បុគ្គលល្បីៗ និង AI សុទ្ធតែទស្សន៍ទាយថា Arsenal បន្តឈ្នះជើងឯកលីគ គ្រាដែលរដូវកាលថ្មីចាប់ផ្តើមយប់ស្អែក

20-08-2026 16:23

(បរទេស)៖ បុគ្គលៗ និងអតីតកីឡាករល្បីលំដាប់ពិភពលោក រួមទាំងបញ្ហាសិប្បនិម្មិត AI សុទ្ធតែបានធ្វើការទស្សន៍ទាយដូចៗគ្នាថា កាំភ្លើងធំ Arsenal បន្តការពារតំណែងជើងឯកលីគអង់គ្លេស Premier League បានសម្រេចដដែល ដ្បិតរដូវកាលថ្មីឆ្នាំ២០២៦-២៧ នឹងចាប់ផ្តើមពីរាត្រីថ្ងៃស្អែកនេះតទៅ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Arsenal បានបញ្ចប់ការទន្ទឹងរង់ចាំពានលីគកំពូល PL អស់រយៈពេល ២២ឆ្នាំគិតចាប់ពីឆ្នាំ២០០៤ តាមរយៈដណ្តើមជើងឯកបានសម្រេចនារដូវកាល ២០២៥-២៦ ជាមួយនឹងពិន្ទុនាំមុខក្រុមលេខ២ Manchester City ៧ពិន្ទុនៅថ្ងៃបិទរដូវកាល។

ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Mikel Arteta ត្រូវប្រឈមមុខនឹងក្រុមទើបឡើងថ្មី Coventry City របស់លោក Frank Lampard ពីការប្រកួតបើកឆាកសប្តាហ៍ទី១ នាម៉ោង ២យប់រំលងអាធ្រាត្រឈានចូលថ្ងៃសោរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា)។

ទន្ទឹមគ្នានោះ បុគ្គលល្បីៗ រួមទាំងអតីតកីឡាករមានដូចជា Chris Sutton, Ellen White, Tony Pulis, Danny Murphy និង Wayne Rooney រួមទាំង AI សុទ្ធតែចាប់យក Arsenal បន្តឈ្នះជើងឯក Premier League 2026-27 ដដែល។

លីគកំពូលអង់គ្លេស Premier League 2026-27 នឹងបើកសម្ពោធរដូវកាលថ្មីចាប់ពីចុងសប្តាហ៍នេះតទៅហើយ ក្នុងចំណោម ៣៨០ប្រកួតសរុប ដោយមាន ២០ក្លិបចូលរួមដដែល ពោលគឺមុនពេលបិទទីផ្សារដោះដូរកីឡាករបិទទ្វារវិញ នាថ្ងៃទី០១ ខែកញ្ញាតែម្តង៕