កីឡាករ-កីឡាការិនីហែលទឹកកម្ពុជា ៤រូប ត្រៀមចូលរួមប្រកួតកីឡាអាស៊ី នៅជប៉ុននាខែក្រោយ
20-08-2026 14:16
(ភ្នំពេញ)៖ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា នៅថ្ងៃទី២០ ខែសីហានេះ បានបង្ហាញសមាសភាពកីឡាករ-កីឡាការិនីចំនួន ៤រូប ដែលត្រូវចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី២០ (20th Asian Games Aichi-Nagoya) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខនៅប្រទេសជប៉ុន។
អត្តពលិកតំណាងក្រុមកីឡាហែលទឹកកម្ពុជា ដែលសហព័ន្ធបានសម្រេចត្រៀមបញ្ជូនចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងខាងលើ រួមមានកីឡាករ សុងដឺ ឡាប៉ារ៉ង់ អង់ត្វ័ន, វ៉ានអូស្តិន ពិទ័រសុខខា, សុខ ឥស្សរៈ និងកីឡាការិនី សាក់ប៊ុន ហាលី រ៉ូស ដែលដឹកនាំដោយកញ្ញា ហែម ថុនវិទិនី ជាគ្រូបង្វឹក។
គួរដឹងថា ការប្រកួតកីឡាអាស៊ី លើកទី២០ ដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ នាខែក្រោយនេះ កម្ពុជាត្រៀមបញ្ជូនអត្តពលិកប្រមាណ ១០ប្រភេទកីឡាចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបនេះ ក្នុងនោះក៏មានកីឡាហែលទឹកផងដែរ៕







