Pogba តារា World Cup 2018 នៅតែបន្តគ្មានក្លិបលេង ក្រោយរំលាយកិច្ចសន្យាពី Monaco

20-08-2026 10:13

(បរទេស)៖ សមាជិកឈ្នះជើងឯកពិភពលោក FIFA World Cup 2018 ជាមួយមាន់គកបារាំង Paul Pogba នៅតែបន្តគ្មានក្លិបលេងទៀត បន្ទាប់ពីរំលាយកិច្ចសន្យារយៈពេល ២ឆ្នាំពីក្លិប Monaco។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អតីតខ្សែបម្រើបារាំង វ័យ ៣៣ឆ្នាំរូបនេះ បានចាកចេញពីក្លិបលេងនៅ Ligue 1 ក្រោយពេលលេងបានតែ ១រដូវកាលដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាង។

នៅចាំបានថា Pogba បានចូលរួមជាមួយ Monaco កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៥ ដោយបានចុះកិច្ចសន្យារយៈពេល ២ឆ្នាំ និងឈានដល់ផ្លូវបំបែកវិញ ដ្បិតទើបចូលលេងបានតែ ៦ប្រកួត ក្នុងនោះលេងក្នុងនាមកីឡាករបម្រុង ៥ដងទៅហើយ។

BBC Sport ក៏បានកត់សម្គាល់ឃើញថា Pogba ក៏ត្រូវបានចាប់អារម្មណ៍ពីក្លិបមកពីក្របខណ្ឌ Major League Soccer រួមមាន DC United និង Inter Miami CF ទៀតផង ក្នុងនាមកីឡាករល្បីល្បាញតាំងពីលេងនៅក្លិប Juventus មុនផ្លាស់ចេញមកបិសាចក្រហម Manchester United ក្នុងតម្លៃបំបែកកំណត់ត្រាទៀតផង៕