ពាន AFC League Two៖ ភ្នំពេញក្រោន ស្ថិតក្នុងពូល H ខណៈព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូលមរណៈ
18-08-2026 15:04
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានបញ្ចប់ការចាប់ឆ្នោតបែងចែកពូល ប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Champion League Two) ឆ្នាំ២០២៦/២៧ ដែលមានក្រុមតំណាងកម្ពុជា ២ក្លិបចូលរួមហើយ ក្នុងនោះមានភ្នំពេញក្រោន ស្ថិតក្នុងពូល H ខណៈក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល G ដែលអ្នកគាំទ្រចាត់ទុកជាពូលមរណៈ។
យោងតាមលទ្ធផលចាប់ឆ្នោតបែងចែកពូលនៅរសៀលថ្ងៃទី១៨ ខែសីហានេះ សម្រាប់ស្វាយរៀង ស្ថិតក្នុងពូលជាមួយក្លិប Machida Zelvia របស់ជប៉ុន, ក្លិប Shanghai Shenhua របស់ចិន និងក្លិប Tampines Rovers របស់សិង្ហបុរី។ រីឯភ្នំពេញក្រោន ស្ថិតក្នុងពូលជាមួយក្លិប Gangwon FC របស់កូរ៉េខាងត្បូង, ក្លិប Kuching City របស់ម៉ាឡេស៊ី និងក្លិប Kitchee របស់ចិនហុងកុង។
ផ្អែកលើលទ្ធផលនេះ អ្នកគាំទ្រមើលឃើញពូល G របស់ព្រះខ័នរាជស្វាយរៀង ប្រៀបបានពូលមរណៈ ព្រោះប្រជុំដោយក្រុមខ្លាំងៗ ពិសេស Machida Zelvia ដែលជាជើងឯករងពានរង្វាន់ AFC Champion League Elite កាលពីរដូវកាល ២០២៥/២៦ និង Shanghai Shenhua ជើងឯករងលីគកំពូលប្រទេសចិនជាដើម។
ប៉ុន្ដែអ្នកគាំទ្រមួយចំនួនយល់ថា បេក្ខភាពចូលរួមការប្រកួតពានកម្រិតទី២ ទ្វីបអាស៊ីនេះ សុទ្ធតែត្រៀមខ្លួនបានល្អដូចគ្នា រួមទាំងក្រុមតំណាងកម្ពុជាទាំងពីរផង។ ហេតុនេះពួកគេជឿជាក់ថា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងខិតខំប្រឹង ហើយធ្វើបានល្អរៀងៗខ្លួន ដើម្បីប្រជែងកៅអីវគ្គបន្ដ ក៏ដូចជាសាងនូវកំណត់ត្រាថ្មី សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបមួយនេះ។
សម្រាប់វគ្គចែកពូលនៃការប្រកួតពានរង្វាន់ AFC Champion League Two 2026/27 នេះដែរ ប្រសិនបើគ្មានការប្រែប្រួលទេនោះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខ៕







