ព្រះខ័នរាជស្វាយរៀង គ្រងជើងឯកពាន Pre-Season Cup ក្រោយយកឈ្នះក្រុម EDFC ដោយលទ្ធផល ៣-១
22-08-2026 08:53
(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកពានរង្វាន់មិត្តភាពអន្ដរជាតិ Pre-Season Cup 2026 បន្ទាប់ពីយកឈ្នះក្លិប Eastern District FC របស់ហុងកុង ដោយលទ្ធផល ៣-១ នៅក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រនារាត្រីថ្ងៃសុក្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ជំនួបកាត់សេចក្ដីនេះ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខ ២គ្រាប់មុន នៅវគ្គទី១ ដែលរកបានដោយកីឡាករ ណារ៉ុង កក្កដា នៅនាទី១១ និង សៀង ចន្ធា នាទី២៧ មុនកីឡាករ Luiz Humberto ស៊ុតបាល់ពិន័យ ១១ម៉ែត្រ ១គ្រាប់ឲ្យក្រុម Eastern District នៅនាទី៦១។ បន្ទាប់មកកីឡាករចំណូលថ្មី គី រីណា ក៏បានស៊ុតបន្ថែមគ្រាប់ទី៣ ឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៧១ ដែលជួយឲ្យព្រះខ័នរាជស្វាយរៀង យកឈ្នះក្រុមមកពីហុងកុង ៣-១ តែម្ដង។
ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកពានរង្វាន់មិត្តភាពអន្ដរជាតិត្រៀមបើករដូវកាលថ្មីនេះ ក្នុងនាមម្ចាស់ផ្ទះ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតក្នុងវគ្គសន្សំពិន្ទុវិលជុំ ឈ្នះ ១ និងស្មើ ១ មុនបន្ដយកឈ្នះក្រុម Eastern District នៅវគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃសុក្រនេះ ខណៈក្រុមមកពីលីគហុងកុង Eastern District បានទទួលចំណាត់ថ្នាក់លេខ២ និងក្លិប Geylang International FC របស់សិង្ហបុរី ឈរលេខ៣ ក្រោយរងបរាជ័យ ២ប្រកួតជាប់គ្នា រួមមានចាញ់ព្រះខ័នរាជស្វាយរៀង ២-១ និងចាញ់ក្លិប Eastern District FC ៣-១៕




