ម្ចាស់ពាន «CAMBO RAPPER លោក AK-K» ទទួលបានថវិកាបន្ថែមសម្រាប់ចំណាយលើការព្យាបាលពីផលិតកម្ម Galaxy Navatra ក្រុមហ៊ុន Khmer Beverages និងតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត
17-08-2026 13:55
(ភ្នំពេញ)៖ ដោយមិនឈរឱបដៃមើល ក្រុមការងារផលិតកម្ម Galaxy Navatra និងក្រុមហ៊ុន Khmer Beverages បានចុះទៅសួរសុខទុក្ខក៏ដូចជានាំយកថវិកាមួយចំនួន ជូនដល់ម្តាយរបស់ម្ចាស់ពាន CAMBO RAPPER លោក AK-K ដើម្បីជួយសម្រាលថ្លៃព្យាបាលជំងឺ ។
មកទល់ពេលនេះមានរយៈពេលជិតបីខែហើយ ដែលម្ចាស់ពាន CAMBO RAPPER លោក AK-K ជួបគ្រោះថ្នាក់ចរាចរណ៍ បើទោះបីជាពេលនេះស្ថានភាពសុខភាពរបស់លោក មិនទាន់បានល្អប្រសើរនិងវិលមកសភាពដើមក៏ពិតមែន ប៉ុន្តែក្រុមការងារផលិតកម្ម Galaxy Navatra និងក្រុមហ៊ុន Khmer Beverages នៅតែបន្តជួយតារាចម្រៀងរ៉េប លោក AK-K យ៉ាងសស្រះសស្រាំ ដោយបាននាំយកថវិកាជួយសម្រាលថ្លៃព្យាបាលជំងឺជាបន្តទៀត។ ក្នុងនោះដែរក៏មានតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានជួយជាថវិកាផ្ទាល់ខ្លួនមួយចំនួនដល់តារាចម្រៀងរ៉េប លោក AK-K ផងដែរ ។
តាមរយៈរូបភាពមួយចំនួនដែលទស្សនិកជនបានឃើញស្រាប់ គឺជាសកម្មភាពដែលក្រុមការងារផលិតកម្ម Galaxy Navatra និងក្រុមហ៊ុន Khmer Beverages ចុះសួរសុខទុក្ខនិងនាំយកថវិកាជូនម្តាយរបស់លោក AK-K នៅគេហដ្ឋានផ្ទាល់ ដើម្បីជួយសម្រាលថ្លៃព្យាបាលកាលពីប៉ុន្មានថ្ងៃមុន។ ម្តាយរបស់តារាចម្រៀងរ៉េប AK-K បានសម្តែងនូវការត្រេអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមការងារផលិតកម្ម Galaxy Navatra និងក្រុមហ៊ុន Khmer Beverages ព្រមទាំងតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ដែលបានផ្តល់នូវថវិកាជួយសម្រាលក្នុងការព្យាបាលជំងឺកូនប្រុសរបស់អ្នកស្រី ។
គួរបញ្ជាក់ផងដែរថា ស្ថានភាពសុខភាពរបស់តារាចម្រៀងរ៉េប AK-K ពេលនេះគឺបានល្អប្រសើរច្រើន ប៉ុន្តែជើងមិនទាន់អាចដើរបាននៅឡើយទេ។
សូមរំឭកថាតាំងថ្ងៃកើតហេតុគ្រោះថ្នាក់ ក្រុមការងារផលិតកម្ម Galaxy Navatra បានស្វះស្វែងទំនាក់ទំនងជាមួយអាជ្ញាធរ ដើម្បីដោះស្រាយជាមួយភាគីបង្កហេតុ និងពិនិត្យព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព មុនចាកចេញទៅព្យាបាលនៅប្រទេសវៀតណាមមួយរយៈ។
ទាំងមិត្តសិល្បករក៏ដូចជាអ្នកគាំទ្រ បានផ្ញើសារជូនពរតារាចម្រៀងរ៉េប AK-K ឆាប់ជាសះស្បើយ និងបានវិលត្រឡប់មកកាន់វិស័យចម្រៀង និងបន្តក្តីស្រមៃខ្លួនឡើងវិញក្នុងពេលឆាប់ៗ៕










