សោកស្ដាយឥណ្ឌូនេស៊ី ខកខានប្រជែងពានសម្ដេចធិបតី តែមន្ដ្រីសហព័ន្ធបាល់ទះ រីករាយនឹងការប្រកួតមិត្តភាពដ៏កម្រ

17-08-2026 20:08

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញបេក្ខភាពចូលរួមព្រឹត្តិការណ៍បាល់ទះពានរង្វាន់ «សម្ដេចធិបតី» រដូវកាលទី២ ឆ្នាំ២០២៦ នាចុងសប្ដាហ៍នេះហើយ ដោយមាន ៤ក្រុម ក្នុងនោះក្រុមម្ចាស់ផ្ទះកម្ពុជា ២ក្រុម គឺក្រុមឈុត A និងឈុត B នៃក្រុមជម្រើសជាតិកម្ពុជា, ក្រុម MBSA មកពីម៉ាឡេស៊ី និងក្រុម Dong Hai មកពីវៀតណាម ខណៈក្រុមជម្រើសជាតិឥណ្ឌូនេស៊ី មិនអាចចូលរួមព្រឹត្តិការណ៍នេះបានឡើយ តែពួកគេនឹងមកប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ប្រកួត ជាមួយក្រុមធំជម្រើសជាតិកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៧ ខែសីហានេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា ពានសម្ដេចធិបតី លើកទី២ គ្រោងនឹងធ្វើការប្រកួតពីថ្ងៃទី១៩-២៣ ខែសីហាខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ដំបូងឡើយព្រឹត្តិការណ៍នេះ គ្រោងមានបេក្ខភាព ៥ក្រុមចូលរួម បូកទាំងឥណ្ឌូនេស៊ី ប៉ុន្ដែសោកស្ដាយ ដោយសារការប្រកួតនេះ ស្ថិតក្នុងរដូវកាលប្រមូលផ្ដុំជម្រើសជាតិ ដែលបណ្ដាប្រទេសនានា មិនអាចប្រកួតពានរង្វាន់បាន គឺបានត្រឹមប្រកួតលក្ខណៈមិត្តភាព។

បែបនេះក្ដីលោកនៅតែរីករាយ ចំពោះការសម្រេចចិត្តដោយមិនស្ទាក់ស្ទើរក្នុងការធ្វើដំណើរមកកម្ពុជារបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ទោះមិនអាចចូលរួមប្រកួតពានរង្វាន់ខាងលើ តែពួកគេនឹងត្រូវប្រកួតមិត្តភាពចំនួន ២ប្រកួតទល់ក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី១៩ និងថ្ងៃទី២៥ ខែសីហាខាងមុខ។ លោកប្រៀបធៀបការប្រកួតនេះ គឺជាជំនួបមិត្តភាពដ៏កម្រ ដ្បិតឥណ្ឌូនេស៊ី ត្រូវចេញទៅបោះជំរុំហ្វឹកហាត់នៅប្រទេសជប៉ុន ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាអាស៊ី នាខែកញ្ញា តែពួកគេបានសម្រេចមកប្រកួតមិត្តភាពនៅកម្ពុជាវិញ ដែលបង្ហាញពីសក្ដានុពលបាល់ទះកម្ពុជាបច្ចុប្បន្ន។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែលបន្ដថា «ខ្ញុំជឿថា ឥណ្ឌូនេស៊ី ក្រៅពីកម្ពុជា ក៏ពិបាកមកដែរ ជាក់ស្ដែងខ្ញុំបានជជែកជាមួយគណៈគ្រូឥណ្ឌូនេស៊ី គាត់ចង់ទៅបោះជំរុំនៅក្រៅប្រទេសទេ ដើម្បីត្រៀមកីឡាអាស៊ី។ ប៉ុន្ដែដោយការស្នើចង់សាកល្បងវិជ្ជាគុណជាមួយគ្នាម្ដងទៀត ក្រោយជំនួបដ៏កក្រើកនៅ SEA V.Cup កាលពីថ្មីៗ ទើបគាត់មក មានន័យថា គាត់បានទទួលស្គាល់ពីភាពរីកចម្រើនរបស់អត្តពលិកកម្ពុជា ព្រោះបើមកប្រកួតមិត្តភាពជាមួយបណ្ដាប្រទេសមិនប្រហាក់ប្រហែល ខ្ញុំជឿថា គាត់អត់មកទេ ព្រោះអត់ចំណេញទេ ។ អ៊ីចឹងគាត់ទៅបោះជំរុំនៅជប៉ុនតាមផែនការរបស់គាត់ តែផ្ទុយទៅវិញ ផ្អែកលើទំនាក់ទំនងកាទូតកីឡាល្អជាមួយពួកគាត់ ផ្អែកលើគុណភាពកីឡាបាល់ទះកម្ពុជាអាចឲ្យគាត់មានឱកាសក្នុងការហ្វឹកហាត់ និងសម្រួចសមត្ថភាពរបស់គាត់បាន ទើបគាត់មក។ នេះជាអ្វីដែលខ្ញុំមានមោទនភាព»។

គួរដឹងថា ក្នុងចំណោមបេក្ខភាព ៤ក្រុម ដែលត្រូវប្រជែងពានរង្វាន់ «សម្ដេចធិបតី» លើកទី២ នឹងត្រូវធ្វើការប្រកួតវិលជុំ ពីថ្ងៃទី១៩-២១ ខែសីហា មុនឈានដល់វគ្គខ្វែង ក្រុមលេខ១ ជួបលេខ៤ និងលេខ២ ជួបលេខ៣ នាថ្ងៃទី២២-សីហា ហើយក្រុមឈ្នះ ត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមពាននាថ្ងៃទី២៣ ខែសីហា។ រីឯជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នឹងត្រូវជួបគ្នាលើកទី១ ក្នុងពិធីបើកពាននាល្ងាចថ្ងៃទី១៩ ខែសីហា និងការប្រកួតមិត្តភាពលើកទី២ នាថ្ងៃទី២៥ ខែសីហា។ ការប្រកួតនេះ ក៏នឹងមានលក់សំបុត្រ ដើម្បីកៀរគរមូលនិធិសម្រាប់បែងចែកមួយផ្នែកជួយដល់វីរកងទ័ពជួរមុខ មួយផ្នែកជួយដល់បងប្អូនជនភៀសសឹក និងមួយផ្នែកបរិច្ចាគជួយដល់មន្ទីរពេទ្យកុមារ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បញ្ជាក់ថា ទោះបីឥណ្ឌូនេស៊ីមិនអាចចូលរួមប្រកួតពានសម្ដេចធិបតី តែកម្ពុជា ក៏មិនងាយនឹងប្រជែងពាននេះដែរ ដ្បិតក្រុមត្រូវបានសហព័ន្ធអញ្ជើញចូលរួម សុទ្ធសឹងជាក្រុមខ្លាំង និងមានកីឡាករបរទេសមានគុនភាពខ្ពស់ចូលរួម ហើយលើសពីការប្រកួតប្រជែង ក៏ជាវេទិកាសម្រាប់វាស់ស្ទង់ និងដុសខាតសមត្ថភាពអត្តពលិកជម្រើសជាតិកម្ពុជា ដែលខិតខំហ្វឹកហាត់កន្លងមក។ ការណ៍នេះ ទើបសហព័ន្ធសម្រេចបែងចែកក្រុមជម្រើសជាតិកម្ពុជា ជា ២ក្រុម ដើម្បីចូលរួម និងក្រេបយកអត្ថប្រយោជន៍ពីព្រឹត្តិការណ៍អន្ដរជាតិនេះ៕