បែកធ្លាយទិន្នន័យអតិថិជនក្រុមហ៊ុនផ្តល់សេវាកម្មគ្រីបតូ ជិត ៤ម៉ឺននាក់ ដោយសារកំហុសបច្ចេកទេស
17-08-2026 10:05
(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្មកាបូបលុយគ្រីបតូ (Crypto Wallet) ដ៏ល្បីល្បាញ SafePal កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ បានប្រកាសជាផ្លូវការអំពីឧប្បត្តិហេតុសន្តិសុខបច្ចេកវិទ្យា ដែលបានធ្វើឱ្យលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនជិត ៤០,០០០ នាក់។ តាមការបញ្ជាក់ពីក្រុមហ៊ុន SafePal ការលេចធ្លាយនេះបណ្តាលមកពីកំហុសបច្ចេកទេស (Authorization flaw) នៅលើកម្មវិធីបន្ថែមសម្រាប់តាមដានការបញ្ជាទិញ (Order-tracking plugin) របស់ក្រុមហ៊ុន។
ក្រុមហ៊ុន SafePal បានគូសបញ្ជាក់យ៉ាងច្បាស់ថា ទ្រព្យសម្បត្តិគ្រីបតូរបស់អតិថិជនមិនត្រូវបានប៉ះពាល់ ឬបាត់បង់នោះឡើយ។ ដោយឡែកសម្រាប់ ទិន្នន័យដែលបានលេចធ្លាយរួមមាន ឈ្មោះ, អាសយដ្ឋានអ៊ីមែល (Email), អាសយដ្ឋានដឹកជញ្ជូន, លេខទូរស័ព្ទ និងព័ត៌មានលម្អិតអំពីការបញ្ជាទិញ។ អតិថិជនដែលរងផលប៉ះពាល់ គឺជាអ្នកដែលបានបញ្ជាទិញផលិតផល ឬឧបករណ៍ Hardware Wallet ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។ យ៉ាងណាមិញ សម្រាប់ទិន្នន័យសុវត្ថិភាពសំខាន់ៗ ដូចជា សោសម្ងាត់ (Private Keys), ឃ្លាស្តារកាបូបលុយ (Seed Phrases), ពាក្យសម្ងាត់ (Passwords), ព័ត៌មានគណនីធនាគារ, ឬលេខប័ណ្ណទូទាត់ប្រាក់ មិនត្រូវបានលេចធ្លាយ ឬជ្រៀតចូលបានឡើយ ដោយសារប្រព័ន្ធរក្សាសោសុវត្ថិភាព (Cold Storage) ត្រូវបានបែងចែកដាច់ដោយឡែកពីប្រព័ន្ធលក់ទំនិញតាមអ៊ីនធឺណិត។
ទោះបីជាលុយឌីជីថលមិនបាត់បង់ដោយផ្ទាល់ ប៉ុន្តែទិន្នន័យអត្តសញ្ញាណដែលលេចធ្លាយអាចត្រូវចោរព័ត៌មានវិទ្យាយកទៅប្រើប្រាស់ដើម្បីឆបោក (Phishing)។ SafePal បានព្រមានអតិថិជនឱ្យប្រុងប្រយ័ត្នចំពោះ៖
១៖ ការទាក់ទងមកតាមអ៊ីមែល សារ SMS ឬការខលទូរស័ព្ទក្លែងបន្លំធ្វើជាបុគ្គលិក SafePal។
២៖ ការល្បួងឱ្យប្តូរ ឬធ្វើបច្ចុប្បន្នភាព Firmware ក្លែងក្លាយ ឬការផ្តល់ជូនប្រាក់សងវិញ (Refund)។
៣៖ គេហទំព័រក្លែងក្លាយដែលទាមទារឱ្យបញ្ចូល Seed Phrase ឬ Private Key។
ឆ្លើយតបនឹងហេតុការណ៍នេះ SafePal បានកែប្រែ និងបិទចន្លោះប្រហោងសុវត្ថិភាពនោះរួចរាល់ហើយ ព្រមទាំងបានពង្រឹងប្រព័ន្ធការពារបន្ថែម។ ក្រុមហ៊ុនបានលុបគេហទំព័រក្លែងក្លាយ និងតំណភ្ជាប់ឆបោកជាង ៣០ គេហទំព័រចេញពីប្រព័ន្ធអ៊ីនធឺណិត។ ក្រុមហ៊ុននេះក៏បានផ្ញើអ៊ីមែលផ្ទាល់ទៅកាន់អតិថិជនដែលរងផលប៉ះពាល់ និងបានបង្កើតទំព័រផ្ទៀងផ្ទាត់ (Verification Page) ឱ្យអតិថិជនចូលទៅពិនិត្យមើលថាតើលេខបញ្ជាទិញ (Order Number) របស់ខ្លួនស្ថិតក្នុងចំណោមទិន្នន័យដែលលេចធ្លាយឬយ៉ាងណា៕











