VCAT និង Xero ចុះកិច្ចសហការជាដៃគូ ដើម្បីជំរុញបរិវត្តកម្មឌីជីថលផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យ និងពន្ធ សម្រាប់ SMEs នៅកម្ពុជា

21-08-2026 16:36

(អូក្លិន)៖ ក្រុមហ៊ុន VCAT Professional Consultant Co., Ltd របស់ប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនគណនេយ្យទទួលបានអាជ្ញាបណ្ណពីនិយ័តគណនេយ្យ និងសវនកម្ម (ACAR) និងអាជ្ញាបណ្ណភ្នាក់ងារសេវាកម្មពន្ធដារ និងទទួលបានអនុលោមភាពកម្រិតមាស (Gold Tax Compliance) ពីអគ្គនាយកដ្ឋានពន្ធដារ (GDT) តំណាងដោយលោក វណ្ណឌី សុវិទូរ្យ៍ ទីប្រឹក្សាជាន់ខ្ពស់ បានចុះកិច្ចសហការជាដៃគូជាមួយ Xero ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាគណនេយ្យលើប្រព័ន្ធអនឡាញ (Cloud-Based Accounting) មានប្រភពពីប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពាំនាំការប្រើប្រាស់បច្ចេកវិទ្យា និងដំណោះស្រាយគណនេយ្យឌីជីថលរបស់ Xero មកគាំទ្រដល់ទីផ្សារកម្ពុជា ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs)។

មុនឈានដល់កិច្ចសហការនេះ VCAT បានចំណាយពេលប្រមាណជិតមួយឆ្នាំក្នុងការសិក្សា សាកល្បង និងរៀបចំផែនការអនុវត្ត រួមទាំងការបណ្តុះបណ្តាលក្រុមការងារជំនាញលើការប្រើប្រាស់ប្រព័ន្ធ Cloud-Based Accounting និងការសិក្សាអំពីបច្ចេកវិទ្យា និងមុខងារ AI ដែលត្រូវបានបញ្ចូលក្នុងប្រព័ន្ធ Xero និងធ្វើការពិភាក្សា និងប្រជុំជាទៀងទាត់ជាមួយក្រុមការងារ Xero សាខានៅប្រទេសសិង្ហបុរីដែលគ្រប់គ្រងតំបន់អាស៊ីអាគ្នេយ៍។

កិច្ចសហការរវាង VCAT និង Xero ត្រូវបានរំពឹងថា នឹងចូលរួមចំណែកក្នុងការជំរុញបរិវត្តកម្មឌីជីថលផ្នែកគណនេយ្យ និងហិរញ្ញវត្ថុរបស់ SMEs នៅកម្ពុជា និងជួយឱ្យអាជីវកម្មមានប្រព័ន្ធកត់ត្រា និងគ្រប់គ្រងទិន្នន័យហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការអនុវត្តកាតព្វកិច្ចរបាយការណ៍ហិរញ្ញវត្ថុ និងកាតព្វកិច្ចសារពើពន្ធ។

លោក វណ្ណឌី សុវិទូរ្យ៍ បានលើកឡើងថា៖ «តាមរយៈកិច្ចសហការរវាង VCAT និង Xero យើងចង់ជួយឱ្យម្ចាស់អាជីវកម្ម SMEs នៅកម្ពុជា អាចផ្លាស់ប្តូរពីការគ្រប់គ្រងហិរញ្ញវត្ថុបែបប្រពៃណី ទៅរកការគ្រប់គ្រងបែបឌីជីថល ដែលមានភាពងាយស្រួល រហ័ស និងអាចទទួលបានព័ត៌មានហិរញ្ញវត្ថុសម្រាប់ការសម្រេចចិត្តបានកាន់តែទាន់ពេលវេលា»

លោកបានបន្តថា SMEs មួយចំនួននៅកម្ពុជានៅតែប្រឈមនឹងបញ្ហាសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជា ការមិនអាចកំណត់ថ្លៃដើមបានច្បាស់លាស់ ការមិនដឹងពីប្រាក់ចំណេញ ឬខាតជាក់ស្តែង ការគ្រប់គ្រងស្តុកមិនបានត្រឹមត្រូវ ការកត់ត្រាប្រាក់បៀវត្សរ៍បុគ្គលិក ការគ្រប់គ្រងចំណាយ និងការទូទាត់ផ្សេងៗ ព្រមទាំងការប្រមូលឯកសារ និងទិន្នន័យនៅពេលត្រូវរៀបចំរបាយការណ៍ ឬឆ្លើយតបទៅនឹងតម្រូវការអនុលោមតាមច្បាប់។

បញ្ហាទាំងនេះកាន់តែបង្ហាញច្បាស់ ជាពិសេសនៅពេល អគ្គនាយកដ្ឋានពន្ធដារ (GDT) ជូនដំណឹងស្តីពីការចុះធ្វើសវនកម្មពន្ធដារ ឬនៅពេល និយ័តករគណនេយ្យ និងសវនកម្ម (ACAR) ជូនដំណឹងអំពីកាតព្វកិច្ចដាក់បញ្ចូនរបាយការណ៍ហិរញ្ញវត្ថុ។ ក្នុងករណីខ្លះ ម្ចាស់អាជីវកម្មមិនទាន់មានរបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំតាមស្តង់ដារ មានទិន្នន័យគ្រប់គ្រាន់ និងអាចផ្ទៀងផ្ទាត់បាន ដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចទាំងនោះឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។

