Apple បើករោងចក្រថ្មីនៅ Texas ជំរុញសង្វាក់ផលិតកម្ម AI និង Mac Mini ចំពេលលោក Tim Cook ជិតចុះចេញពីតំណែង CEO
14-08-2026 13:28
(បរទេស)៖ លោក Tim Cook នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Apple រួមជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគ្រឹះស្ថានផលិតកម្មថ្មីមួយនៅទីក្រុង Houston រដ្ឋ Texas។ ទីតាំងថ្មីនេះ គឺជាកន្លែងដំឡើងម៉ាស៊ីនបម្រើសេវាកម្ម AI (AI servers) និងជាខ្សែសង្វាក់ផលិតកម្មកុំព្យូទ័រ Mac Mini នៅចុងឆ្នាំនេះ ព្រមទាំងផ្តល់ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាដោយឥតគិតថ្លៃដល់អាជីវកម្មនានា។ លោក Cook បានថ្លែងថា៖ «យើងបានបង្កើតរោងចក្រ ចាប់ផ្តើមការផលិត និងបានដឹកជញ្ជូនម៉ាស៊ីន AI server ជឿនលឿនដំបូងចេញពីខ្សែសង្វាក់ផលិតកម្ម» ដោយក្រុមហ៊ុនបានបោះទុនវិនិយោគរាប់រយលានដុល្លារលើគម្រោងនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ការបោះទុនវិនិយោគនេះ ធ្វើឡើងចំពេលដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បន្តដាក់សម្ពាធឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកបង្កើនការផលិតនៅក្នុងស្រុក។ លោក Howard Lutnick រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ក្នុងពិធីកាត់ខ្សែបូថា៖ «អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ អាមេរិកគឺជាអ្នកបង្កើតបច្ចេកវិទ្យាដ៏អស្ចារ្យរបស់ពិភពលោក ហើយយើងបានមើលឃើញថាបច្ចេកវិទ្យានោះត្រូវបានផលិតនៅគ្រប់ទីកន្លែងផ្សេងទៀត»។ លោកបានបន្ថែមថា៖ «ប្រធានាធិបតី ត្រាំ បានមានប្រសាសន៍ថា 'មើលចុះ រឿងនោះត្រូវតែផ្លាស់ប្តូរ' ហើយយើងត្រូវការការប្តេជ្ញាចិត្តរបស់ Apple ក្នុងការផលិតនៅទីនេះក្នុងប្រទេសអាមេរិក»។
ទោះបីជា Apple មិនទាន់មានផែនការផលិតទូរស័ព្ទ iPhone នៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែក្រុមហ៊ុនបានបង្កើនការទិញសមាសភាគក្នុងស្រុកយ៉ាងខ្លាំង ដោយកាលពីឆ្នាំមុន ក្រុមហ៊ុនបានបញ្ជាទិញបន្ទះឈីបជាង ២០ ពាន់លានបន្ទះពីអាមេរិក រួមទាំង ១០០ លានបន្ទះពីរោងចក្រ TSMC ក្នុងរដ្ឋ Arizona។ បន្ថែមពីនេះ ការជ្រើសរើសផលិតកុំព្យូទ័រ Mac Mini នៅរោងចក្រ Houston ក៏ត្រូវបានគេមើលឃើញថាជាការតម្រូវចិត្តទីផ្សារផងដែរ ព្រោះកុំព្យូទ័រម៉ូឌែលដែលមានតម្លៃធូរថ្លៃមួយនេះ កំពុងលក់ដាច់ខ្លាំងដោយសារអ្នកជំនាញ AI និយមយកទៅប្រើប្រាស់សម្រាប់ដំណើរការភ្នាក់ងារ AI (AI agents)។
គួរជម្រាបថា ព្រឹត្តិការណ៍នេះក៏បានកត់សម្គាល់នូវសកម្មភាពផ្លូវការចុងក្រោយមួយរបស់លោក Tim Cook ក្នុងនាមជានាយកប្រតិបត្តិ (CEO) មុនពេលលោកផ្លាស់ប្តូរទៅទទួលតំណែងជាប្រធានក្រុមប្រឹក្សាភិបាល (Executive Chairman) នៅថ្ងៃទី០១ ខែកញ្ញាខាងមុខ ដោយទុកតំណែង CEO ជូនលោក John Ternus ជានាយកប្រតិបត្តិផ្នែក Hardware ជាយូរមកហើយ។ ក្នុងតួនាទីថ្មី លោក Cook នឹងបន្តជួយជ្រោមជ្រែងក្រុមហ៊ុនលើការងារទំនាក់ទំនងជាមួយអ្នកបង្កើតគោលនយោបាយ និងរដ្ឋាភិបាលនានជុំវិញពិភពលោក៕













