«១លានក្តីស្រឡាញ់» នាំយកនូវពន្លឺសូឡា ១លានវ៉ាត់ និងដើមឈើលើផ្ទៃដីទំហំ ១​លានម៉ែត្រការ៉េ ជូនដល់សាលាបឋមសិក្សាព្រៃសរ

17-08-2026 14:34

(ភ្នំពេញ)៖ ដើម្បីកែលម្អបរិយាកាសជុំវិញសាលារៀន ឱ្យកាន់តែមានសោភ័ណភាព លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភពន្លឺសូឡា ១លានវ៉ាត់ និងដើមឈើលើផ្ទៃដីទំហំ ១លានម៉ែត្រការ៉េ ដោយផ្ទាល់ ដើម្បីធានាបាននូវកន្លែងសិក្សាដែលស្អាត មានធម្មជាតិបៃតង ផ្តល់នូវសុវត្ថិភាព និងផាសុកភាពដល់កុមារ។

អត្ថន័យរបស់គម្រោង «១លានក្តីស្រឡាញ់» របស់ ខ្មែរ ប៊ែវើរីជីស ប្រៀបដូចជាសកម្មភាពតូចៗផ្តុំគ្នាបង្កើតបានជាពន្លឺយ៉ាងភ្លឺស្វាង សម្រាប់អនាគតកុមារគ្រប់រូប។ តួយ៉ាងដូចជាការឧបត្ថម្ភនូវបង្គោលភ្លើងសូឡា​ថាមពល​ ១​លានវ៉ាត់សម្រាប់បំភ្លឺសុវត្ថិភាព​ និងកូនឈើ​បៃតងលើផ្ទៃដីទំហំ ១លានម៉េត្រការ៉េ និងធុងសំរាមជូនសាលារៀន ដែលនឹងបណ្តុះស្មារតីស្រឡាញ់អនាម័យ និងបរិស្ថានស្អាត ដល់កុមារចាប់តាំងពីវ័យក្មេង។

ខ្មែរ ប៊ែវើរីជីស ជឿជាក់ថា ការផ្តល់បរិយាកាសសិក្សាល្អដល់កុមារ គឺជាក្តីស្រឡាញ់ដ៏មានន័យ និងជាស្ពានចម្លងពួកគេឱ្យក្លាយជា ធនធានមនុស្សដ៏ល្អក្នុងសង្គម។ កាលពីដើមឆ្នាំ២០២៦ ក្រុមហ៊ុនបានឧបត្ថម្ភដល់សាលាបឋមសិក្សាព្រៃស រួមទាំងកសាងសង់អគារសិក្សាចំនួន ១ខ្នង កម្ពស់ ៣ជាន់ ព្រមទាំងរបងសាលា ដោយចំណាយថវិកាសរុបជាង ៤០ម៉ឺនដុល្លារអាមេរិក។ ​

ក្រៅពីទីតាំងនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុនមេ ជីប ម៉ុង ក៏បានឧបត្ថម្ភសាងសង់អគារសិក្សាចំនួន ៥ ទីតាំង ផ្សេងទៀត ដែលស្ថិតនៅតាមបណ្តាខេត្តជាប់ព្រំដែនបានចំណាយថវិកាជាង ១លានដុល្លារ ដើម្បីសាងសង់អគារសិក្សា៕