អូស្ត្រាលីបង្ខំឱ្យ Roblox ពង្រឹងសុវត្ថិភាពកុមារជាបន្ទាន់ បន្ទាប់ពីរកឃើញចន្លោះប្រហោងធ្ងន់ធ្ងរ

20-08-2026 11:14

(បរទេស)៖ និយ័តករសុវត្ថិភាពអេឡិចត្រូនិកអូស្ត្រាលី (eSafety) ទទួលបានកិច្ចសន្យាធានាដែលមានប្រសិទ្ធភាពតាមផ្លូវតុលាការ ជាមួយក្រុមហ៊ុនហ្គេមយក្សអាមេរិក Roblox ដើម្បីបង្ខំឱ្យក្រុមហ៊ុននេះកែប្រែប្រព័ន្ធការពារកុមារពីការលួងលោមបោកប្រាស់ (grooming) និងការកេងប្រវ័ញ្ចផ្លូវភេទ។ ចំណាត់ការផ្លូវច្បាប់នេះបានធ្វើឡើង បន្ទាប់ពីការធ្វើតេស្តរកឃើញថា មនុស្សពេញវ័យដែលជាជនប្លែកមុខ នៅតែអាចផ្ញើសំណើភ្ជាប់ទំនាក់ទំនង ទាក់ទងកុមារតូចៗ និងមើលឃើញព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេបានដោយសេរីតាមរយៈវេទិកាពិភាក្សាខាងក្រៅហ្គេម ដោយគ្មានការយល់ព្រមពីមាតាបិតានោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រោមកិច្ចព្រមព្រៀងនេះ eSafety បានទុកពេលឱ្យ Roblox រយៈពេល ៣ ខែ ដើម្បីអនុវត្តវិធានការរឹតបន្តឹងជាដាច់ខាត រួមមាន៖ ការហាមឃាត់មនុស្សពេញវ័យមិនឱ្យទាក់ទងកុមារចម្លែក ការកំណត់គណនីកុមារជា «ឯកជន» ជាស្វ័យប្រវត្តិ និងការកែលម្អប្រព័ន្ធទទួលបណ្តឹង។ បន្ថែមពីនេះ ក្រុមហ៊ុន Roblox តម្រូវឱ្យជួលសវនករឯករាជ្យជាភាគីទីបី មកវាយតម្លៃលើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាប៉ាន់ប្រមាណអាយុរបស់ខ្លួន ដែលនេះជាលើកដំបូងបង្អស់ដែលអាជ្ញាធរអូស្ត្រាលីតម្រូវឱ្យមានសវនកម្មខាងក្រៅលើក្រុមហ៊ុនបច្ចេកវិទ្យា។

ជុំវិញការតម្រូវឱ្យមានភាគីទីបីមកពិនិត្យ លោកស្រី Julie Inman Grant ស្នងការ eSafety បានគូសបញ្ជាក់យ៉ាងច្បាស់ៗក្នុងសេចក្តីថ្លែងការណ៍ថា៖ «Roblox មិនអាចកែ និងដាក់ពិន្ទុលើកិច្ចការផ្ទះរបស់ខ្លួនឯងបាននោះទេ»។ និយ័តកររូបនេះបានព្រមានថា ប្រសិនបើ Roblox បំពានលើកិច្ចសន្យានេះ eSafety នឹងប្តឹងទៅតុលាការសហព័ន្ធភ្លាមៗ ដើម្បីបង្ខំឱ្យក្រុមហ៊ុនអនុវត្តតាមវិធានការច្បាប់។

ជាការឆ្លើយតប អ្នកនាំពាក្យរបស់ Roblox បានអះអាងថា វេទិការបស់ខ្លួនបាន «សម្រេចបាននូវការប្តេជ្ញាចិត្តដែលយើងបានធ្វើជាមួយ eSafety ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ហើយនឹងបន្តធ្វើការឆ្ពោះទៅរកគោលដៅរួមគ្នាក្នុងការរក្សាសុវត្ថិភាពកុមារអូស្ត្រាលីនៅលើប្រព័ន្ធអ៊ីនធឺណិត»។ កិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថា ជាជ័យជម្នះដ៏សំខាន់មួយទៀតរបស់អូស្ត្រាលី ក្នុងយុទ្ធនាការអនុវត្តច្បាប់រឹតបន្តឹងសុវត្ថិភាពអ៊ីនធឺណិតសម្រាប់កុមារ រួមទាំងផែនការហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គមផងដែរ៕