ផ្ទុះការចាប់អារម្មណ៍! ក្រោយ ISI នាំចូលកីឡាករបរទេសថ្មី ៤រូប ខណៈលោក Conor Nestor ថាអ៊ុតលទ្ធផលជាក់ស្ដែង
15-08-2026 17:31
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានបង្កើតការចាប់អារម្មណ៍ជាថ្មី ក្នុងទីផ្សារដោះដូរកីឡាករត្រៀមរដូវកាលថ្មី បន្ទាប់ពីពួកគេបានបង្ហាញកីឡាករបរទេសចំណូលថ្មី ៤រូបបន្ថែម នាល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីពង្រឹងក្រុមត្រៀមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលគ្រោងនឹងចាប់ផ្ដើមនាដើមខែកញ្ញាខាងមុខ។
សមាជិកថ្មី ៤រូបខាងលើ រួមមានខ្សែការពារប្រេស៊ីល Matheus Freitas ដែលលេងឲ្យក្លិបអង្គរថាយហ្គឺរ កាលពីរដូវកាលមុន ព្រមទាំងអតីតខ្សែប្រយុទ្ធឆ្នើមភ្នំពេញក្រោន Shimizu Shintaro ។ រីឯ ២រូបទៀត ជាកីឡាករជប៉ុន ទើបមកប្រកបអាជីពលើកដំបូងនៅកម្ពុជា រួមមានខ្សែការពារ Takahiro Tezuka និងខ្សែប្រយុទ្ធ Daizo Horikoshi ដែលមានបទពិសោធន៍លេងក្លិបច្រើនក្នុងតំបន់អាស៊ាន។
ការនាំចូលកីឡាករថ្មីៗ ដែលមានគុណភាព និងបទពិសោធន៍ជាបន្ដបន្ទាប់នេះ បានធ្វើឲ្យលោក Conor Nestor ដែលទើបចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្រុម ISI ដង្កោសែនជ័យ សប្បាយរីករាយ ដែលថ្នាក់ដឹកនាំក្លិបបានផ្ដល់គ្រប់យ៉ាងតាមការចង់បានរបស់ខ្លួន។ បែបនេះក្ដី លោកមិនទាន់សន្យា ឬកំណត់គោលដៅស្វែងរកចំណាត់ថ្នាក់ណាមួយឡើយ តែអ្វីដែលលោកប្ដេជ្ញា គឺការព្យាយាមធ្វើឲ្យបានល្អបំផុត ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។
គ្រូបង្វឹកសញ្ជាតិអៀរឡង់ដដែលបន្ដថា «រឿងបន្ថែមកីឡាករថ្មីទៀត (ក្រោយបង្ហាញកីឡាករបរទេស ៤រូប) ចាំសួរប្រធានក្លិបសិន និងចាំអ៊ុតលទ្ធផលតាមក្រោយ។ បន្ទាប់ពីធ្វើការជាមួយ ISI ខ្ញុំឃើញបរិយាកាសក្នុងក្រុមពិតជាល្អ ហើយប្រធានក្លិបបានផ្ដល់អ្វីៗទាំងអស់ដែលខ្ញុំចង់បាន ។ ខ្ញុំអត់មានលេស ឬអ្វីត្រូវប្រកែកទេ តែខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ហើយលទ្ធផល គឺចាំមើលតើការប្រកួតរបស់យើង បញ្ចប់រដូវកាលដោយបែបណា?
ទន្ទឹមជាមួយគ្នាដែរ កីឡាករ Shimizu Shintaro បានសម្ដែងការសប្បាយរីករាយ ដែលបានត្រឡប់មកប្រកបអាជីពជាថ្មីនៅកម្ពុជា ដែលប្រៀបដូចកាលត្រឡប់មកផ្ទះវិញ បន្ទាប់ពីខ្លួនបានរងរបួសដាច់សរសៃជង្គង់ (ACL) កំឡុងពេលលេងឲ្យភ្នំពេញក្រោន កាលពីរដូវកាលឆ្នាំ២០២៣/២៤ ។ ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ ត្រៀមខ្លួនរួចរាល់ ក្នុងការបង្ហាញនូវអ្វីដែលខ្លួនមាន និងអាចធ្វើបាន សម្រាប់ការចាប់ផ្ដើម និងបង្កើតប្រវត្តិសាស្ដ្រជាមួយ ISI ដង្កោសែនជ័យ។
ទន្ទឹមជាមួយការវិនិយោគលើការនាំចូលកីឡាករល្អៗជាច្រើននេះ នៅល្ងាចថ្ងៃដដែល ក្រុមមានមូលដ្ឋាននៅតំបន់វេងស្រេងនេះ ក៏បានចុះអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហការឧបត្ថម្ភ ជាមួយធគារប្រៃសណីយ៍កម្ពុជា ដែលជាជំហានយុទ្ធសាស្ដ្រដ៏សំខាន់មួយ ក្នុងការរួមចំណែកកសាងសហគមន៍ឲ្យកាន់តែរឹងមាំ និងបង្កើតឱកាសសម្រាប់អនាគតកាន់តែប្រសើរ ។ ពិធីចុះហត្ថលេខារវាងស្ថាប័នទាំងពីរនេះ ធ្វើឡើងក្រោមវត្តមានលោក កាំង សេន ប្រធានក្លិប ISI ដង្កោសែនជ័យ និងលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា៕











