ខ្សែបម្រើអាល្លឹម៉ង់ Musiala បានរត់ដួលលើទីលាន ២លើក ត្រឹមរយៈពេល ៤ថ្ងៃប៉ុណ្ណោះ

19-08-2026 10:27

(បរទេស)៖ ត្រឹមរយៈពេល ៤ថ្ងៃប៉ុណ្ណោះ កីឡាករ Jamal Musiala នៃក្លិបខ្លារខិន Bayern Munich បានដួលសន្លប់លើទីលាន ពេលកំពុងប្រកួតដល់ទៅ ២លើកឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

តួយ៉ាងខ្សែមប្រើអន្តរជាតិអាល្លឺម៉ង់ វ័យទើបតែ ២៣ឆ្នាំរូបនេះ បានរត់ដួលលើទីលានជាលើកទី២ ទៀតកាលពីរាត្រីថ្ងៃអង្គារ ក្រោយពេលប្តូរចូលលេងទើបតែបាន ៦នាទីប៉ុណ្ណោះទល់នឹងម្ចាស់ផ្ទះ Heidenheim ដែលបាន Bayern បានយកឈ្នះ ៤-២ ក្នុងមិត្តភាព។

កីឡាករវ័យក្មេងរូបនេះ ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះទាន់ពេលនៅលើទីលានផ្ទាល់តែម្តង និងបានដឹងខ្លួនដើរចេញពីទីលានវិញផងដែរ ដែលជាករណីទី២ របស់ Musiala ក្រោយពេលដួលសន្លប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងប្រកួតមិត្តភាពកំដៅសាច់ដុំដូចគ្នាដែលបានយកឈ្នះ RB Leipzig ៣-១ នៅក្នុងទីក្រុង Munich។

ក្រោយមក Musiala បានបង្ហោះសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមរបស់ខ្លួនថា «បច្ចុប្បន្នស្ថានភាពជំងឺរបស់ខ្ញុំមានភាពប្រសើរខ្លាំងឡើង និងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ វាជាបទពិសោធន៍ថ្មីក្នុងជីវិតរបស់ខ្ញុំនៅពេលលេងទល់នឹង Leipzig និង Heidenheim ដែលពីដំបូង វាពិតជាធ្វើឱ្យគ្រប់គ្នាតក់ស្លុតខ្លាំង ប៉ុន្តែសម្រាប់ខ្ញុំវិញ វាក្លាយជារឿងធម្មតាទៅហើយ»។

នៅចាំបានថា Musiala បានខកខាន ៦ខែដំបូងជាមួយ Bayern នារដូវកាលមុន ដោយសាររបួសកជើងជាទម្ងន់ពីការលេងជម្រុះ World Cup កាលឆ្នាំ២០២៥ ក៏ប៉ុន្តែបានវិលត្រឡប់មកវិញ ក្នុងជើងទី២ និងចូលលេងបាន ៣ប្រកួត ក្នុងចំណោម ៤ប្រកួតជាមួយឥន្រ្ទីដែកអាល្លឺម៉ង់នៅ World Cup 2026 ផងដែរ៕