ក្រុមនារីភ្នំពេញក្រោន ត្រូវការឈ្នះ Kaya FC ដាច់ខាត ដើម្បីរក្សាឱកាសដណ្ដើមកៅអីវគ្គចែកពូលពាន AWCL 2026/27
20-08-2026 13:27
(ភ្នំពេញ)៖ ក្រុមបាល់ទាត់នារី នៃក្លិបភ្នំពេញក្រោន នឹងបន្ដជួបក្រុមខ្លាំងហ្វីលីពីន Kaya FC-Iloilo នាវេលាម៉ោង ៥ល្ងាចថ្ងៃទី២០ ខែសីហានេះ ដែលជាការប្រកួតដ៏សំខាន់ក្នុងវគ្គជម្រុះបឋមពានរង្វាន់ក្លិបបាល់ទាត់នារីទ្វីបអាស៊ី AFC Women’s Champions League (AWCL) 2026/27 នៅប្រទេសកៀគីស្ថាន ដោយក្រុមតំណាងប្រទេសកម្ពុជានេះ ត្រូវការឈ្នះដាច់ខាត ដើម្បីរក្សាឱកាសដណ្ដើមកៅអីវគ្គចែកពូល។
ក្រោយភ្លាត់ចាញ់ក្រុមហុងកុង TSL FC ២-០ ក្នុងជំនួបបើកឆាកពូល B កាលពីថ្មីៗ បានក្លាយជាសម្ពាធសម្រាប់ក្រុមនារីភ្នំពេញក្រោន ដែលត្រូវការឈ្នះដាច់ខាតក្នុងការប្រកួតល្ងាចនេះ ដើម្បីរក្សាឱកាសដ៏ស្ដួចស្ដើងរបស់ខ្លួន ក្នុងការប្រជែងកៅអីវគ្គចែកពូល តែបើចាញ់ ឱកាសនេះ នឹងត្រូវបាត់បង់តែម្ដង ដ្បិតបច្ចុប្បន្នក្រុម Kaya FC-Iloilo និង TSL FC សុទ្ធតែមាន ៣ពិន្ទុក្នុងដៃ ខណៈពូលនីមួយៗ មានតែក្រុមកំពូលតារាង ១ក្រុមគត់ដែលមានសិទ្ធិឡើងវគ្គបន្ដ។
សូមរំឮកថា ការប្រកួតជម្រុះបឋមក្នុងពានរង្វាន់ក្លិបបាល់ទាត់នារីទ្វីបអាស៊ីខាងលើ សម្រាប់ពូល B គឺមានបេក្ខភាព ៤ក្លិបចូលរួម ក្នុងនោះមានក្រុមនារីភ្នំពេញក្រោនរបស់កម្ពុជា, ក្រុម Kaya FC-Iloilo របស់ហ្វីលីពីន, ក្រុម TSL FC របស់ហុងកុង និងក្រុមម្ចាស់ផ្ទះកៀគីស្ថាន FC Ilbirs។
ក្រុមនីមួយៗត្រូវធ្វើការប្រកួតវិលជុំ ហើយក្រុមឈរលេខ១ នឹងទទួលបានកៅអីបន្ដដំណើរទៅលេងវគ្គចែកពូល នាដើមខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ៕