ក្នុងអាជីវកម្មមួយចំនួន ការស្នើសុំចំណាយ ការអនុម័តការទូទាត់ និងការផ្ញើឯកសារនៅតែធ្វើឡើងតាមរយៈកម្មវិធីទំនាក់ទំនងដូចជា Telegram ឬ Messenger ដែលអាចបង្កការលំបាកក្នុងការតាមដានប្រតិបត្តិការ និងការរក្សាទុកឯកសារជាប្រព័ន្ធនៅពេលអាជីវកម្មរីកធំឡើង។

ការប្រើប្រាស់ប្រព័ន្ធគណនេយ្យលើ Cloud Online អាចជួយប្រមូលផ្តុំទិន្នន័យគណនេយ្យ និងហិរញ្ញវត្ថុនៅលើប្រព័ន្ធតែមួយ អនុញ្ញាតឱ្យម្ចាស់អាជីវកម្ម និងក្រុមការងារដែលមានសិទ្ធិ អាចតាមដានព័ត៌មាន និងរបាយការណ៍បានតាមប្រព័ន្ធអនឡាញ និងឧបករណ៍ចល័ត។

បញ្ហាទាំងនេះកាន់តែបង្ហាញច្បាស់ ជាពិសេសនៅពេល អគ្គនាយកដ្ឋានពន្ធដារ (GDT) ជូនដំណឹងស្តីពីការចុះធ្វើសវនកម្មពន្ធដារ ឬនៅពេល និយ័តករគណនេយ្យ និងសវនកម្ម (ACAR) ជូនដំណឹងអំពីកាតព្វកិច្ចដាក់បញ្ចូនរបាយការណ៍ហិរញ្ញវត្ថុ។ ក្នុងករណីខ្លះ ម្ចាស់អាជីវកម្មមិនទាន់មានរបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំតាមស្តង់ដារ មានទិន្នន័យគ្រប់គ្រាន់ និងអាចផ្ទៀងផ្ទាត់បាន ដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចទាំងនោះឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ។

លោក វណ្ណឌី សុវិទូរ្យ៍ បានលើកយកបទពិសោធន៍នៅប្រទេសនូវែលសេឡង់ និងសិង្ហបុរីជាឧទាហរណ៍ ដែលការប្រើប្រាស់ប្រព័ន្ធ Cloud Accounting បានក្លាយជាផ្នែកសំខាន់មួយនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងការអនុវត្តកាតព្វកិច្ចរបស់អាជីវកម្ម។ ជាឧទាហរណ៍ នៅប្រទេសនូវែលសេឡង់ អាជីវកម្មអាចប្រើប្រាស់ប្រព័ន្ធគណនេយ្យឌីជីថល ដើម្បីគាំទ្រដល់ការរៀបចំ និងបញ្ចូនព័ត៌មានពាក់ព័ន្ធនឹងកាតព្វកិច្ច GST (អាករលើទំនិញនិងសេវា ឬហៅថា VAT) និង PAYE (ពន្ធលើចំណូលបុគ្គល) ទៅកាន់ Inland Revenue Department (IRD) ហើយប្រព័ន្ធក៏អាចផ្តល់សិទ្ធិចូលប្រើប្រាស់ជូនគណនេយ្យករ ទីប្រឹក្សាពន្ធ ឬសវនករ ដើម្បីពិនិត្យ និងធ្វើការលើទិន្នន័យ និងរបាយការណ៍ហិរញ្ញវត្ថុទាំងនោះតែម្តង។

លោកបានបន្តថា លទ្ធភាពនៃការភ្ជាប់ប្រព័ន្ធតាមរយៈ API ក៏ជាចំណុចសំខាន់មួយ ដែលអនុញ្ញាតឱ្យ Xero អាចធ្វើសមាហរណកម្មជាមួយកម្មវិធី និងប្រព័ន្ធផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ បទពិសោធន៍ទាំងនេះអាចក្លាយជាករណីសិក្សាដ៏មានប្រយោជន៍សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុឌីជីថល ដែលអាចជួយសម្រួលដល់ការគ្រប់គ្រងអាជីវកម្ម ការរៀបចំរបាយការណ៍ និងការអនុវត្តកាតព្វកិច្ចតាមបទប្បញ្ញត្តិឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

លោកបានបន្ថែមថា៖ «ប្រសិនបើយើងចង់បង្កើតវប្បធម៌នៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការអនុវត្តកាតព្វកិច្ចសារពើពន្ធឱ្យកាន់តែទូលំទូលាយនៅក្នុងវិស័យ SMEs នោះការអនុវត្តកាតព្វកិច្ចទាំងនេះគួរតែមានភាពងាយស្រួល ឌីជីថល និងអាចប្រើប្រាស់បានសម្រាប់ម្ចាស់អាជីវកម្មគ្រប់កម្រិត»

លោកបានចាត់ទុកការធ្វើបរិវត្តកម្មគណនេយ្យ និងហិរញ្ញវត្ថុទៅជាឌីជីថលថា មិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការពង្រឹងអភិបាលកិច្ចអាជីវកម្ម តម្លាភាពហិរញ្ញវត្ថុ និងសមត្ថភាពរបស់ SMEs ក្នុងការរីកចម្រើនប្រកបដោយចីរភាព។

តាមរយៈកិច្ចសហការនេះ VCAT មានគោលដៅបន្តការបណ្តុះបណ្តាលក្រុមការងារ ផ្សព្វផ្សាយចំណេះដឹងអំពី Cloud Accounting និងគាំទ្រដល់ការអនុវត្ត Xero សម្រាប់អាជីវកម្មនៅកម្ពុជា ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាឱ្យសមស្របនឹងតម្រូវការជាក់ស្តែងរបស់អាជីវកម្មកម្ពុជា៕