ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ៣៥% នៃទំព័រវេបសាយបង្កើតថ្មី បានប្រើប្រាស់ AI ក្នុងការសរសេរ និងកែសម្រួល

22-08-2026 09:16

(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវថ្មីមួយចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew Research Center (កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦) បានឱ្យដឹងថា ៣៥% នៃទំព័រវេបសាយភាសាអង់គ្លេសដែលត្រូវបានបង្កើត ឬបោះពុម្ពផ្សាយបន្ទាប់ពីការបង្ហាញខ្លួនរបស់ ChatGPT (ចុងឆ្នាំ២០២២) មានសញ្ញាកត់សម្គាល់យ៉ាងច្បាស់លាស់ពីការប្រើប្រាស់ AI ក្នុងការសរសេរ ឬកែសម្រួលអត្ថបទយ៉ាងស៊ីជម្រៅ។

តាមរយៈការវិភាគទិន្នន័យលើទំព័រវេបសាយប្រមាណចំនួន ៤៩០,០០០ ចាប់ពីឆ្នាំ២០២១ ដល់ពាក់កណ្តាលឆ្នាំ២០២៦ មជ្ឈមណ្ឌលស្រាវជ្រាវ Pew Research បានរកឃើញពីការផ្លាស់ប្តូរទម្រង់នៃការបង្កើតមាតិកាលើអ៊ីនធឺណិតយ៉ាងឆាប់រហ័ស។ បើគិតលើទិន្នន័យទំព័រវេបសាយសរុបទាំងអស់នៅលើអ៊ីនធឺណិត អត្ថបទដែលសរសេរដោយ AI មានប្រមាណ ១០%។ ប៉ុន្តែប្រសិនបើពិនិត្យតែលើទំព័រដែលបង្កើតឡើងក្រោយការលេចមុខនៃ Generative AI ភាគរយនេះបានកើនឡើងរហូតដល់ ៣៥%។

អត្ថបទលើអ៊ីនធឺណិតនាពេលបច្ចុប្បន្ន មានការកើនឡើងនូវទម្រង់សរសេរដែល AI ចូលចិត្តប្រើ ដូចជា ការប្រើប្រាស់សញ្ញា Em Dash (—) កើនឡើងទ្វេដង, ការប្រើប្រាស់ Oxford Comma កើនឡើង ៦៣% ព្រមទាំងពាក្យបច្ចេកទេសផ្លូវការមួយចំនួន (ដូចជា delve, pivotal, interplay) ដែលមានការប្រើប្រាស់ញឹកញាប់ជាងមុន។

របាយការណ៍នេះបានគូសបញ្ជាក់ថា ការកើនឡើងនៃមាតិកា AI នៅលើអ៊ីនធឺណិត កំពុងកើតឡើងស្របពេលដែលទិន្នន័យពី Cloudflare បង្ហាញថា ចរាចរណ៍អ៊ីនធឺណិត (Web Traffic) ដែលបង្កើតឡើងដោយ AI Bots បានកើនឡើងរហូតដល់ ៥៧.៤% នៃ Request សរុប ដោយបានទម្លាក់ការចូលមើលរបស់មនុស្សពិតឱ្យមកនៅភាគតិច។ បាតុភូតនេះកំពុងផ្លាស់ប្តូរបណ្តាញអ៊ីនធឺណិត ពីប្រព័ន្ធទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ទៅជាប្រព័ន្ធដែល AI ជាអ្នកសរសេរ ហើយ AI ក៏ជាអ្នកអានវិញ៕