បារម្ភពីសុវត្ថិភាពពេលមានគ្រោះថ្នាក់! ចិនបង្ខំឱ្យ Tesla និងក្រុមហ៊ុន EV ធំៗ អាប់ដេតប្រព័ន្ធទ្វារអាសន្នលើរថយន្តជាង ៤លានគ្រឿង

22-08-2026 14:17

(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla ព្រមទាំងក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួនទៀតរួមមាន Xiaomi, Leapmotor, Xpeng និង Geely បានប្រកាសប្រមូលរថយន្តមកកែសម្រួល (Recall) លើរថយន្តអគ្គិសនីសរុបប្រមាណ ៤.៣ លានគ្រឿងនៅក្នុងប្រទេសចិន ដោយសារតែបញ្ហាសុវត្ថិភាព និងប្រព័ន្ធបើកទ្វារអាសន្ន។ នេះបើតាមការចេញផ្សាយដោយភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។

យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គនាយកដ្ឋានគ្រប់គ្រងទីផ្សាររដ្ឋចិន (SAMR) ក្រុមហ៊ុន Tesla នឹងធ្វើការកែសម្រួលរថយន្តចំនួន ២.៩៨ លានគ្រឿង (រួមមានម៉ូឌែល Model 3, Model Y, Model S និង Model X ទាំងផលិតក្នុងស្រុកចិន និងនាំចូល) ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី ២៥ ខែកញ្ញា ខាងមុខនេះ។
អាជ្ញាធរចិនបានបញ្ជាក់ថា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដែលបណ្តាលឱ្យប្រព័ន្ធអគ្គិសនីនៅក្នុងរថយន្តកាត់ផ្តាច់ ដៃបើកទ្វារអាសន្នផ្នែកខាងក្នុង (Mechanical release) មានលក្ខណៈពិបាកចំណាំ ឬពិបាកស្វែងរកសម្រាប់អ្នកធ្វើដំណើរ ដែលអាចបង្កជាឧបសគ្គដល់ការរត់គេចខ្លួន ឬការជួយសង្គ្រោះពីខាងក្រៅ។

សម្រាប់ដំណោះស្រាយរបស់ Tesla គឺនឹងយកទៅបិទផ្លាកសញ្ញាព្រមាន/ណែនាំ (Warning labels) នៅជិតដៃបើកទ្វារអាសន្នដោយឥតគិតថ្លៃ ដើម្បីឱ្យអ្នកជិះងាយមើលឃើញ។ ធ្វើការអាប់ដេតកម្មវិធីបញ្ជាពីចម្ងាយ (Over-The-Air Update - OTA) ដែលនឹងទម្លាក់កញ្ចក់បង្អួចចុះដោយស្វ័យប្រវត្តិ នៅពេលមានការប៉ះទង្គិច/គ្រោះថ្នាក់ ដើម្បីសម្រួលដល់ការជួយសង្គ្រោះ។ បន្ថែមពីនេះ Tesla ក៏បានប្រកាសធ្វើបច្ចុប្បន្នភាពប្រព័ន្ធ Software ជាបន្ទាន់លើរថយន្ត Model 3 និង Model Y ចំនួន ២.៧៤ លានគ្រឿងនៅក្នុងប្រទេសចិនផងដែរ។ ការអាប់ដេតនេះធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពប្រព័ន្ធតាមដានការយកចិត្តទុកដាក់របស់អ្នកបើកបរ នៅពេលដែលប្រព័ន្ធជំនួយការបើកបរ (Autopilot/Driver Assistance) កំពុងដំណើរការ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ ប្រសិនបើអ្នកបើកបរមិនបានឆ្លើយតបទាន់ពេលវេលា។

ការប្រកាសប្រមូលរថយន្តមកកែប្រែនាពេលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់លើឧស្សាហកម្មរថយន្តអគ្គិសនី (EV) និងបានដាក់ចេញនូវបទប្បញ្ញត្តិសុវត្ថិភាពថ្មីៗ។ ប្រទេសចិនក៏បានប្រកាសគម្រោង ហាមឃាត់ការប្រើប្រាស់ដៃទ្វាររថយន្តដែលលាក់ក្នុងបាំង (Concealed/Flush Door Handles) ចាប់ពីឆ្នាំ២០២៧ ខាងមុខផងដែរ ដែលតម្រូវឱ្យរថយន្តទាំងអស់ត្រូវតែមានប្រព័ន្ធបើកទ្វារដោយមេកានិចច្បាស់លាស់។ ក្រៅពីក្រុមហ៊ុន Tesla ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនល្បីៗផ្សេងទៀតដូចជា Xiaomi, Leapmotor, Xpeng និង Geely ក៏បានប្រកាសប្រមូលរថយន្តរបស់ខ្លួនមកធ្វើការអាប់ដេត និងបិទផ្លាកសញ្ញាណែនាំលើដៃទ្វារអាសន្នដូចគ្នាផងដែរ៕