ហាប់គីដូ ប្រែពីកីឡាហាត់សុខភាព និងការពារខ្លួន ក្លាយជាកីឡាប្រកួតប្រជែងមេដាយជូនជាតិ ពីព្រឹត្ដិការណ៍គ្រប់កម្រិតលើពិភពលោក
18-08-2026 14:17
(ភ្នំពេញ)៖ កីឡាហាប់គីដូ ដែលផ្ដោតលើការហ្វឹកហាត់ ដើម្បីលើកកម្ពស់សុខភាព បញ្ញាស្មារតី និងរាងកាយ រហូតត្រូវបានជំរុញការហ្វឹកហាត់ ដើម្បីមានវិជ្ជាការពារខ្លួន ពេលនេះបានប្រែមុខមាត់ថ្មី និងបោះជំហានទៅរកភាពជោគជ័យថ្មីបន្ថែមទៀត ក្នុងការចូលរួម និងដណ្ដើមមេដាយជូនជាតិមាតុភូមិ តាមរយៈការចូលរួមព្រឹត្តិការណ៍អន្ដរជាតិជាប់ៗគ្នា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
នេះបើតាមការលើកឡើងរបស់លោក គួច ហុងជៀក ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងឱកាសទទួលស្វាគមន៍ប្រតិភូ និងអត្តពលិកកីឡាហាប់គីដូកម្ពុជានាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រោយបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៦ នៅទីក្រុងហុងកុង កាលពីថ្មីៗ ដ៏ជោគជ័យ ដោយបាននាំមកជាមួយនូវមេដាយសរុប ៣៥គ្រឿង (មាស ១២ ប្រាក់ ៩ និងសំរឹទ្ធ ១៤)។
ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធលោកបានស្ងើចសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខំប្រឹង និងការលះបង់របស់អត្តពលិកគ្រប់រូប រហូតសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ពីព្រឹត្តិការណ៍អន្ដរជាតិជាបន្ដបន្ទាប់ ពិសេសការប្រកួតជើងឯកអាស៊ីឆ្នាំនេះ ទោះបីមានបណ្ដាប្រទេសខ្លាំងៗចូលរួមជាច្រើន តែកីឡាករ-កីឡាការិនីម្នាក់ៗបានព្យាយាមអស់ពីសមត្ថភាព ដើម្បីសម្រេចបាននូវមេដាយជូនជាតិ។ លោកចាត់ទុកនេះ គឺជាពន្លឺនៃភាពជោគជ័យថ្មីមួយទៀត សម្រាប់គ្រួសារកីឡាហាប់គីដូកម្ពុជា។
លោកថា «ដំបូងឡើយសម្រាប់កីឡាហាប់គីដូ យើងផ្ដោតការខំប្រឹងលើបុគ្គលម្នាក់ៗសិន គឺហាត់ដើម្បីសុខភាព និងលើកកម្ពស់បញ្ញាស្មារតី និងរាងកាយ ក៏ដូចជាអាចការពារខ្លួនពេលមានគ្រោះភ័យ។ ប៉ុន្ដែឥឡូវនេះ យើងអាចឈានដល់កម្រិតមួយទៀត គឺការបញ្ជ្រៀតចូលឆាកអន្ដរជាតិ បន្ទាប់ពីយើងបានរៀបចំឲ្យមានការប្រកួតថ្នាក់ជាតិជាបន្ដបន្ទាប់ ក៏យើងបានចូលរួមការប្រកួតអន្ដរជាតិចំនួន ៣លើកហើយ។ នេះជាមោទនភាពសម្រាប់កីឡាករ-កីឡាការិនី ដែលបានខិតខំប្រឹងប្រែង ហើយក៏ជាមោទនភាពសម្រាប់សហព័ន្ធ ដែលឆ្លុះបញ្ចាំងនូវអ្វីដែលយើងធ្លាប់បានលើកឡើង គឺពន្លឺរបស់យើង ចាប់ផ្ដើមធ្លាយចេញមកហើយ»។
លោក គង់ ចាន់ធីណា គ្រូបង្វឹកក្រុមកីឡាហាប់គីដូកម្ពុជាបានឲ្យដឹងថា នេះជាលើកទី៣ ដែលសហព័ន្ធបានបញ្ជូនអត្តពលិកចូលរួមការប្រកួតអន្ដរជាតិ តែជាលើកដំបូង ដែលកម្ពុជាបានចូលរួមការប្រកួតកីឡាហាប់គីដូជើងឯកអាស៊ី ខណៈ ២លើកមុន គឺជាការប្រកួតជ្រើសរើសជើងឯកអាស៊ី និងជើងឯកពិភពលោក។ រាល់ព្រឹត្តិការណ៍អន្ដរជាតិនីមួយៗ ក្រុមអត្តពលិកកម្ពុជា តែងដណ្ដើមបាននូវមេដាយជាច្រើនជូនជាតិ។ លោកបានអរគុណថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានគាំទ្រ លះបង់ និងខំប្រឹង ដើម្បីសម្រេចបាននូវសមិទ្ធផលគួរជាទីមោទននេះ៕








