ចិនបំបែកកំណត់ត្រាពិភពលោក៖ រថភ្លើង Maglev រត់បានល្បឿនជិត ៨០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយប្រើពេលត្រឹម ៥.៣ វិនាទី
17-08-2026 14:18
(បរទេស)៖ រថភ្លើងដើរដោយថាមពលម៉ាញេទិច ដែលមានឈ្មោះថា «Maglev» ទម្ងន់ប្រមាណ ១.១១០ គីឡូក្រាម បានបង្កើនល្បឿនពីចំណុចសូន្យ ទៅដល់៨០០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ថិរវេលាត្រឹមតែ ៥.៣ វិនាទីប៉ុណ្ណោះ នៅលើផ្លូវសាកល្បងប្រវែង ១គីឡូម៉ែត្រ នៃមន្ទីរពិសោធន៍ Donghu ក្នុងខេត្ត Hubei ប្រទេសចិន។
ការរត់សាកល្បងនេះ បានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយទៀត លើការបង្កើនល្បឿនរថភ្លើង Maglev រយៈចម្ងាយខ្លី ដែលជាការបំបែកកំណត់ត្រាលើកទី៣ហើយ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ ការសាកល្បងនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើបច្ចេកវិទ្យារុញច្រានដោយអេឡិចត្រូម៉ាញេទិច ប្រព័ន្ធលើកទប់រថភ្លើង (Levitation) ប្រព័ន្ធកំណត់ទីតាំង និងបច្ចេកវិទ្យាហ្វ្រាំង។ កម្លាំងម៉ាញេទិច បានលើកទប់រងភ្លើងឱ្យរត់លើផ្លូវ ដែលជួយលុបបំបាត់ការកកិតរវាងកង់ និងផ្លូវដែកទាំងស្រុង ខណៈដែលប៊ូប៊ីនអេឡិចត្រូម៉ាញេទិច (Electromagnetic Coils) បានបង្កើតរលកម៉ាញេទិចរុញច្រានយានឱ្យស្ទុះទៅមុខយ៉ាងលឿន។ បន្ទាប់ពីស្ទុះដល់ល្បឿនអតិបរមា ៨០០គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងនេះបានឈប់ដោយរលូន ក្នុងចម្ងាយផ្លូវត្រឹមតែប្រមាណ ២០០ម៉ែត្រប៉ុណ្ណោះ។ បន្ថែមពីនេះ ការឃ្លាត ឬញ័រនៃផ្លូវរថភ្លើងត្រូវបានគ្រប់គ្រង និងកាត់បន្ថយមកត្រឹមតែ ០.៥ មីលីម៉ែត្រប៉ុណ្ណោះ។
គួរជម្រាបថា បច្ចេកវិទ្យាដ៏ទំនើបនេះ អាចនឹងក្លាយជាគ្រឹះយ៉ាងសំខាន់ក្នុងការគាំទ្រដល់ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនខ្លាំងនាពេលអនាគត ហើយក៏អាចនឹងត្រូវយកទៅកែច្នៃប្រើប្រាស់សម្រាប់ប្រព័ន្ធបាញ់រ៉ុក្កែត ឬយន្តហោះចម្បាំងដោយថាមពលអេឡិចត្រូម៉ាញេទិចផងដែរ៕








