CGTI និង TAFTAC សម្ពោធគម្រោងអភិវឌ្ឍន៍ជំនាញឆ្នាំ២០២៦-២០២៧ ជំរុញការអភិវឌ្ឍកម្លាំងពលកម្មក្នុងវិស័យកាត់ដេរ និងប្រគល់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដល់និស្សិត
20-08-2026 12:30
(ភ្នំពេញ)៖ វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានរៀបចំពិធីសម្ពោធជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ឆ្នាំ២០២៦-២០២៧ និងប្រគល់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដល់និស្សិតជំនាញសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ ព្រមទាំងជំនាញថាមពល និងនិរន្តរភាពបរិស្ថាន សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។
ពិធីដ៏សំខាន់នេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ CGTI/TAFTAC ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងនិស្សិតជាច្រើនរូប។ ព្រឹត្តិការណ៍នេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ CGTI, TAFTAC, មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF), ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយដៃគូជិតស្និទ្ធដូចជា GIZ Fabric Cambodia និងអង្គការ ILO BFC ក្នុងការរួមចំណែកអភិវឌ្ឍសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់ធនធានមនុស្សនៅកម្ពុជា ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។
តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់ឆ្នាំ២០២៦-២០២៧ មានបើកថ្នាក់សញ្ញាបត្រជាន់ខ្ពស់ជំនាញសុខភាព និងសុវត្ថិភាពនៅកន្លែងការងារជំនាន់ទី៣ និងជំនាញថាមពល និងនិរន្តរភាពបរិស្ថានជំនាន់ទី៤ រួមនឹងជំនាញផ្សេងៗទៀត សរុបប្រមាណ២៣ វគ្គ សិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ព្រមទាំងផ្សព្វផ្សាយអំពីក្របខណ្ឌជំនាញកម្ពុជា (Cambodia Skills Framework) ដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្ម និងលើកកម្ពស់សមត្ថភាពជំនាញឲ្យស្របតាមតម្រូវការទីផ្សារការងារ។ តាមរយៈកម្មវិធីនេះ ភាគីពាក់ព័ន្ធទាំងអស់សង្ឃឹមថានឹងបន្តពង្រឹងធនធានមនុស្ស និងការអភិវឌ្ឍជំនាញ ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឲ្យកាន់តែមានផលិតភាព ប្រសិទ្ធភាព និងការប្រកួតប្រជែងខ្ពស់។
លោក Robert Hwang អនុប្រធានសមគម TAFTAC មានប្រសាសន៍ថា ការដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងអភិវឌ្ឍជំនាញបន្ថែម (SDF Upskilling Project) ឆ្នាំ២០២៦ បាន បង្ហាញពីទិសដៅដ៏សំខាន់មួយសម្រាប់វិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលកំពុងប្រឈមមុខនឹងបរិយាកាសអាជីវកម្មផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ន ភាពប្រកួតប្រជែងនៅក្នុងវិស័យនេះលែងអាចពឹងផ្អែកតែលើសមត្ថភាពផលិត និងថ្លៃពលកម្មទៀតហើយ។ រោងចក្រនានាកំពុងត្រូវការអ្នកជំនាញដែលមានជំនាញខ្ពស់ ដើម្បីជួយកែលម្អសុវត្ថិភាពនៅកន្លែងធ្វើការ កាត់បន្ថយហានិភ័យ ប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព គ្រប់គ្រងផលប៉ះពាល់បរិស្ថាន និងគាំទ្រដល់ការផលិតប្រកបដោយចីរភាព។
លោកបន្ថែមថា គម្រោងអភិវឌ្ឍជំនាញបន្ថែម និងក្របខណ្ឌជំនាញកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពកម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោក បណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយជំនាញ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ពិសេសក្នុងបរិបទដែលវិស័យឧស្សាហកម្មកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ទន្ទឹមគ្នានេះ លោកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ CGTI និង TAFTAC ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការបង្កើត និងអភិវឌ្ឍកម្មវិធីសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសទាំងពីរនេះ។ កម្មវិធីទាំងនេះបានផ្តល់ឱកាសដល់បុគ្គលិក និងយុវជនកម្ពុជាឱ្យទទួលបានចំណេះដឹង និងជំនាញដែលអាចយកទៅអនុវត្តបានដោយផ្ទាល់នៅក្នុងកន្លែងការងារ ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឧស្សាហកម្មលើផលិតភាព គុណភាព សុវត្ថិភាព ប្រសិទ្ធភាពថាមពល ការការពារបរិស្ថាន និងការអនុលោមតាមស្តង់ដារសង្គម។ លោក បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់យកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៅកន្លែងការងារ ហើយបន្តរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីក្លាយជាកម្លាំងសម្រាប់ការផ្លាស់ប្តូរ និងការរីកចម្រើនរបស់វិស័យឧស្សាហកម្មកម្ពុជាទាំងមូល។ ក្រសួងនឹងបន្តពង្រឹងកិច្ចសហការរវាងរដ្ឋ វិស័យឯកជន និងស្ថាប័នបណ្តុះបណ្តាល ដើម្បីធានាថា កម្មវិធីអភិវឌ្ឍជំនាញមានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។
