ភ្នំពេញក្រោន៖ ក្រុមបុរសលើកពានមិត្តភាពនៅម៉ាឡេស៊ី តែក្រុមនារី បរាជ័យក្នុងជំនួបបើកឆាកវគ្គជម្រុះពាន AFC Women’s League នៅកៀគីស្ថាន

18-08-2026 13:19

(ភ្នំពេញ)៖ ក្រុមបាល់ទាត់បុរស និងនារី នៃក្លិបភ្នំពេញក្រោន បានសម្រេចលទ្ធផលផ្ទុយគ្នា ក្នុងព្រឹត្តិការណ៍អន្ដរជាតិ ២ផ្សេងគ្នានាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដោយក្រុមបុរស បានលើកពានលក្ខណៈមិត្តភាពអន្ដរជាតិ នៅម៉ាឡេស៊ី គ្រាដែលក្រុមនារី បានរបូត ៣ពិន្ទុក្នុងការប្រកួតបើកឆាកពូល B នៃវគ្គជម្រុះបឋមពានរង្វាន់ក្លិបបាល់ទាត់នារីអាស៊ី AFC Women’s Champions League 2026/27 នៅទីក្រុង Bishkek ប្រទេសកៀគីស្ថាន។

ក្រុមបុរសភ្នំពេញក្រោន បានចូលរួមប្រកួតពានរង្វាន់លក្ខណៈមិត្តភាពអន្ដរជាតិ International 4 Triangle Tournament Malacca Governor's 76th Anniversary Cup 2026 ដែលមាន ៤ក្រុមមកពី ៤ប្រទេសចូលរួម។ ជាលទ្ធផលក្រុមតំណាងពីប្រទេសកម្ពុជានេះ ធ្វើបានយ៉ាងល្អដោយបានយកឈ្នះក្រុម Persik Kediri FC របស់ឥណ្ឌូនេសុី ដោយលទ្ធផល ៤-០ នៅវគ្គខ្វែង មុនបន្ដយកឈ្នះក្រុម Melaka FC ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៣-១ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ១-១ កាលពីរាត្រីថ្ងៃចន្ទម្សិលមិញ។

ចំណែកក្រុមនារីភ្នំពេញក្រោនវិញ កំពុងបំពេញបេសកកម្មប្រកួតជម្រុះពានរង្វាន់ AFC Women’s Champions League 2026/27 នៅប្រទេសកៀគីស្ថាន ដែលមានគូប្រជែង ៣ក្រុមផ្សេងទៀត នៅក្នុងពូល B ក្នុងនោះមានក្រុម TSL FC មកពីហុងកុង, ក្រុម Kaya FC-Iloilo មកពីហ្វីលីពីន និងក្រុម FC Ilbirs របស់ម្ចាស់ផ្ទះកៀគីស្ថាន ដែលត្រូវលេងវិលជុំ ចាប់ពីថ្ងៃទី១៧-២៣ ខែសីហា ដើម្បីស្វែងរកក្រុមខ្លាំង ១ក្រុមឡើងទៅវគ្គចែកពូល។

ជាលទ្ធផលការប្រកួតបើកឆាកកាលពីល្ងាចថ្ងៃទី១៧ ខែសីហា ក្រុមជើងឯកលីគនារីកម្ពុជា បានរងបរាជ័យទល់នឹងក្រុម TSL FC ដោយលទ្ធផល ២-០។ ការរបូត ៣ពិន្ទុនេះ នឹងក្លាយជាសម្ពាធដ៏ធំសម្រាប់ក្រុមនារីភ្នំពេញក្រោន ក្នុងការប្រជែងកៅអីវគ្គបន្ដ ទោះបីនៅសល់ ២ប្រកួតក្នុងដៃ គ្រាដែលប្រកួតបន្ទាប់ នឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមខ្លាំងហ្វីលីពីន Kaya FC-Iloilo ដែលទើបយកឈ្នះក្រុមម្ចាស់ផ្ទះ FC Ilbirs របស់កៀគីស្ថាន ដោយលទ្ធផល ៦-០ កាលពីយប់មិញ៕