TikTok យល់ព្រមបង់ប្រាក់ ៤០០ លានដុល្លារ បញ្ចប់ក្តីរឿងរំលោភបំពានឯកជនភាពកុមារនៅអាមេរិក
22-08-2026 09:39
(បរទេស)៖ ក្រុមហ៊ុន TikTok និងក្រុមហ៊ុនមេ ByteDance បានយល់ព្រមលើការសម្រុះសម្រួលផ្លូវច្បាប់ក្នុងទឹកប្រាក់ ៤០០ លានដុល្លារ ដើម្បីបញ្ចប់ការចោទប្រកាន់ពីក្រសួងយុត្តិធម៌អាមេរិក (DOJ) ជុំវិញការរំលោភលើឯកជនភាព និងការប្រមូលព័ត៌មានផ្ទាល់ខ្លួនពីកុមារអាយុក្រោម ១៣ ឆ្នាំដោយខុសច្បាប់ ដោយគ្មានការយល់ព្រមពីអាណាព្យាបាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
ក្រោមប្រព័ន្ធសម្រុះសម្រួលនេះ TikTok នឹងបង់ប្រាក់ ៣០០ លានដុល្លារភ្លាមៗ ហើយ ១០០ លានដុល្លារទៀតនឹងត្រូវបង់នៅពេលតុលាការចេញដីកាលុបចោលកិច្ចព្រមព្រៀងចាស់ឆ្នាំ ២០១៩ ដែលកាលណោះ TikTok (ដែលត្រូវបានស្គាល់ថា Musical.ly) ធ្លាប់បានបង់ប្រាក់ពិន័យចំនួន ៥.៧ លានដុល្លាររួចមកហើយលើករណីស្រដៀងគ្នានេះ។
ពាក់ព័ន្ធនឹងចំណាត់ការនេះ អគ្គព្រះរាជអាជ្ញារង លោក Stanley Woodward បានគូសបញ្ជាក់ថា អាទិភាពរបស់ក្រសួងយុត្តិធម៌ «គឺការធានាថាកុមារត្រូវបានការពារនៅលើប្រព័ន្ធអ៊ីនធឺណិត ហើយក្រុមហ៊ុនដែលទទួលបានការទុកចិត្តជាមួយនឹងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវតែបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួន»។
ខាងក្រសួងយុត្តិធម៌អាមេរិកបានបន្ថែមថា ការបញ្ចប់រឿងក្តីនេះ «ធានាថាគ្រួសារអាមេរិកាំងនៅតែបន្តទទួលបានផលប្រយោជន៍ពីការការពារដ៏រឹងមាំ ដោយមិនចាំបាច់រង់ចាំយូរ និងជួបហានិភ័យមិនប្រាកដប្រជានៃការតទល់ក្តីផ្លូវច្បាប់ដ៏អូសបន្លាយឡើយ»។
គួរជម្រាបថា កម្មវិធី TikTok មានអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកជាង ២០០ លាននាក់។ ចាប់តាំងពីមានពាក្យបណ្តឹងមក ក្រុមហ៊ុនបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រង និងប្រព័ន្ធសុវត្ថិភាពយ៉ាងច្រើន ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ជាក់ថ្ងៃខែឆ្នាំកំណើត បង្កើនប្រព័ន្ធផ្ទៀងផ្ទាត់អាយុ និងមានបុគ្គលិករាប់រយនាក់ចាំត្រួតពិនិត្យ រហូតឈានដល់ការលុបគណនីខុសច្បាប់របស់កុមារអស់រាប់ម៉ឺនគណនី៕









