ក្រុមហ៊ុនបច្ចេកវិទ្យា Anthropic និងជាមេធំរបស់ Claude AI រៀបចំផែនការចុះបញ្ជី IPO
15-08-2026 10:24
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Anthropic ដើមផ្ដើមបង្កើតគំរូ AI «Claude» ត្រូវបានរាយការណ៍ថា កំពុងរៀបចំផែនការចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យ Wall Street យកចិត្តទុកដាក់ខ្លាំងបំផុតនោះ គឺការវាយតម្លៃទៅលើតម្លៃក្រុមហ៊ុន មិនបានផ្អែកលើចំណូលបច្ចុប្បន្នទាំងស្រុងនោះទេ ប៉ុន្តែត្រូវផ្តោតលើ ការព្យាករណ៍ប្រាក់ចំណូលក្នុងទំហំពី ១៩០ ប៊ីលាន ទៅ ២០០ ប៊ីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៨ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយជាពិសេសដោយសារព័ត៌មាន Reuters កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។
ប្រភពដែលជិតស្និទ្ធនឹងកិច្ចការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានឱ្យដឹងថា ការព្យាករចំណូល ២០០ ប៊ីលានដុល្លារនេះ គឺខ្ពស់ជាងយ៉ាងខ្លាំងធៀបនឹងប្រាក់ចំណូលប្រចាំឆ្នាំ ដែលមានត្រឹមតែ ៤៧ ប៊ីលានដុល្លារ កាលពីខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។ ការផ្អែកលើតួលេខនៃការព្យាករទៅមុខ ២ ឆ្នាំបែបនេះ ស្ដែងឱ្យឃើញពីទំហំនៃការរីកចម្រើន និងហានិភ័យដែលវិនិយោគិនត្រូវទទួលយក។
ផ្អែកលើគោលការណ៍វិភាគហិរញ្ញវត្ថុ និងតក្កវិជ្ជានៃការវិនិយោគ ការវាយតម្លៃតម្លៃ Anthropic តាមវិធីសាស្ត្រ Forward-looking valuation នេះ បញ្ចេញនូវចំណុចខ្វះខាត និងបញ្ហាប្រឈមធំៗចំនួនដូចជា ជាទូទៅ ធនាគារវិនិយោគ តែងតែប្រើប្រាស់ពហុគុណនៃប្រាក់ចំណូល ផ្អែកលើចំណូលបច្ចុប្បន្ន ឬយ៉ាងច្រើនព្យាករត្រឹម ១ ឆ្នាំខាងមុខ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា។ ការដែល Anthropic និងក្រុមធនាគាររៀបចំ IPO ព្យាយាមជម្រុញការវាយតម្លៃទៅលើចំណូលឆ្នាំ២០២៨ (២ ឆ្នាំទៅមុខ) គឺជា «យុទ្ធសាស្ត្ររៀបចំតួលេខដើម្បីទាញយកការវាយតម្លសខ្ពស់ហួសហេតុ»។ វាឆ្លុះបញ្ចាំងថា តួលេខចំណូលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់ក្នុងការគាំទ្រ Market Cap កម្រិតទ្រីលានដុល្លារ ដែលវិនិយោគិនដើមរំពឹងទុកនោះទេ។
បច្ចុប្បន្ន Anthropic កំពុងប្រឈមមុខនឹងចំណាយយ៉ាងសន្ធឹកសន្ធាប់លើការទិញបន្ទះឈីប, ការជួលហេដ្ឋារចនាសម្ព័ន្ធ, ការពង្រីកទិន្នន័យ Data Center និងប្រាក់ខែអ្នកជំនាញ AI។ ថ្វីបើប្រាក់ចំណូលប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ត្រូវបានរំពឹងថានឹងឈានដល់ ១០.៩ ប៊ីលានដុល្លារ ហើយអាចបង្កើតប្រាក់ចំណេញប្រតិបត្តិការ ជុំវិញ ៥៥៩ លានដុល្លារក្តី ប៉ុន្តែគម្លាតប្រាក់ចំណេញនៅតែស្ដើងនៅឡើយ។ សម្មតិកម្មដែលថា «ចំណាយ CapEx នឹងថយចុះ ហើយ Margin នឹងរីកធំពេលចំណូលឡើងដល់ ២០០ ប៊ីលានដុល្លារ» គឺជាការផ្សងព្រេងមួយ ព្រោះសមរភូមិកម្លាំងប្រកួតប្រជែង AI មិនទាន់មានចំណុចទប់ទល់នៅឡើយទេ៕







