សាលាអន្តរជាតិ ចុងអ៊ីង រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៥–២០២៦ បង្ហាញសមិទ្ធផលអប់រំ និងត្រៀមពង្រីកបន្ថែម ២សាខា

17-08-2026 13:18

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ សាលាអន្តរជាតិ ចុងអ៊ីង (ZhongYing International School) បានរៀបចំ «ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា ២០២៥–២០២៦» ក្រោមអធិបតីភាព ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ប្រធាននាយក V-RITH Group និងលោក Martin Derby នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។

ពិធីនេះត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ព្រមទាំងឆ្លុះបញ្ចាំងពីសមិទ្ធផល និងវឌ្ឍនភាពសំខាន់ៗរបស់សាលាក្នុងឆ្នាំសិក្សា ២០២៥–២០២៦ ក្រោយពីបានបន្តពង្រឹងគុណភាពអប់រំ និងពង្រីកឱកាសសិក្សាសម្រាប់សិស្សានុសិស្សជាបន្តបន្ទាប់។

ក្រោមការដឹកនាំរបស់ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ សាលាអន្តរជាតិ ចុងអ៊ីង បានបន្តអភិវឌ្ឍកម្មវិធីសិក្សា ពង្រឹងស្តង់ដារអប់រំ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំជាតិ និងអន្តរជាតិ ដើម្បីបង្កើនឱកាសសិក្សា និងត្រៀមសិស្សានុសិស្សឱ្យមានសមត្ថភាពសម្រាប់ការសិក្សាកម្រិតខ្ពស់ និងអនាគតការងារ។

ក្នុងចំណោមសមិទ្ធផលសំខាន់ៗ សាលាបានទទួលអាជ្ញាប័ណ្ណសម្រាប់រៀបចំការប្រឡង Oxford AQA រួមមាន IGCSE, AS និង A-Level ព្រមទាំងការប្រឡងភាសាអង់គ្លេស Oxford Test of English។ សាលាក៏ទទួលបានអាជ្ញាប័ណ្ណសម្រាប់រៀបចំការប្រឡងភាសាចិន HSK ពីវិទ្យាស្ថានខុងជឺ និងបន្តពង្រីកកិច្ចសហការ និងភាពជាដៃគូជាមួយស្ថាប័នអប់រំជាច្រើន។

ជាមួយគ្នានេះ សាលាក៏បានបន្តអភិវឌ្ឍកម្មវិធីសិក្សា និងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Queensland ប្រទេសអូស្ត្រាលី ដើម្បីបង្កើតឱកាសឱ្យសិស្សានុសិស្សទទួលបានបទពិសោធន៍សិក្សា ការអភិវឌ្ឍជំនាញ និងការយល់ដឹងពីបរិយាកាសអប់រំអន្តរជាតិ។

សមិទ្ធផលទាំងនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សាលាអន្តរជាតិ ចុងអ៊ីង ក្នុងការលើកកម្ពស់ស្តង់ដារអប់រំ បង្កើតឱកាសសិក្សាទាំងកម្រិតជាតិ និងអន្តរជាតិ ព្រមទាំងត្រៀមសិស្សានុសិស្សឱ្យមានចំណេះដឹង សមត្ថភាព និងជំនាញចាំបាច់ ដើម្បីអាចប្រកួតប្រជែង និងចាប់យកឱកាសថ្មីៗនាពេលអនាគត។

ទន្ទឹមនឹងសមិទ្ធផលផ្នែកអប់រំ កំណើននៃចំនួនសិស្ស ការពង្រីកសាខា និងការគាំទ្រពីមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក៏ជាកត្តាសំខាន់ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់សាលាផងដែរ។ វឌ្ឍនភាពទាំងនេះ កើតចេញពីកិច្ចសហការរួមគ្នារបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់។

សម្រាប់ឆ្នាំសិក្សាបន្ទាប់ សាលាអន្តរជាតិ ចុងអ៊ីង ក៏មានគម្រោង ពង្រីកបន្ថែមចំនួន ២សាខា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអប់រំដែលកំពុងកើនឡើង និងពង្រីកឱកាសឱ្យសិស្សានុសិស្សកាន់តែច្រើនអាចទទួលបានការអប់រំប្រកបដោយគុណភាព។

សាលាអន្តរជាតិ ចុងអ៊ីង (ZhongYing International School) គឺជាសាលាអន្តរជាតិ ៣ភាសា រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលផ្តោតលើការផ្តល់ការអប់រំប្រកបដោយគុណភាព ការអភិវឌ្ឍចំណេះដឹង សមត្ថភាព និងជំនាញរបស់សិស្សានុសិស្ស ដើម្បីត្រៀមពួកគេសម្រាប់ការសិក្សា អាជីព និងឱកាសនានានាពេលអនាគត៕

សម្រាប់ព៍ត៌មានលម្អិតសូមធ្វើការទំនាក់ទំនងលេខទូរស័ព្ទ៖ ០៧៧ ៦៣ ៥០០០ និង ០៨៦ ៦៣ ៥០០០