Samsung គ្រោងបញ្ចេញកញ្ចប់ថវិកាជាង ៧២ពាន់លានដុល្លារ ជូនម្ចាស់ភាគហ៊ុន ចំពេលតម្រូវការបន្ទះឈីប AI កើនឡើងខ្លាំង

21-08-2026 09:19

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់កូរ៉េខាងត្បូង Samsung Electronics ត្រូវគេរំពឹងថានឹងប្រកាសពីគោលនយោបាយផ្តល់ផលចំណេញត្រឡប់ទៅម្ចាស់ភាគហ៊ុនវិញជាប្រវត្តិសាស្ត្រ ដែលមានតម្លៃសរុបជាង ១០០ទ្រីលានវ៉ុន (ប្រហែល ៧១,៧៥ពាន់លានដុល្លារ) នៅចុងខែសីហានេះ។ ការសម្រេចចិត្តនេះធ្វើឡើងក្នុងគោលបំណងបែងចែកប្រាក់ចំណេញបំបែកកំណត់ត្រាជូនដល់វិនិយោគិន នៅក្នុងអំឡុងពេលដែលតម្រូវការបន្ទះឈីប (Chip supercycle) កំពុងស្ទុះកើនឡើងយ៉ាងខ្លាំងដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន MoneyToday ដោយផ្អែកលើប្រភពក្នុងឧស្សាហកម្ម ក្រុមហ៊ុន Samsung នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅចុងខែនេះ ដើម្បីអនុម័តផែនការបែងចែកថវិកា ដែលក្នុងនោះរួមមានទាំងការទូទាត់ប្រាក់ភាគលាភពិសេស (special dividend) ផងដែរ។ របាយការណ៍ដដែលបានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនគ្រោងនឹងចំណាយថវិការហូតដល់ ៥០% នៃលំហូរសាច់ប្រាក់សេរី (free cash flow) របស់ខ្លួន សម្រាប់អនុវត្តកម្មវិធីផ្តល់ផលចំណេញថ្មីមួយនេះ។

ចំណាត់ការរបស់ Samsung ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនគូប្រជែងក្នុងស្រុក SK Hynix ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេទីពីរលើពិភពលោក បានប្រកាសនៅថ្ងៃពុធពីផែនការទិញភាគហ៊ុនត្រឡប់មកវិញ និងលុបចោលភាគហ៊ុនក្នុងទំហំទឹកប្រាក់ ៤០ទ្រីលានវ៉ុន ដែលជាកញ្ចប់ថវិកាផ្តល់ផលចំណេញជូនម្ចាស់ភាគហ៊ុនធំបំផុតមិនធ្លាប់មានដោយក្រុមហ៊ុនចុះបញ្ជីនៅកូរ៉េខាងត្បូង។ SK Hynix ក៏បានបញ្ជាក់ដែរថា ខ្លួននឹងបែងចែកថវិកាច្រើនជាង ៥០% នៃលំហូរសាច់ប្រាក់សេរីដែលរកបានចន្លោះឆ្នាំ ២០២៥ និង ២០២៧ ជូនទៅម្ចាស់ភាគហ៊ុនដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ ជុំវិញរបាយការណ៍នៃការប្រកាសកញ្ចប់ថវិកាយ៉ាងក្រាស់ក្រៃនេះ តំណាងក្រុមហ៊ុន Samsung Electronics មិនទាន់បានធ្វើអត្ថាធិប្បាយ ឬបញ្ជាក់លម្អិតបន្ថែមនៅឡើយទេ៕