«វីង» ឈានដល់ខួប ១៨ឆ្នាំ! ពីសេវាផ្ទេរប្រាក់តាមទូរសព្ទដ៏សាមញ្ញ បានវិវឌ្ឍខ្លួន និងរីកចម្រើនជាមួយនឹងទ្រព្យសកម្មសរុបកើនដល់ ៣,៦៥ ពាន់លានដុល្លារ
19-08-2026 15:00
(ភ្នំពេញ)៖ ក្នុងឱកាសគម្រប់ខួប ១៨ឆ្នាំ វីង ក្រឡេកមើលដំណើររបស់ខ្លួន ដែលបានរីកចម្រើនឡើងជាមួយទំនុកចិត្ត និងការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការនាំសេវាហិរញ្ញវត្ថុឱ្យកាន់តែខិតជិតប្រជាជនកម្ពុជា។
១៨ ឆ្នាំមកនេះ បានឆ្លងកាត់នូវបទពិសោធជាច្រើន។ សម្រាប់ការយល់ឃើញពីសាធារណជនទូទៅ នេះគឺជាដំណាក់កាលផ្លាស់ប្តូរដ៏សំខាន់មួយ។ វាជាពេលវេលាដែលឆ្លងកាត់ការកសាងទំនុកចិត្តកាន់តែរឹងមាំ យល់ច្បាស់ពីការទទួលខុសត្រូវ ហើយអនាគតក៏លែងជាការរង់ចាំអ្វីមួយឱ្យមកដល់នោះឡើយ តែត្រូវចាប់យកឱកាសកសាងគ្រឹះ នៃគោលដៅឱ្យកាន់ប្រសើរឡើង។ ឆ្នាំនេះ វីង ក៏បានឈានចូលដំណាក់កាល ដ៏សំខាន់នោះដែរ។
កាលពី ១៨ ឆ្នាំមុន វីង បានចាប់ផ្តើមជាមួយបេសកកម្មដ៏សាមញ្ញមួយ គឺធ្វើយ៉ាងណាឱ្យសេវាហិរញ្ញវត្ថុកាន់តែងាយស្រួលទទួលបាន និងកាន់តែសមស្របនឹងជីវិតប្រចាំថ្ងៃ របស់ប្រជាជននៅក្នុងសហគមន៍។ ក្នុងពេលដែលប្រជាជនកម្ពុជាជាច្រើន នៅតែពិបាកក្នុងការទទួលបានសេវា ធនាគារ វីង បានបោះជំហានឆ្ពោះទៅមុខ នាំយកសេវាហិរញ្ញវត្ថុឱ្យទៅដល់គ្រប់ទីកន្លែងដែលប្រជាជនរស់នៅ ប្រកបមុខរបរ និងកសាងអនាគតរបស់ពួកគេ។
ពីសេវាផ្ទេរប្រាក់តាមទូរសព្ទចល័តឈានមុខគេរបស់កម្ពុជា វីង បានវិវឌ្ឍខ្លួន និងរីកចម្រើនជាបន្តបន្ទាប់ក្នុងរយៈពេលជិតពីរទសវត្សរ៍ រហូតក្លាយជាធនាគារពាណិជ្ជឈានមុខមួយ នៅក្នុងប្រទេសកម្ពុជា។ សព្វថ្ងៃ វីង កំពុងបម្រើដល់អតិថិជនរាប់លាននាក់ទូទាំងប្រទេស តាមរយៈប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ និងទូលំទូលាយ ដែលរួមមានសាខាធនាគារ, ភ្នាក់ងារធនាគារ វីង, ភ្នាក់ងារ វីងម៉ាស្ទ័រ, ដៃគូអាជីវករ, បណ្តាញឌីជីថល, ដៃគូអាជីវកម្ម, ព្រមទាំងផលិតផល និងដំណោះស្រាយហិរញ្ញវត្ថុជាច្រើន ដែលត្រូវបានពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់អតិថិជនទូទៅ ក្រុមគ្រួសារ អាជីវកម្ម និងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។
