Kakao ប្រកាសបំបែកអាជីវកម្មបង្កើតក្រុមហ៊ុន KakaoAI ដើរលើផ្លូវបច្ចេកវិទ្យា និងត្រៀមចុះបញ្ជីលើផ្សារភាគហ៊ុននៅឆ្នាំ២០២៧

21-08-2026 10:31

(បរទេស)៖ ក្រុមហ៊ុន Kakao Corp ដែលជាប្រតិបត្តិករកម្មវិធីផ្ញើសារ KakaoTalk ធំជាងគេនៅកូរ៉េខាងត្បូង បានប្រកាសពីផែនការបំបែកអាជីវកម្មភ្លេតហ្វមកម្មវិធីសាររបស់ខ្លួន ទៅជាក្រុមហ៊ុនថ្មីមួយមានឈ្មោះបណ្តោះអាសន្នថា KakaoAI ខណៈដែលអាជីវកម្មផ្នែកវិនិយោគ នឹងត្រូវរក្សាទុកក្រោមក្រុមហ៊ុនដែលប្តូរឈ្មោះទៅជា KakaoX។ ការបំបែកក្រុមហ៊ុននេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមករា ហើយអង្គភាព KakaoAI ថ្មី ត្រូវគេរំពឹងថានឹងចុះបញ្ជីឡើងវិញនៅលើផ្សារភាគហ៊ុនកូរ៉េ (Korea Exchange) នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៧។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

យោងតាមការបញ្ជាក់នៅក្នុងឯកសារបទប្បញ្ញត្តិ ក្រុមហ៊ុន Kakao បានឱ្យដឹងថា «ជាមួយចំណាត់ការនេះ ក្រុមហ៊ុនស្វែងរកការដោះស្រាយបញ្ហាបញ្ចុះតម្លៃ (Conglomerate Discount) និងពង្រឹងជំនាញអាជីវកម្មឱ្យកាន់តែច្បាស់លាស់»។ តាមរយៈការបែងចែកនេះ KakaoAI នឹងផ្តោតសំខាន់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការផ្សាយពាណិជ្ជកម្ម ពាណិជ្ជកម្មអេឡិចត្រូនិច និងកម្មវិធីផ្ញើសារ KakaoTalk ខណៈដែល KakaoX នឹងគ្រប់គ្រងលើការវិនិយោគក្នុងវិស័យ FinTech មាតិកា និងសេវាធ្វើដំណើរ (Mobility)។

ចំពោះគោលដៅហិរញ្ញវត្ថុរយៈពេលវែងនៅត្រឹមឆ្នាំ២០៣០ ក្រុមហ៊ុនបានកំណត់ទិសដៅឱ្យ KakaoAI សម្រេចបានចំណូលយ៉ាងតិច ៦ ទ្រីលានវ៉ុន (ប្រហែល ៤.៣៤ ពាន់លានដុល្លារ) ជាមួយនឹងរឹមប្រាក់ចំណេញប្រតិបត្តិការលើសពី ៣០% ចំណែក KakaoX ត្រូវបានរំពឹងថានឹងរកចំណូលឱ្យបានចាប់ពី ១០ ទ្រីលានវ៉ុនឡើងទៅ។

គួរបញ្ជាក់ថា KakaoTalk គឺជាកម្មវិធីផ្ញើសារគ្របដណ្តប់លើអ្នកប្រើប្រាស់ជាង ៩០% នៃប្រជាជនកូរ៉េខាងត្បូង ហើយក្រុមហ៊ុនបានរាយការណ៍ពីចំណូលរួមចំនួន ៨.១ ទ្រីលានវ៉ុន កាលពីឆ្នាំ២០២៥។ ដើម្បីពង្រឹងទំនុកចិត្តដល់វិនិយោគិន ក្រុមហ៊ុនក៏បានសន្យានឹងទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញ និងលុបចោលភាគហ៊ុនក្នុងទំហំទឹកប្រាក់ ៣០០ ពាន់លានវ៉ុន (ប្រហែល ២១៧ លានដុល្លារ) ក្នុងរយៈពេល ៣ ឆ្នាំ បន្ទាប់ពីដំណើរការបំបែកក្រុមហ៊ុននេះត្រូវបានបញ្ចប់៕