លោកវិជ្ជបណ្ឌិត យី កន្និដ្ឋា អនុប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់វិទ្យាស្ថានCGTI និងសមាគម TAFTACដែលបានខិតខំប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលគ្រប់ផ្នែកដល់សមាជិករបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការបណ្តុះបណ្តាលនេះ មិនត្រឹមតែជួយពង្រឹងគុណភាពធនធានមនុស្សក្នុងវិស័យកាត់ដេរនោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ និងការប្រកួតប្រជែងដោយតម្លាភាពក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ដែលជាវិស័យស្នូលមួយក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។ តាមរយៈការបណ្តុះបណ្តាលប្រកបដោយគុណភាព វិស័យកាត់ដេរកម្ពុជានឹងបន្តរីកចម្រើន និងមានភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារអន្តរជាតិ។
លោក ឡាយ ច័ន្ទធារ៉ា ប្រធានក្រុមផ្នែកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃមូលនិធិអភិវឌ្ឍជំនាញ បានគូសបញ្ជាក់ថា ស្របពេលដែលវិស័យឧស្សាហកម្មនៅកម្ពុជា កំពុងតែវិវត្តទៅកាន់ផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ការបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យមានជំនាញខ្ពស់ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៩ មក SDF បានគាំទ្រគម្រោងបណ្តុះបណ្តាលរបស់វិទ្យាស្ថាន CGTI ចំនួន ១៣ គម្រោង ដែលបានបណ្តុះបណ្តាលសិក្ខាកាមសរុប ២០,៨០៤ នាក់។ តាមរយៈ កិច្ចសហការរវាង SDF និង CGTI ទទួលបានលទ្ធផលល្អប្រសើរខ្លាំង ដោយមានអត្រាបញ្ចប់ការសិក្សា ៩៩%, អត្រាមានការងារធ្វើ ៩៨%, និងអត្រាពេញចិត្តពីនិយោជក ៩៣%។ លទ្ធផលដ៏គួរឱ្យកត់សម្គាល់ទាំងនេះ បានបង្ហាញពីប្រសិទ្ធភាពខ្ពស់នៃការបណ្តុះបណ្តាល និងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជាសម្រាប់ទីផ្សារការងារ។
លោក ប៊ុត ហម ប្រធានគ្រប់គ្រងទូទៅ នៃរោងចក្ររេថិចស៍ និងជាសិក្ខាកាមមួយរូបបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាល «ផ្នែកសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ ជំនាន់ទី ១» បានចែករំលែកបទពិសោធន៍ថា ការចូលរួមវគ្គបណ្តុះបណ្តាលផ្នែកសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ (ADOSH) បានជួយពង្រឹងចំណេះដឹង និងជំនាញរបស់លោកសម្រាប់ការអនុវត្តការងារប្រចាំថ្ងៃ។ ចំណេះដឹង និងឧបករណ៍ដែលទទួលបានពីវគ្គសិក្សា រួមជាមួយការអនុវត្តតាមរយៈ Training on Job (ToJ) បានជួយលោកក្នុងការកំណត់ចំណុចខ្វះខាត វាយតម្លៃការអនុវត្ត និងរៀបចំផែនការកែលម្អនៅកន្លែងការងារ។ ជាលទ្ធផល រោងចក្របានកាត់បន្ថយចំនួន NC ពី ១៦ មកត្រឹម ៦ និងកាត់បន្ថយការប្រើប្រាស់ថាមពល ទឹក និងភ្លើងប្រមាណ ១០–១៥% ព្រមទាំងបង្កើនការយល់ដឹងរបស់បុគ្គលិកអំពីសារៈសំខាន់នៃសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ។ លោកក៏បានលើកទឹកចិត្តដល់សិស្សជំនាន់ថ្មីឱ្យខិតខំរៀន ស្វែងយល់ និងយកចំណេះដឹងទៅអនុវត្តជាក់ស្តែង ដើម្បីជួយកែលម្អស្តង់ដារ អនុលោមភាព និងប្រសិទ្ធភាពការងាររបស់រោងចក្រ។
កញ្ញា ជឹម នីន ប្រធានផ្នែកសុខភាព សុវត្ថិភាព និងបរិស្ថាន មកពីរោងចក្រស្ព័រតិច ដែលជាសិក្ខាកាមមួយរូបបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាល «ជំនាញថាមពល និងនិរន្តរភាពបរិស្ថាន ជំនាន់ទី ២» បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញនេះបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនសមត្ថភាព និងពង្រីកសក្តានុពលសម្រាប់បុគ្គលិកក្នុងវិស័យឧស្សាហកម្ម។
មុនពេលចូលរួមវគ្គនេះ កញ្ញា ជឹម នីន បានទទួលស្គាល់ថា ការអនុវត្តការងារមួយចំនួននៅកន្លែងធ្វើការនៅមានកម្រិត និងភាពខ្វះចន្លោះ ដោយសារការរៀនសូត្រដោយខ្លួនឯង ឬការអនុវត្តតាមគ្នា។ ប៉ុន្តែបន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ កញ្ញាបានទទួលចំណេះដឹងមិនត្រឹមតែទ្រឹស្តី ស្តង់ដារ និងបទដ្ឋានច្បាប់ប៉ុណ្ណោះទេ ថែមទាំងបានរៀនពីរបៀបគិត និងវិធីសាស្រ្តក្នុងការភ្ជាប់ទ្រឹស្តីទៅនឹងការងារជាក់ស្តែង ដើម្បីកែតម្រូវចំណុចខ្វះខាតឱ្យកាន់តែប្រសើរឡើង។ ជាពិសេស វគ្គនេះបានបង្រៀនពីរបៀបរៀបចំចំណេះដឹងដែលមានឱ្យទៅជាប្រព័ន្ធ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់នៅកន្លែងការងារ៕




















