Apple ប្រកាសកែសម្រួលកម្រៃជើងសារសម្រាប់ហាងកម្មវិធីជំនួស (Alternative App Stores) នៅសហភាពអឺរ៉ុប
19-08-2026 10:28
(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសនៅថ្ងៃអង្គារ៍ ទី១៨ ខែសីហា នេះថាខ្លួននឹងគិតកម្រៃជើងសារត្រឹមតែ ៥% ប៉ុណ្ណោះ លើការប្រតិបត្តិការឌីជីថលសម្រាប់កម្មវិធី (Apps) ដែលចែកចាយនៅក្រៅហាង App Store របស់ខ្លួន នៅក្នុងតំបន់សហភាពអឺរ៉ុប (EU)។ ការផ្លាស់ប្តូរនេះ ធ្វើឡើងក្នុងគោលបំណងសម្របតាមច្បាប់ទីផ្សារឌីជីថល (Digital Markets Act - DMA) និងដោះស្រាយវិវាទដ៏រ៉ាំរ៉ៃជាមួយអាជ្ញាធរបទប្បញ្ញត្តិនៃសហភាពអឺរ៉ុប។
ការកែប្រែប្រព័ន្ធកម្រៃជើងសារថ្មីនេះ នឹងត្រូវជំនួសរចនាសម្ព័ន្ធតម្លៃចាស់ដែលមានភាពស្មុគស្មាញ ហើយនឹងចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ ខែតុលា ខាងមុខនេះ។ ក្រុមហ៊ុន Apple នឹងលុបចោលកម្រៃសេវាដើម និងកម្រៃសេវាហាង ព្រមទាំងលុបចោលកម្រៃសេវាកម្មបច្ចេកវិទ្យាជាមូលដ្ឋានចាស់ ដែលធ្លាប់តែគិតតាមចំនួននៃការដំឡើង។ ជំនួសមកវិញ ក្រុមហ៊ុននឹងគិតត្រឹមកម្រៃសេវាកម្មបច្ចេកវិទ្យាជាមូលដ្ឋានចាស់ ៥% លើរាល់ការទិញទំនិញ/សេវាកម្មឌីជីថល។ កម្មវិធីក្នុង App Store ដែលប្រើប្រព័ន្ធទូទាត់ប្រាក់ផ្សេង នឹងត្រូវបង់កម្រៃជើងសារចំនួន ២០% (និងថយចុះមកត្រឹម ១០% សម្រាប់អ្នកអភិវឌ្ឍន៍នៅក្នុងកម្មវិធីអាជីវកម្មខ្នាតតូច - Small Business Program)។ កម្មវិធីដែលដាក់តំណភ្ជាប់ (Link) ទៅកាន់វេបសាយខាងក្រៅដើម្បីទូទាត់ប្រាក់នឹងត្រូវបង់កម្រៃជើងសារចំនួន ១៥% (ឬ ១០%សម្រាប់អាជីវកម្មខ្នាតតូច)។ កម្មវិធីក្នុង App Store ដែលប្រើប្រព័ន្ធទូទាត់ Apple In-App Purchase សម្រាប់កម្រៃជើងសារនឹងត្រូវកាត់បន្ថយមកត្រឹម២៦% (ឬ ១៥% សម្រាប់អាជីវកម្មខ្នាតតូច)។
គួរជម្រាបថា គណៈកម្មការអឺរ៉ុប បានសម្តែងការស្វាគមន៍ចំពោះការកែប្រែកម្រៃជើងសាររបស់ Apple ហើយបានបញ្ជាក់ថា នឹងតាមដានមើលការអនុវត្តជាក់ស្តែងបន្ថែមទៀត។ ក្រុមហ៊ុន Apple បានលើកឡើងថា ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការអឺរ៉ុប ដើម្បីបង្កើតលក្ខខណ្ឌរួមមួយសម្រាប់អ្នកអភិវឌ្ឍន៍ (Developers) ទាំងអស់នៅក្នុងសហភាពអឺរ៉ុប ដែលស្រដៀងគ្នានឹងគំរូអាជីវកម្មដែល Apple បាននិងកំពុងអនុវត្តនៅក្នុងប្រទេសជប៉ុន និងប្រេស៊ីលផងដែរ៕