ប៉ុន្តែដំណើរ ១៨ ឆ្នាំមកនេះ មិនគ្រាន់តែជាកំណត់ត្រានៃការរីកចម្រើនប៉ុណ្ណោះទេ តែវាគឺជាសក្ខីភាពនៃ ការទទួលខុសត្រូវ យ៉ាងពិតប្រាកដ។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយក ធនាគារ វីង បានលើកឡើងថា «ការឈានចូលឆ្នាំទី ១៨ គឺជារបត់ដ៏មានអត្ថន័យបំផុតមួយ ព្រោះវាផ្តល់ឱកាសឱ្យយើងក្រឡេកមើលការវិវឌ្ឍរបស់ វីង ស្របពេលជាមួយនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមដោយការដោះស្រាយបញ្ហាសំខាន់មួយ គឺធ្វើឱ្យមនុស្សគ្រប់គ្នាអាចទទួលបាន សេវាហិរញ្ញវត្ថុកាន់តែងាយស្រួល។ ថ្ងៃនេះ ការទទួលខុសត្រូវរបស់យើងកាន់តែធំទូលាយជាងមុន។ យើងក៏កំពុងបម្រើអតិថិជន អាជីវកម្ម និងសហគមន៍រាប់លាននាក់នៅទូទាំងប្រទេស ហើយតួនាទីរបស់យើងក៏បន្តកើនឡើង ស្របតាមតម្រូវការហិរញ្ញវត្ថុរបស់កម្ពុជា ដែលកំពុងវិវឌ្ឍជារៀងរាល់ថ្ងៃ។ គោលដៅរបស់យើងពេលនេះ មិនមែនគ្រាន់តែពង្រីកធនាគារឱ្យធំធាត់ប៉ុណ្ណោះទេ យើងនៅតែបន្តកសាងប្រព័ន្ធហិរញ្ញវត្ថុមួយដែលកាន់តែរឹងមាំ ងាយស្រួលប្រើប្រាស់ ហើយអាចឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគតទៀតផង។ ទំនួលខុសត្រូវកាន់តែរីកធំធាត់នេះ ក៏ដើរទន្ទឹមគ្នានឹងតួនាទីដែលកាន់តែទូលំទូលាយ និងការរីកចម្រើនជាបន្តបន្ទាប់របស់ វីង»។
តួយ៉ាងនៅក្នុងឆ្នាំ ២០២៥ ទ្រព្យសកម្មសរុបរបស់ធនាគារ វីង បានកើនដល់ ៣,៦៥ ពាន់លានដុល្លារអាមេរិក ខណៈប្រាក់បញ្ញើរបស់អតិថិជនបានកើនលើស ៣ ពាន់លានដុល្លារអាមេរិក ហើយផលប័ត្រឥណទានបានកើនដល់ ២,២៣ ពាន់លានដុល្លារអាមេរិក។ សព្វថ្ងៃនេះ អតិថិជនកំពុងទទួលបានសេវាកម្ម យ៉ាងរលូនតាមរយៈសាខាធនាគារចំនួន ២៧ ទីតាំង, ភ្នាក់ងារធនាគារ វីង ជាង ១២.០០០ កន្លែង, ភ្នាក់ងារវីង ម៉ាស្ទ័រ ២០០កន្លែង និងបណ្តាញឌីជីថលដែលផ្តល់ជូន ដំណោះស្រាយហិរញ្ញវត្ថុជាង ១០០មុខងារ។ ទន្ទឹមនឹងការពង្រីកបណ្តាញសេវាហិរញ្ញវត្ថុនៅតាមទីតាំងផ្ទាល់ និងប្រព័ន្ធឌីជីថល វីង ក៏បន្តពង្រីកបណ្តាញដៃគូរបស់ខ្លួន ដែលមានទាំងអាជីវករ ដៃគូទូទាត់ អាជីវកម្ម និងស្ថាប័នជាច្រើនផ្សេងទៀត ដើម្បីបង្កើតជាជម្រើស និងទីកន្លែងកាន់តែច្រើន ឱ្យអតិថិជនអាចទទួលបានសេវាហិរញ្ញវត្ថុ យ៉ាងរលូននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ យ៉ាងណាមិញ តួលេខដ៏គួរឱ្យកត់សម្គាល់ទាំងនេះ គ្រាន់តែជាផ្នែកមួយនៃសាច់រឿងទាំងមូលប៉ុណ្ណោះ។
