ឆ្លើយតបសម្ពាធវិនិយោគិន! ក្រុមហ៊ុនយក្ស SK Hynix ប្រកាសទិញភាគហ៊ុនខ្លួនឯងវិញ និងលុបចោលក្នុងតម្លៃជិត ២៩ពាន់លានដុល្លារ

19-08-2026 17:01

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់កូរ៉េខាងត្បូង SK Hynix បានប្រកាសពីផែនការទិញយកត្រឡប់មកវិញ និងលុបចោលនូវភាគហ៊ុនតម្កល់ទុក (Treasury Shares) ដែលមានតម្លៃរហូតដល់ ៤០ ទ្រីលានវ៉ុន (ប្រហែល ២៨.៦១ ពាន់លានដុល្លារ)។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានប្តេជ្ញាបែងចែកលំហូរប្រាក់សុទ្ធទំនេរ (Free Cash Flow) លើសពី ៥០% ដែលប្រមូលបានចន្លោះឆ្នាំ ២០២៥ ដល់ ២០២៧ ដើម្បីបង្កើនផលចំណេញទូទាត់ជូនម្ចាស់ភាគហ៊ុនរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។

ចំណាត់ការដ៏ធំធេងនេះ ធ្វើឡើងចំពេលមានសម្ពាធកាន់តែខ្លាំងពីសំណាក់វិនិយោគិន ដែលទាមទារឱ្យក្រុមហ៊ុន SK Hynix និង Samsung Electronics បង្វែរប្រាក់ចំណេញលើសលប់មួយភាគធំត្រឡប់ទៅឱ្យភាគទុនិកវិញ តាមរយៈការទូទាត់ប្រាក់ភាគលាភ ឬការទិញភាគហ៊ុនត្រឡប់មកវិញ។ ទោះបីជាក្រុមហ៊ុនទទួលបានប្រាក់ចំណេញបំបែកកំណត់ត្រាដោយសារតម្រូវការឈីប AI កើនឡើងខ្លាំងយ៉ាងណាក៏ដោយ តម្លៃភាគហ៊ុនរបស់ពួកគេបានប្រឈមនឹងការធ្លាក់ចុះបន្តិចវិញ បន្ទាប់ពីឡើងដល់កម្រិតកំពូលកាលពីខែមិថុនា ដោយសារតែការព្រួយបារម្ភលើភាពស្ថិតស្ថេរនៃការចំណាយក្នុងវិស័យ AI។

ក្រុមហ៊ុន SK Hynix បានគូសបញ្ជាក់ថា៖ «តម្លៃពិតប្រាកដរបស់ក្រុមហ៊ុន ដែលគាំទ្រដោយសមត្ថភាពប្រកួតប្រជែងអាជីវកម្ម សមត្ថភាពបង្កើតប្រាក់សុទ្ធយ៉ាងរឹងមាំ និងសក្តានុពលកំណើនក្នុងរយៈពេលមធ្យមទៅវែង គឺមិនទាន់ត្រូវបានឆ្លុះបញ្ចាំងពេញលេញនៅក្នុងតម្លៃភាគហ៊ុនបច្ចុប្បន្ននោះទេ»

ដើម្បីពង្រឹងទំនុកចិត្តទីផ្សារ ក្រុមហ៊ុនកំពុងពិចារណាលើជម្រើសបន្ថែម រួមទាំងការផ្តល់ប្រាក់ភាគលាភពិសេស (Special Dividends) ផងដែរ ខណៈប្រាក់សុទ្ធសរុប (Net cash) របស់ក្រុមហ៊ុនមានរហូតដល់ ៦៩ ទ្រីលានវ៉ុន គិតត្រឹមចុងត្រីមាសទី២។ ព័ត៌មានលម្អិតបន្ថែមស្តីពីផលចំណេញរបស់ភាគទុនិក នឹងត្រូវប្រកាសជាផ្លូវការជាមួយនឹងការចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ នៅចុងខែតុលាខាងមុខនេះ៕