កុមារី សាមី សុមនីចិន្តា វ័យ៨ឆ្នាំ មានឱកាសប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធី Face of Cambodia Kids and Juniors នៅប្រទេសកូរ៉េខាងត្បូង

14-08-2026 16:25

(ភ្នំពេញ)៖ កុមារី សាមី សុមនីចិន្តា ហៅ June អាយុ ៨ឆ្នាំ គឺជាសិស្សនៃសាលាអន្តរជាតិ ដែលកំពុងបន្តអភិវឌ្ឍសមត្ថភាពទាំងផ្នែកសិក្សា និងសិល្បៈ ដោយបង្ហាញពីការតាំងចិត្ត និងការខិតខំប្រឹងប្រែងតាំងពីវ័យក្មេង។

June ចាប់ផ្ដើមមានការចាប់អារម្មណ៍លើវិស័យបង្ហាញម៉ូត និងការសម្ដែងតាំងពីក្មេង។ ក្នុងឆ្នាំ ២០២៥ នាងទទួលបានតំណែង First Runner-up ក្នុងកម្មវិធី Face of Cambodia Kids and Juniors ដែលរៀបចំដោយ Cambodia International Model ជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់សម្រាប់កុមារីវ័យក្មេងម្នាក់។

បន្ទាប់ពីទទួលបានលទ្ធផលនេះ June បានក្លាយជាតំណាងកម្ពុជា ចូលរួមកម្មវិធី Face of Asia នៅប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗកន្លងទៅនេះ។ ទោះបីមិនទទួលបានជ័យលាភីក៏ដោយ បទពិសោធន៍លើឆាកអន្តរជាតិនេះ បានជួយឱ្យនាងរៀនសូត្រ បង្កើនទំនុកចិត្ត និងយល់ដឹងកាន់តែច្បាស់អំពីស្តង់ដារនៃការប្រកួតអន្តរជាតិ។

មិនបញ្ឈប់ត្រឹមនោះទេ ឆ្នាំ ២០២៦ June បានបន្តចូលរួមកម្មវិធី Cosmo Kids Star 2026 នៅប្រទេសវៀតណាម ដើម្បីបន្តស្វែងរកបទពិសោធន៍ថ្មី និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិ។

ក្រៅពីការសិក្សានៅសាលាល្បីឈ្មោះមួយនៅភ្នំពេញ June តែងតែចំណាយពេលក្រោយម៉ោងរៀន ដើម្បីហ្វឹកហាត់ជំនាញសិល្បៈជាច្រើន។ កុមារីរូបនេះ កំពុងសិក្សា K-pop Dance ជាមួយលោក Kim Sihyoung ដែលជាអ្នកដឹកនាំក្រុមរាំកម្ពុជា Spicy Names។ ជាមួយគ្នានេះ នាងក៏កំពុងហ្វឹកហាត់ Hip-hop Dance នៅ Phnom Penh Dance Studio ព្រមទាំងសិក្សាជំនាញដើរម៉ូត នៅ K-Creative Catwalk និង AAA។ លើសពីនេះ June ក៏មិនភ្លេចថែរក្សាវប្បធម៌ជាតិ ដោយបន្តរៀនរបាំប្រពៃណីខ្មែរ នៅ K-Creative Catwalk ផងដែរ។

ទោះមានកាលវិភាគហ្វឹកហាត់ជាច្រើនក៏ដោយ June នៅតែយកចិត្តទុកដាក់ចំពោះការសិក្សា។ នាងជឿជាក់ថា ចំណេះដឹង និងជំនាញសិល្បៈ គឺជារឿងដែលអាចដើរទន្ទឹមគ្នា ប្រសិនបើមានវិន័យ និងការរៀបចំពេលវេលាបានល្អ។

ដំណើររបស់ June មិនត្រឹមតែជារឿងរ៉ាវនៃការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជារឿងរ៉ាវនៃការតស៊ូ ការរៀនសូត្រ និងការមិនបោះបង់ក្ដីស្រមៃ។ ទោះជួបភាពជោគជ័យ ឬឧបសគ្គ June នៅតែបន្តហ្វឹកហាត់ អភិវឌ្ឍខ្លួន និងឆ្ពោះទៅមុខដោយទំនុកចិត្ត។ ហើយក៏ឃើញកញ្ញា ប៉ែន លីញហ្គិច Winner Face of Cambodia Kid 2025 រួមដំណើរផងដែរ។

ជាមួយនឹងការគាំទ្រពីក្រុមគ្រួសារ គ្រូបង្វឹក និងអ្នកគាំទ្រ June ត្រូវបានរំពឹងថានឹងបន្តអភិវឌ្ឍសមត្ថភាព និងនាំយកមោទនភាពជូនប្រទេសកម្ពុជាលើឆាកជាតិ និងអន្តរជាតិនាពេលអនាគត៕