ក្រុមហ៊ុនបណ្តាញសង្គមធំៗស្នើឱ្យអូស្ត្រាលីប្រុងប្រយ័ត្នចំពោះការវាយតម្លៃទិន្នន័យ នៃការហាមឃាត់កុមារអាយុក្រោម ១៦ឆ្នាំ

15-08-2026 09:13

(បរទេស)៖ ក្រុមហ៊ុនបណ្តាញសង្គមយក្សល្បីៗលើពិភពលោក បានអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលី កុំឱ្យផ្តោត ឬពឹងផ្អែកខ្លាំងពេកលើទិន្នន័យស្រាវជ្រាវដំបូង ដែលបង្ហាញថាកុមារភាគច្រើននៅតែបន្តប្រើប្រាស់បណ្តាញសង្គម ទោះបីជាមានច្បាប់ហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំក៏ដោយ។ ការស្នើនេះបានធ្វើឡើង ខណៈពេលដែលសភាអូស្ត្រាលីកំពុងពិចារណាលើការដំឡើងពិន័យ និងពង្រីកអំណាចស៊ើបអង្កេតលើក្រុមហ៊ុនទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

តំណាងថ្នាក់ដឹកនាំប្រចាំប្រទេសអូស្ត្រាលីរបស់ក្រុមហ៊ុន Google (ម្ចាស់ YouTube), Meta (ម្ចាស់ Facebook និង Instagram), TikTok និង Snapchat បានឡើងឆ្លើយបកស្រាយចំពោះមុខគណៈកម្មាធិការស៊ើបអង្កេតរបស់ព្រឹទ្ធសភាអូស្ត្រាលី។ ការសាកសួរនេះបានធ្វើឡើងបន្ទាប់ពីមានការសិក្សាស្រាវជ្រាវជាច្រើន រួមទាំងពីនិយ័តករអុីនធឺណិតរបស់អូស្ត្រាលី (eSafety) ដែលរកឃើញថា កុមារ និងយុវជនអាយុក្រោម ១៦ឆ្នាំប្រមាណ ៨០% នៅតែអាចចូលប្រើប្រាស់បណ្តាញសង្គមបាន ដដែល បន្ទាប់ពីច្បាប់ហាមឃាត់ជាប្រវត្តិសាស្ត្រនេះបានចូលជាធរមានកាលពីខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងការសាកសួរនោះ លោកស្រី Rachel Lord នាយកផ្នែកទំនាក់ទំនងរដ្ឋាភិបាលរបស់ YouTube ប្រចាំអូស្ត្រាលី បានថ្លែងថា៖ «ទិន្នន័យទាំងនោះគ្រាន់តែជាចំណុចពេលវេលាមួយនៅដំណាក់កាលដំបូងបំផុតប៉ុណ្ណោះ ហើយយើងសូមណែនាំឱ្យប្រុងប្រយ័ត្នចំពោះការពឹងផ្អែកខ្លាំងពេកលើទិន្នន័យនេះ»។ លោកស្រីបានបន្ថែមថា បច្ចេកវិទ្យាផ្ទៀងផ្ទាត់អាយុកន្លងមកត្រូវ បានបង្កើតឡើងសម្រាប់កម្រិតអាយុ ១៨ឆ្នាំ ប៉ុន្តែបច្ចេកវិទ្យាសម្រាប់កំណត់ព្រំដែនអាយុ ១៦ឆ្នាំ កំពុងតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងកែលម្អនៅឡើយ។

លោកស្រី Mia Garlick នាយកគោលនយោបាយសាធារណៈរបស់ Meta ប្រចាំអូស្ត្រាលី បានគូសបញ្ជាក់ថា ទិន្នន័យនៃការស្ទង់មតិអាចមានភាពខុសគ្នារវាង «ការចូលមើល (Access)» និង «ការមានគណនី (Having an account)»។ ជាមួយគ្នានេះ Meta បានប្រកាសថាខ្លួនបានលុប ឬបង្កកគណនី Instagram និង Facebook សង្ស័យជារបស់អ្នកប្រើប្រាស់អាយុក្រោម ១៦ ឆ្នាំចំនួនជាង ៧៥៦,០០០ គណនីហើយ ខណៈដែល Google ជួយរារាំងគណនីប្រមាណ ៧៤០,០០០ មិនឱ្យចូលប្រើ YouTube និង TikTok ក៏បានលុបគណនីរាប់សែនជារៀងរាល់ខែផងដែរ។

គួរជម្រាបថា បច្ចុប្បន្ន សភាអូស្ត្រាលីកំពុងពិចារណាលើការកែប្រែច្បាប់ ដើម្បីដំឡើងប្រាក់ពិន័យអតិបរមាទ្វេដង រហូតដល់ ៩៩ លានដុល្លារអូស្ត្រាលី (ប្រមាណ ៦៤ លានដុល្លារអាមេរិក) ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាណាដែលបរាជ័យក្នុងការអនុវត្តច្បាប់នេះ ព្រមទាំងផ្តល់អំណាចបន្ថែមដល់អាជ្ញាធរ eSafety ក្នុងការទាមទារឯកសារ និងភស្តុតាងស៊ើបអង្កេតជុំវិញវិធានការផ្ទៀងផ្ទាត់អាយុពីក្រុមហ៊ុនបណ្តាញសង្គមទាំងនោះ៕