ព្រះខ័នរាជ ប៉ះក្រុមហុងកុង EDFC ដណ្ដើមពានមិត្តភាពអន្ដរជាតិយប់នេះ ខណៈអ្នកគាំទ្ររំពឹងកាន់តែជក់ចិត្ត

21-08-2026 09:31

(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបគូប្រជែង Eastern District FC (EDFC) របស់ហុងកុងសារជាថ្មី នាវេលាម៉ោង ៧យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់មិត្តភាពអន្ដរជាតិ Pre-Season Cup 2026 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្រុមទាំងពីរបានជួបគ្នាម្ដងរួចមកហើយ កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅ ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១។ ប៉ុន្ដែជំនួបនារាត្រីថ្ងៃសុក្រនេះ អ្នកគាំទ្ររំពឹងនឹងកាន់តែជក់ចិត្ត ដ្បិតក្រុមទាំងពីរនឹងពង្រឹងក្រុមរៀងៗខ្លួន ដើម្បីប្រជែងពាន ពិសេសក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង។

ដោយផ្អែកលើទម្រង់លេងកាលពីជួបគ្នា ៣ថ្ងៃមុន ព្រះខ័នរាជស្វាយរៀង មានឱកាសគ្រប់គ្រងការប្រកួត និងដាក់សម្ពាធខ្លាំងលើក្រុម EDFC ក្នុងនោះឱកាសស៊ុតដ៏គ្រោះថ្នាក់ស្ទើររាប់ភ្លេច តែភាគច្រើនបាល់បុកបង្គោល និងរបាទី ក៏ដូចជាការសង្គ្រោះរបស់អ្នកចាំទី។ ប៉ុន្ដែយប់នេះអ្នកគាំទ្រជឿថា ស្វាយរៀង នឹងពង្រឹងតំបន់ប្រយុទ្ធកាន់តែខ្លាំង ហើយអាចមានគ្រាប់បាល់កើតឡើងច្រើនទៀតផង។

គួរដឹងថា ពានរង្វាន់មិត្តភាពអន្ដរជាតិខាងលើ គឺជាឱកាសសម្រាប់ក្រុមនីមួយៗ បានរៀបចំ ពង្រឹង និងត្រៀមលក្ខណៈសម្រាប់រដូវកាលថ្មី ដែលគ្រោងនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខ។ ប៉ុន្ដែក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត គ្រូបង្វឹក ក៏ដូចជាកីឡាករតំណាងក្រុមនីមួយៗថា សុទ្ធតែបានតាំងចិត្តធ្វើឲ្យបានល្អ ស្របតាមផែនការរៀបចំរបស់ក្រុមផង ក៏ដូចជាការដណ្ដើមពាន ដើម្បីលើកមុខមាត់ និងកិត្តិយសក្លិបផង។

សម្រាប់ពានរង្វាន់ Pre-Season Cup 2026 ដែលរៀបចំដោយក្លិបព្រះខ័នរាជស្វាយរៀងនេះដែរ គឺមាន ៣ក្លិប មកពី ៣ប្រទេសចូលរួម ប៉ុន្ដែក្លិប Geylang International FC របស់សិង្ហបុរី បានធ្លាក់មុនគេ ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា រួមមានចាញ់ព្រះខ័នរាជស្វាយរៀង ២-១ និងចាញ់ក្លិប Eastern District FC ៣-១៕