ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយ ២០គ្រឿង ក្នុងការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦

21-08-2026 14:23

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតរយៈពេល ១សប្ដាហ៍ពេញ ចាប់ពីថ្ងៃទី១៥-២១ ខែសីហានេះ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយក្រុមកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយសរុប ២០គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៨)។

ព្រឹត្តិការណ៍ប្រចាំតំបន់នេះ មានអត្តពលិក ៧ប្រទេសចូលរួម គឺមានមីយ៉ាន់ម៉ា វៀតណាម ឡាវ ទីម័រខាងកើត ប្រ៊ុយណេ ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា ដែលប្រកួតលើវិញ្ញាសាឯកត្តជនបុរស-នារី, វិញ្ញាសាវាយគូបុរស, វិញ្ញាសាវាយគូនារី និងវាយគូចម្រុះបុរសនារី លើ ៣កម្រិតអាយុ រួមមានអាយុក្រោម ១៦ឆ្នាំ, អាយុក្រោម ១៩ឆ្នាំ និងអាយុក្រោម ២៣ឆ្នាំ។

ជាលទ្ធផលឆ្លងកាត់ការប្រកួត ៤ថ្ងៃដំបូង ក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ៣គ្រឿង លើវិញ្ញាសាក្រុមចម្រុះបុរស-នារី (U16, U19 និង U23) ហើយនៅថ្ងៃទី២១ ខែសីហានេះ កម្ពុជាដណ្ដើមបានមេដាយ ១៧គ្រឿងបន្ថែមទៀត រួមមានមេដាយមាស ៣ ប្រាក់ ៦ និងសំរឹទ្ធ ៨។ សរុបក្រុមកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយចំនួន ២០គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៨)។

មេដាយទាំងអស់នេះ នាំឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា ឈរលេខរៀងទី២ បន្ទាប់ពីក្រុមកីឡាវាយសីមីយ៉ាន់ម៉ា ដណ្ដើមបានមេដាយច្រើនជាងគេប្រចាំព្រឹត្តិការណ៍សរុប ២១គ្រឿង (មាស ១៤ ប្រាក់ ៦ និងសំរឹទ្ធ ១) ខណៈក្រុមកីឡាវាយសីឡាវ ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ១២គ្រឿង (មាស ១ ប្រាក់ ៣ និងសំរឹទ្ធ ៨)។

ពិធីបិទការប្រកួតនេះធ្វើឡើងក្រោមវត្តមានលោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា រួមជាមួយលោក Kim Jong Soo សហព័ន្ធកីឡាវាយសីអាស៊ី ហើយក៏មានការចូលរួមទស្សនាយ៉ាងច្រើនពីអ្នកស្នេហាវិស័យកីឡាវាយសីផងដែរ៕