Meta បដិសេធការចោទប្រកាន់ថាតាំងចិត្តធ្វើឱ្យកុមារ «ញៀន» Facebook និង Instagram ខណៈតុលាការអាមេរិកបើកសវនាការប្រវត្តិសាស្ត្រ

19-08-2026 10:39

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta Platforms បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ពីសំណាក់រដ្ឋចំនួន ២៩ នៅសហរដ្ឋអាមេរិក ដែលថាខ្លួនបានចេតនារៀបចំកម្មវិធី Facebook និង Instagram ឱ្យកុមារ និងយុវជន «ញៀន» ដើម្បីស្វែងរកប្រាក់ចំណេញ។ ការបដិសេធនេះបានធ្វើឡើងនៅដើមដំបូងនៃសវនាការផ្លូវច្បាប់ដ៏ធំបំផុតមិនធ្លាប់មាន នៅតុលាការសហព័ន្ធក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា ដែលអាចនឹងផ្លាស់ប្តូរមុខមាត់នៃកម្មវិធីបណ្តាញសង្គមល្បីៗបំផុតនៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងបណ្តឹងរួមគ្នានេះ ក្រុមរដ្ឋទាំង ២៩ ដែលដឹកនាំដោយរដ្ឋធំៗចំនួនបួនរួមមាន កាលីហ្វ័រញ៉ា, កូឡូរ៉ាដូ, ខេនថាគី និងញូវជើស៊ី បានទាមទារប្រាក់ពិន័យរាប់សិប ទៅរាប់រយប៊ីលានដុល្លារ និងតម្រូវឱ្យ Meta ផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន។ អាជ្ញាធរបានចោទប្រកាន់ Meta ថាបានរៀបចំមុខងារកម្មវិធីអូសទាញកុមារ ដែលជាដើមហេតុបង្កឱ្យមានវិបត្តិផ្លូវចិត្ត ជំងឺបាក់ទឹកចិត្ត រហូតដល់ការធ្វើអត្តឃាត និងបានរំលោភច្បាប់សហព័ន្ធតាមរយៈការប្រមូលផ្តុំ និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់កុមារដោយខុសច្បាប់។

ដើមចោទបានទម្លាយពីយុទ្ធសាស្ត្រអាជីវកម្មរបស់ Meta យ៉ាងចំៗនៅមុខគណៈវិនិច្ឆ័យ។ លោកស្រី Megan O'Neill អគ្គព្រះរាជអាជ្ញារងប្រចាំរដ្ឋកាលីហ្វ័រញ៉ា បានថ្លែងថា គំរូអាជីវកម្មរបស់ Meta គឺ «ធ្វើឱ្យអ្នកប្រើប្រាស់ញៀន ទាញយកពេលវេលារបស់ពួកគេឱ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន ប្រមូលទិន្នន័យរបស់ពួកគេ ហើយបន្ទាប់មកលាក់បាំងការពិតពីសាធារណជន»។ លោកស្រីបានបន្ថែមទៀតថា «វាដំណើរការបានល្អជាពិសេសចំពោះកុមារ។ Meta ត្រូវការកុមារ ហើយខ្លួនត្រូវធានាដល់មនុស្សដែលយកចិត្តទុកដាក់ចំពោះកុមារទាំងនោះថា កុមារមានសុវត្ថិភាព»។

ជាការឆ្លើយតប មេធាវីតំណាងឱ្យ Meta លោក Paul Schmidt បានទទួលស្គាល់ថា អ្នកប្រើប្រាស់មួយចំនួនពិតជាជួបប្រទះការលំបាកមែន ប៉ុន្តែលោកបានបញ្ជាក់ថា ការស្រាវជ្រាវមិនទាន់បង្ហាញពីទំនាក់ទំនងច្បាស់លាស់រវាងការប្រើប្រាស់បណ្តាញសង្គម និងការធ្លាក់ចុះសុខុមាលភាពរបស់វ័យជំទង់នោះទេ។ លោកបានការពារស្ថាបនិកក្រុមហ៊ុនដោយលើកឡើងថា «Mark Zuckerberg ស្ថាបនិក និងជា CEO របស់ Meta មានបំណងចង់កែលម្អសេវាកម្មរបស់ខ្លួនឱ្យកាន់តែល្អ ហើយមិនមែនធ្វើឱ្យវាមានគ្រោះថ្នាក់នោះទេ។ ពួកគេមិនជឿថាពួកគេនឹងជោគជ័យនោះទេ ប្រសិនបើមនុស្សមិនចូលចិត្តសេវាកម្មរបស់ពួកគេ»

គួរជម្រាបផងដែរថា មិនមែនមានតែ Meta មួយនោះទេ ពោលគឺក្រុមហ៊ុនបណ្តាញសង្គមយក្សផ្សេងទៀតដូចជា Snap (ម្ចាស់ Snapchat), ByteDance (ក្រុមហ៊ុនមេ TikTok) និង Alphabet (ក្រុមហ៊ុនមេ YouTube) ក៏កំពុងប្រឈមមុខនឹងពាក្យបណ្តឹងរាប់ពាន់ករណីដូចគ្នា ពីសំណាក់អាជ្ញាធរ សាលារៀន និងអាណាព្យាបាល ជុំវិញផលប៉ះពាល់អវិជ្ជមាននៃផលិតផលរបស់ពួកគេទៅលើសុខភាពផ្លូវចិត្តរបស់កុមារ និងយុវជន៕