ឥឡូវនេះ ChatGPT អាចផ្ញើសារជំនួសអ្នកបានហើយ ជាមួយកម្មវិធីបន្ថែម (Plug-in) Apple Messages ថ្មី

21-08-2026 12:54

(បរទេស)៖ មន្ទីរពិសោធន៍ AI នៃក្រុមហ៊ុន OpanAI ទើបតែបានដាក់ឱ្យប្រើប្រាស់កម្មវិធីបន្ថែម Apple Messages សម្រាប់ ChatGPT ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលមានបំណង ចែករំលែក និងតភ្ជាប់ប្រអប់សារ Messages របស់ពួកគេជាមួយនឹងកម្មវិធីសន្ទនាបូត (Chatbot) នេះ។

ក្រុមហ៊ុន OpenAI អះអាងថា ផលប្រយោជន៍នៃការធ្វើបែបនេះគឺមានច្រើនយ៉ាង។ អ្នកប្រើប្រាស់អាចប្រើប្រាស់កម្មវិធីបន្ថែមនេះ ដើម្បីរៀបចំ វិភាគ ឬកែសម្រួលសាររបស់ពួកគេដោយផ្ទាល់ពី ChatGPT។ កម្មវិធីបន្ថែមនេះក៏ដំណើរការជាមួយ Codex និង ChatGPT Work ផងដែរ ដូច្នេះអ្នកប្រើប្រាស់អាចប្រើប្រាស់វាសម្រាប់ការងារផ្លូវការ ហើយមិនមែនត្រឹមតែជាលក្ខណៈបុគ្គលនោះឡើយ។ វីដេអូពាណិជ្ជកម្មខ្លីមួយដែលផ្សព្វផ្សាយពីកម្មវិធីបន្ថែមថ្មីនេះ បានបង្ហាញពីអ្នកប្រើប្រាស់ម្នាក់កំពុងសួរ Chatbot ឱ្យជួយណែនាំសារឆ្លើយតបទៅកាន់ទំនាក់ទំនង (Contacts) របស់ពួកគេ ដោយផ្អែកលើសារដែលបានទទួលកាលពីថ្ងៃមុន។ អ្នកក៏អាចសុំឱ្យ ChatGPT លុបសារជំនួសអ្នក ព្រាង និងផ្ញើសារក្នុងនាមជាអ្នក ឬស្វែងរកព័ត៌មានដែលកប់ជ្រៅក្នុងប្រវត្តិសាររបស់អ្នកផងដែរ។ ដូចគ្នានឹងរឿងភាគច្រើនដែលពាក់ព័ន្ធនឹង AI ដែរ លក្ខណៈពិសេសថ្មីនេះបានចោទជាសំណួរមួយចំនួនអំពីឯកជនភាព។

ក្រុមហ៊ុន OpenAI បានប្រាប់សារព័ត៌មាន Bloomberg ថា កម្មវិធីបន្ថែមនេះដំណើរការដោយផ្ទាល់នៅលើម៉ាស៊ីន (ឧបករណ៍) របស់អ្នកប្រើប្រាស់ ហើយវា «មិនបង្កើតសន្ទស្សន៍ (Index) នៃសារទាំងអស់របស់នរណាម្នាក់នោះទេ»។ ទោះជាយ៉ាងណាក៏ដោយ លម្អិតជាក់លាក់នៃអត្ថន័យនោះគឺមិនទាន់ច្បាស់លាស់ភ្លាមៗនៅឡើយទេ។ សារព័ត៌មាន TechCrunch បានទាក់ទងទៅ OpenAI ដើម្បីសុំព័ត៌មានបន្ថែម។

គួរជម្រាបថា នៅពេលនិយាយអំពីការផ្ញើសារ OpenAI លើកទឹកចិត្តឱ្យអ្នកប្រើប្រាស់តាមដានមើលនូវអ្វីដែល ChatGPT កំពុងធ្វើ និងណែនាំ មិនឱ្យបើកការអនុញ្ញាតជាអចិន្ត្រៃយ៍ (Persistent Approval) នោះទេ ដោយព្រមានថា ការធ្វើបែបនេះ «នឹងដកចេញនូវឱកាសចុងក្រោយរបស់អ្នកក្នុងការពិនិត្យមើលសារ មុនពេល ChatGPT ផ្ញើវាក្នុងនាមជាអ្នក» នេះបើយោងតាមការសរសេររបស់ក្រុមហ៊ុន៕