តុលាការអាមេរិកលុបចោលបទចោទ «ចារកម្មសេដ្ឋកិច្ច» លើអតីតវិស្វករ Google តែរក្សាទោស «លួចការសម្ងាត់ AI»
21-08-2026 15:45
(បរទេស)៖ ចៅក្រមសហព័ន្ធអាមេរិក Vince Chhabria បានសម្រេចលុបចោលផ្នែកខ្លះនៃទោសទណ្ឌលើលោក Linwei Ding អតីតវិស្វករកម្មវិធីរបស់ក្រុមហ៊ុន Google ដោយបានទម្លាក់បទចោទប្រកាន់ពីបទ «ចារកម្មសេដ្ឋកិច្ច» ចំនួន ៧ ករណី ដោយសារតែខ្វះភស្តុតាងគ្រប់គ្រាន់ក្នុងការបញ្ជាក់ថា រូបគេមានបំណង ឬបានដឹងថា សកម្មភាពរបស់ខ្លួននឹងផ្តល់ប្រយោជន៍ដល់រដ្ឋាភិបាលចិន។ ទោះជាយ៉ាងណា តុលាការនៅតែរក្សាការសម្រេចទោសលើរូបគេពាក់ព័ន្ធនឹងបទ «លួចការសម្ងាត់ពាណិជ្ជកម្ម» ចំនួន ៧ ករណីដដែល។ នេះបើយោងតាមការចេញផ្សាយដោទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមេធាវីរបស់លោក Ding បានដាក់ពាក្យតវ៉ាដោយអះអាងថា ក្រសួងយុត្តិធម៌អាមេរិកមិនបានបង្ហាញភស្តុតាងដោះស្រាយមន្ទិលសង្ស័យសមហេតុផលនោះទេ។ តាមច្បាប់អាមេរិក បទចោទប្រកាន់ចារកម្មសេដ្ឋកិច្ចនីមួយៗប្រឈមមុខនឹងទោសពន្ធនាគារអតិបរមា ១៥ ឆ្នាំ និងពិន័យជាប្រាក់ ៥ លានដុល្លារ ខណៈបទលួចការសម្ងាត់ពាណិជ្ជកម្មនីមួយៗប្រឈមមុខនឹងទោសពន្ធនាគារអតិបរមា ១០ ឆ្នាំ និងពិន័យជាប្រាក់ ២៥០,០០០ ដុល្លារ។
ព្រះរាជអាជ្ញាបានចោទប្រកាន់ថា លោក Ding បានលួចព័ត៌មានសម្ងាត់រាប់ពាន់ទំព័រអំពីហេដ្ឋារចនាសម្ព័ន្ធ hardware និងភ្លេតហ្វម software ដែល Google ប្រើប្រាស់សម្រាប់បង្វឹកម៉ូឌែល AI ខ្នាតធំ ដើម្បីយកទៅផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនចិនចំនួនពីរ។ គំរូបន្ទះឈីបដែលត្រូវបានលួចនោះ ត្រូវបានបង្កើតឡើងដើម្បីជួយឱ្យ Google កាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុន Nvidia និងបង្កើនប្រៀបឈ្នះលើគូប្រជែង cloud computing ដូចជា Amazon និង Microsoft ។
ឆ្លើយតបនឹងការសម្រេចនេះ មេធាវីតំណាងឱ្យលោក Ding បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ខណៈដែលក្រសួងយុត្តិធម៌អាមេរិក និងក្រុមហ៊ុន Google មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។ យោងតាមកំណត់ហេតុតុលាការ លោក Ding ត្រូវរង់ចាំការប្រកាសទោសជាផ្លូវការនៅថ្ងៃទី០១ ខែកញ្ញាខាងមុខនេះ៕














