ចិន បង្ហាញមនុស្សយន្តជំនាន់ថ្មីជាង ២ពាន់ម៉ូដែល ត្រៀមវាយលុកទីផ្សារ និងជំនួសកម្លាំងពលកម្ម
20-08-2026 15:11
(ប៉េកាំង)៖ ក្រុមហ៊ុនផលិតមនុស្សយន្តចិនជាង ៣០០ បានប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង ក្នុងពិព័រណ៍មនុស្សយន្តពិភពលោក (World Robot Conference) ដើម្បីដាក់បង្ហាញមនុស្សយន្តរូបរាងដូចមនុស្ស (Humanoids) ជាង ២,០០០ ម៉ូឌែល ដែលត្រៀមខ្លួនចេញធ្វើការងារពិតប្រាកដក្នុងសង្គម។
នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនចិនបានបង្ហាញពីសមត្ថភាពមនុស្សយន្តដែលអាចធ្វើការងារយ៉ាងស្ទាត់ជំនាញដូចជា ការតំរៀប និងបែងចែកកញ្ចប់អីវ៉ាន់ ការរៀបចំទូរស័ព្ទដៃចូលប្រអប់ក្នុងសង្វាក់ផលិតកម្ម និងការជួយធ្វើការងារផ្ទះ។ នេះជាសញ្ញាបញ្ជាក់ពីការផ្លាស់ប្តូរដ៏សំខាន់ ពីការដាក់បង្ហាញមនុស្សយន្តដើម្បីតែការកម្សាន្ត ទៅជាការយកទៅប្រកបអាជីវកម្ម និងប្រើប្រាស់ក្នុងឧស្សាហកម្មពិតប្រាកដ។
ក្រោយការតាំងបង្ហាញនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនមនុស្សយន្ត Unitree បានកើនឡើងជិត ៦ដង ក្នុងថ្ងៃជួញដូរដំបូងនៅសៀងហៃ ខណៈក្រុមហ៊ុនដទៃទៀតក៏ត្រៀមចុះបញ្ជីលក់ភាគហ៊ុនផងដែរ។ លោកស្រី Madison Huang ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនអាមេរិក Nvidia បានអញ្ជើញទៅទស្សនាដោយផ្ទាល់ ដែលបង្ហាញថាចិនជា «មជ្ឈមណ្ឌលបច្ចេកវិទ្យាមនុស្សយន្ត» ដ៏សំខាន់។ ជាក់ស្តែង មនុស្សយន្តកំពុងត្រូវបានដាក់ឱ្យធ្វើតេស្ត និងបំពេញការងារក្នុងក្រុមហ៊ុនធំៗដូចជា China Post, Apple supplier (Lens Technology) និងក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ។
គួរជម្រាបថា រដ្ឋាភិបាលចិនបានចាត់ទុកវិស័យមនុស្សយន្តជា «កម្លាំងចលករថ្មី» សម្រាប់ជំរុញសេដ្ឋកិច្ច។ អ្នកជំនាញបានលើកឡើងថា វដ្តនៃការអភិវឌ្ឍមនុស្សយន្តនៅចិនមានល្បឿនលឿនខ្លាំង (ត្រឹមតែ ៦ ទៅ ៨ ខែ) ដែលធ្វើឱ្យប្រទេសនេះខិតជិតទៅរកការប្រកាសប្រើប្រាស់មនុស្សយន្តជាទូទៅក្នុងជីវភាពប្រចាំថ្ងៃនាពេលឆាប់ៗនេះ៕