ក្នុងរយៈពេល ១៨ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាយើងបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងច្រើន។ សេដ្ឋកិច្ចជាតិកាន់តែរឹងមាំ បច្ចេកវិទ្យាឌីជីថលបានក្លាយជាចំណែកមួយ ដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។ ចំណែកឯអតិថិជនវិញ ក៏មានទំនាក់ទំនងគ្នាកាន់តែទូលំទូលាយ ទទួលបានព័ត៌មានកាន់តែរហ័ស និងមានការរំពឹងទុកកាន់តែខ្ពស់ថា សេវាហិរញ្ញវត្ថុគួរតែអាចជួយឱ្យពួកគេ អាចសម្រេចគោលដៅរបស់ខ្លួនបានកាន់តែងាយស្រួល។ ដំណើររបស់ វីង ក៏បានវិវឌ្ឍខ្លួនស្របគ្នាជាមួយនឹងការផ្លាស់ប្តូរទាំងនោះផងដែរ។
ផ្តើមចេញពីសេវាផ្ទេរប្រាក់ ពេលនេះ វីង បានក្លាយជាធនាគារដែលគាំទ្ររាល់គ្រប់តម្រូវការហិរញ្ញវត្ថុ របស់មនុស្សគ្រប់រូប មិនថាការបើកគណនីដំបូង ការសន្សំប្រាក់ កម្ចីប្រាក់ ទូទាត់ឌីជីថល បើកប្រាក់ខែ ពង្រីកអាជីវកម្ម ឬការរៀបចំផែនការអនាគតនោះឡើយ។ ការឈានចូលដល់វ័យ ១៨ ឆ្នាំ ត្រូវបានគេចាត់ទុកថាជាការឈានដល់ភាពវ័យដែលចាប់ផ្តើមមានភាពចាស់ទុំ។ ប៉ុន្តែសម្រាប់ វីង វ័យ ១៨ ឆ្នាំនេះ មានអត្ថន័យលើសពីនេះទៅទៀត។
វាជាការរំឭកថា ភាពចាស់ទុំមិនមែនមានន័យថា ឈប់ផ្លាស់ប្តូរ ឬពេញចិត្តនឹងអ្វីដែលសម្រេចបានហើយនោះទេ។ ផ្ទុយទៅវិញ វាគឺជាការបន្តរីកចម្រើនទៅមុខជានិច្ច ហើយនៅតែរក្សាយ៉ាងខ្ជាប់ខ្ជួននូវគោលដៅដើម ដែលជាកម្លាំងជំរុញឱ្យមានដំណើរមួយនេះតាំងពីថ្ងៃដំបូង។ បេសកកម្មតាំងពីដំបូងនោះ គឺការនាំយកសេវាហិរញ្ញវត្ថុឱ្យកាន់តែខិតជិតប្រជាជនដែលត្រូវការបំផុត។ វិធីសាស្ត្រដែល វីង បំពេញគោលដៅមួយនេះ ពិតជាមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេល ១៨ ឆ្នាំមកនេះ។ ប៉ុន្តែគោលដៅស្នូលមួយនេះ មិនដែលប្រែប្រួលឡើយ។ នៅពេលដែល វីង បោះជំហានចូលដល់វ័យដ៏រឹងមាំមួយ មិនមែនគ្រាន់តែក្រឡេកមើលថា វីងបានធ្វើដំណើរមកដល់ណាហើយនោះទេ ប៉ុន្តែគឺការមើលការសម្លឹងឆ្ពោះទៅមុខថា ពីទីនេះតទៅ វីង អាចបន្តរួមចំណែកឱ្យកម្ពុជាឈានទៅមុខបានប៉ុណ្ណាទៀត៕













