេះជាព្រឹត្តិការណ៍អន្ដរជាតិដ៏គួរឲ្យចាប់អារម្មណ៍ ដ្បិតក្រុមចូលរួមស្ទើរតែជាម្ចាស់ពានកម្រិតទ្វីប និងតំបន់ តួយ៉ាងក្រុមឥណ្ឌូនេស៊ី ទើបគ្រងជើងឯកពានបាល់ទះអាស៊ី (AVC Cup) ឆ្នាំ២០២៦, វៀតណាម ទើបលើកពានបាល់ទះអាស៊ីអាគ្នេយ៍-SEA V.Cup ឆ្នាំ២០២៦ (ជើងទី២) និងកម្ពុជា ទើបឈ្នះពាន SEV V.Cup ឆ្នាំ២០២៦ (ជើងទី១) កាលពីថ្មីៗ ខណៈម៉ាឡេស៊ី ក៏ជាក្រុមល្អមួយក្នុងតំបន់ដែរ។

ជាមួយវត្តមានក្រុមខ្លាំងៗប្រចាំតំបន់ ដែលត្រូវប្រជែងពានរង្វាន់សម្ដេចធិបតី លើកទី២ នេះ អ្នកគាំទ្ររំពឹងនឹងធ្វើឲ្យកក្រើកវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ខណៈការប្រកួត គ្រោងនឹងធ្វើឡើងពីថ្ងៃទី១៩-២៣ ខែសីហាខាងមុខ។ ប៉ុន្ដែចំពោះរូបមន្ដប្រកួត ក៏ដូចជាលក្ខខណ្ឌចូលទស្សនា មិនទាន់ត្រូវបញ្ជាក់ច្បាស់ឡើយ គ្រាដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសជាផ្លូវការនាដើមសប្ដាហ៍ក្រោយ។

សូមរំឮកថា សហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់បានរៀបចំការប្រកួតពានរង្វាន់ «សម្ដេចធិបតី» លើកដំបូង កាលពីឆ្នាំ២០២៤ កំឡុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះពានរង្វាន់ SEA V. League Challenge ដែលជាស្ពាននាំឲ្យកម្ពុជាមានកៅអីចូលរួមប្រកួតពានរង្វាន់ SEV V.League 2025 ដែលប្ដូរមកជាពាន SEV V.Cup នៅឆ្នាំ២០២៦ ហើយបានបើកទំព័រកំណត់ត្រាប្រវត្តិឈ្នះជើងឯក (ជើងទី១) កាលពីថ្មីៗ លើទឹកដីប្រទេសហ្វីលីពីន។

កាលពីឆ្នាំ២០២៤ ពាននេះមាន ៤ក្រុមចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ខណៈជាលទ្ធផលក្រុមជម្រើសជាតិកម្ពុជា បានគ្រងជើងឯក អមប្រាក់រង្វាន់លើកទឹកចិត្ត ១០០លានរៀល គ្រាដែលម៉ាឡេស៊ី ទទួលបានលេខ២ អមប្រាក់រង្វាន់ ៣០លានរៀល, ក្រុមសិង្ហបុរី ទទួលបានលេខ៣ អមប្រាក់រង្វាន់ ២០លានរៀល និងក្រុមជម្រើសជាតិឡាវ ទទួលបានលេខ៤ អមប្រាក់រង្វាន់ ១០លានរៀល។ ដូច្នេះចាំមើលរដូវកាលទី២ ខាងមុខនេះ តើក្រុមណា នឹងក្លាយជាម្ចាស់ពាន «សម្ដេចធិបតី» ឆ្នាំ២០២៦?