ក្រុមហ៊ុន «ខេអិនអិនគ្រុប» នឹងរៀបចំកម្មវិធីបរិច្ចាគឈាម «១,០០០ ឈាម ១,០០០ សង្ឃឹម» នៅថ្ងៃទី០៥ ខែកញ្ញាខាងមុខនេះ

22-08-2026 11:18

(ភ្នំពេញ)៖ នារដូវវស្សានេះ ករណីជំងឺគ្រុនឈាមនៅកម្ពុជាមានការកើនឡើងប្រមាណ ១២,០០០ ករណី និងកំពុងតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ នេះបើតាមការលើកឡើងរបស់ក្រសួងសុខាភិបាលកម្ពុជា។ កត្តានេះបានធ្វើឱ្យតម្រូវការឈាមសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសកុមារតូចៗ កើនឡើងយ៉ាងគំហុក! ស្តុកឈាមនៅតាមមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមក៏កំពុងតែជួបការខ្វះខាតយ៉ាងខ្លាំង។

ដោយសង្កេតឃើញពីតម្រូវការឈាមខ្ពស់ ក្រោមការផ្តួចផ្តើមពីអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន KNN Group និងលោកស្រី ហេង ចិន្តា បានបង្កើតកម្មវិធីបរិច្ចាគឈាមដ៏ធំមួយ ក្រោមប្រធានបទ «១,០០០ ឈាម ១,០០០ សង្ឃឹម» ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបំពេញបន្ថែមនូវស្តុកឈាមជាតិ។ កម្មវិធីនេះមានគោលដៅធំចម្បង ក្នុងការប្រមូលឱ្យបានឈាម ១,០០០កំប្លោក ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលកំពុងមានតម្រូវការឈាមជាចាំបាច់ ក៏ដូចជាការជម្រុញ និងផ្សព្វផ្សាយឲ្យប្រជាជនក្នុងតំបន់យល់ដឹង ពីអត្ថប្រយោជន៏នៃការផ្តល់ឈាម។

កម្មវិធីនឹងធ្វើឡើងនៅ៖

* ទីតាំង៖ គម្រោងមេគង្គ ស៊ីធី (បុរី មេគង្គ លែន) ផ្លូវជាតិ ៦A (ស្ពានលេខ ១០)។
* កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ ៥ ល្ងាច។
* លក្ខខណ្ឌបរិច្ចាគ៖ សាធារណជនគ្រប់រូបដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ និងមានសុខភាពល្អ។

ក្រុមហ៊ុន KNN Group សូមអំពាវនាវដល់បុគ្គលិក ដៃគូអាជីវកម្ម និងសាធារណជនទាំងអស់ ចូលរួមក្នុងសកម្មភាពសប្បុរសធម៌នេះឱ្យបានច្រើនកុះករ។ រាល់ដំណក់ឈាម ឬការបរិច្ចាគរបស់លោកអ្នក មិនត្រឹមតែជា «ក្តីសង្ឃឹម» ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកសង្គ្រោះជីវិតប្រជាជនកម្ពុជា។

សូមចូលរួមបរិច្ចាគឈាមជាមួយយើងខ្ញុំទាំងអស់គ្នានៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីប្រែក្លាយដំណក់ឈាមរបស់លោកអ្នកឱ្យទៅជាសេចក្តីសង្ឃឹម និងឱកាសថ្មីសម្រាប់អ្នកជំងឺដែលកំពុងត្រូវការ!
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ៖ ០៩៥ ២២២ ១៨៩ / ០៨១ ៧៥៥ ៨៤៤៕