កីឡាវ៉ូវីណាម បន្ដទទួលការគាំទ្រត្រៀមធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី ខណៈអត្តពលិកត្រូវបានពង្រឹងកាន់តែខ្លាំង ដើម្បីប្រជែងមេដាយជូនជាតិ
18-08-2026 22:30
(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានទទួលការគាំទ្រពីវិស័យឯកជនបន្ថែមទៀតហើយ ដើម្បីពង្រឹងសក្ដានុពលនៃការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤-២៩ ខែវិច្ឆិកាខាងមុខ ស្របពេលកីឡាករ-កីឡាការិនី កំពុងត្រូវបានពង្រឹងកាន់តែខ្លាំង ដើម្បីសម្រួចសមត្ថភាពត្រៀមប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិ។
លោក អ៊ូ រតនា ប្រធានសហព័ន្ធ បានឲ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ឲ្យធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតទ្វីបខាងលើ សហព័ន្ធបានទទួលកិច្ចសហការគាំទ្រពីវិស័យឯកជនជាបន្ដបន្ទាប់ ដើម្បីធានាដល់ការទ្រទ្រង់ដំណើរឆ្ពោះទៅរៀបចំការប្រកួតផង ក៏ដូចជាការចូលរួមលើកកម្ពស់ការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដែលកំពុងប្រមូលផ្ដុំហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមការប្រកួតផង។
ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយក្រុមហ៊ុន ហាយធិច នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយក្រុមហ៊ុននឹងគាំទ្រទឹកសុទ្ធសម្រាប់កីឡាករ-កីឡាការិនីប្រើប្រាស់ ចាប់ពីពេលហ្វឹកហាត់នេះ រហូតដល់ការប្រកួតផ្លូវការ រួមជាមួយការឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ សម្រាប់រួមចំណែកជាមួយសហព័ន្ធក្នុងរៀបចំធ្វើជាម្ចាស់ផ្ទះផងដែរ។
លោកចាត់ទុកនេះគឺជាកម្លាំងចលករដ៏សំខាន់ សម្រាប់សហព័ន្ធ ក្នុងការត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍កម្រិតទ្វីបលើកដំបូង ក្រោយឆ្លងកាត់ការធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ និងជើងឯកពិភពលោកនាពេលកន្លងមក។ ក្នុងនាមកីឡាដ៏មានសក្ដានុពលនៅកម្ពុជា និងអន្ដរជាតិ សហព័ន្ធបាននឹងកំពុងសម្រួចការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងបណ្ដាដៃគូ ធ្វើយ៉ាងណាស្វែងរកលទ្ធផលឲ្យបានល្អប្រសើរ។
លោក អ៊ូ រតនា បន្ដថា ការធ្វើម្ចាស់ផ្ទះការប្រកួតអន្ដរជាតិនីមួយៗ អាស្រ័យប្រទេសនោះ ។ ដូច្នេះក្រោមម្លប់សន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រៅពីការប្រកួតប្រជែងបច្ចេកទេស សហព័ន្ធក៏នឹងយកវេទិកានេះ ផ្សារភ្ជាប់ការផ្សព្វផ្សាយពីវិស័យទេសចរណ៍ វប្បធម៌ និងភាពរីកចម្រើន តាមរយៈប្រតិភូបណ្ដាប្រទេសទាំងអស់ ដែលនឹងមកចូលរួមការប្រកួតនៅកម្ពុជា ហើយលោកក៏បានក្រើនរំឮកដល់កីឡាករ-កីឡាការិនី ត្រូវប្រកាន់ភ្ជាប់ឲ្យបាននូវស្មារតីកីឡា ដើម្បីមិត្តភាព សាមគ្គីភាព និងទំនាក់ទងល្អជាមួយអត្តពលិកមកពីគ្រប់បណ្ដាប្រទេសផងដែរ៕














