Nvidia ត្រៀមបោះទុន ៣ពាន់លានដុល្លារ លើគម្រោងមជ្ឈមណ្ឌលទិន្នន័យ AI ដ៏ធំសម្បើមរបស់ OpenAI នៅអាមេរិក

17-08-2026 11:28

(បរទេស)៖ សារព័ត៌មាន The Information បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia កំពុងស្ថិតក្នុងការចរចាដើម្បីវិនិយោគទឹកប្រាក់រហូតដល់ ៣ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន SB Energy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SoftBank Group។ ការវិនិយោគនេះ ធ្វើឡើងដើម្បីគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលទិន្នន័យ (Data Center) ដ៏ធំមួយនៅរដ្ឋ Ohio សម្រាប់ក្រុមហ៊ុន OpenAI ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងយ៉ាងគំហុកនៃបច្ចេកវិទ្យា AI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ផ្អែកតាមប្រភពស្និទ្ធនឹងការពិភាក្សានេះ ការវិនិយោគ ៣ ពាន់លានដុល្លាររបស់ Nvidia នឹងត្រូវបែងចែកជាពីរដំណាក់កាល ដោយពាក់កណ្តាលដំបូងនឹងត្រូវផ្តល់ជូននៅពេលកិច្ចព្រមព្រៀងគម្រោងនៅ Ohio ត្រូវបានចុះហត្ថលេខាជាផ្លូវការ ហើយពាក់កណ្តាលទៀតនឹងធ្វើឡើងតាមរយៈការទិញភាគហ៊ុន ពេលដែល SB Energy បោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) នាខែក្រោយនេះ ដែលរំពឹងថានឹងអាចរៃអង្គាសប្រាក់បានយ៉ាងហោចណាស់ ៥ ពាន់លានដុល្លារ។ គួររំលឹកថា SB Energy ជាក្រុមហ៊ុនបង្កើតឡើងក្នុងឆ្នាំ២០១៩ ដែលជំនាញលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល និងមជ្ឈមណ្ឌលទិន្នន័យទ្រង់ទ្រាយធំ។

ទន្ទឹមនឹងនេះ គម្រោងមជ្ឈមណ្ឌលទិន្នន័យនេះក៏ជាផ្នែកមួយនៃការចរចាទ្រង់ទ្រាយធំជាងនេះផងដែរ ដោយសារព័ត៌មានខាងលើបានគូសបញ្ជាក់ថា៖ «ការវិនិយោគដែលបានស្នើឡើងនេះ គឺជាផ្នែកមួយនៃការចរចារវាង Nvidia ជាមួយ OpenAI និង SB Energy លើការផ្តល់ការគាំទ្រផ្នែកឥណទានប្រមាណ ១០០ ពាន់លានដុល្លារ សម្រាប់តំបន់មជ្ឈមណ្ឌលទិន្នន័យដែលបានរៀបចំទុកនៅរដ្ឋ Ohio នេះ»

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រ សារព័ត៌មាន The Wall Street Journal បានកត់សម្គាល់បន្ថែមថា Nvidia បានកែសម្រួលផែនការរបស់ខ្លួនក្នុងការគាំទ្រគម្រោងមជ្ឈមណ្ឌលទិន្នន័យនេះ ដោយពេលនេះត្រូវបានរំពឹងថានឹងធានាឥណទានដំបូងក្នុងទំហំតិចជាង ១២០ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះពីចំនួន ២៥០ ពាន់លានដុល្លារដែលបានពិភាក្សានាពេលមុន ខណៈភាគីក្រុមហ៊ុន Nvidia និង SB Energy មិនទាន់បានចេញមុខឆ្លើយតបភ្លាមៗចំពោះសេចក្តីរាយការណ៍ទាំងនេះនៅឡើយទេ៕