គណៈកម្មការប្រកួតបាល់ទាត់ខេត្តស្វាយរៀង រៀបចំការប្រកួត «ពានរង្វាន់ស្វាយរៀង ខាប់» ផ្នែកមជ្ឈិមវ័យ លើកទី១ ឆ្នាំ២០២៦

22-08-2026 15:14

(ស្វាយរៀង)៖ គណៈកម្មការប្រកួតបាល់ទាត់ខេត្តស្វាយរៀង បានរៀបចំការប្រកួតបាល់ទាត់ដ៏ធំមួយ គឺ «ពានរង្វាន់ស្វាយរៀង ខាប់» ផ្នែកមជ្ឈិមវ័យ (អាយុចាប់ពី៤០ ដល់៦០ឆ្នាំ) លើកទី១ ឆ្នាំ២០២៦ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ និងក្នុងខេត្តស្វាយរៀង ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ការប្រកួតនេះ នឹងផ្តល់ឱកាសដ៏ល្អសម្រាប់ក្រុមបាល់ទាត់មជ្ឈិមវ័យនានា មកពីទូទាំងខេត្តស្វាយរៀង បានបញ្ចេញសមត្ថភាព និងពង្រឹងមិត្តភាពកីឡា។ យោងតាមសេចក្ដីជូនដំណឹង ការលក់ពាក្យចូលរួមប្រកួត បានចាប់ផ្ដើមហើយ ចាប់ពីពេលជូនដំណឹងនេះតទៅ។

ចំណែកឯការទទួលពាក្យចូលរួមវិញ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមបាល់ទាត់ដែលមានបំណងចង់ចូលរួមប្រកួតប្រជែង អាចទៅដាក់ពាក្យនៅទីស្នាក់ការសហភាពសហព័ន្ធ យុវជនខេត្តស្វាយរៀង ដែលមានទីតាំងទល់មុខសណ្ឋាគារវ៉ៃគោ។

គណៈកម្មការរៀបចំការប្រកួត សូមអញ្ជើញឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ប្រធានសមាគម ឬក្លឹបបាល់ទាត់ទាំងអស់ ចូលរួមការប្រកួតប្រជែងពានរង្វាន់មួយនេះ ដើម្បីជាការរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ក្នុងខេត្តស្វាយរៀង ក៏ដូចជាកីឡាបាល់ទាត់ជាតិទាំងមូល៕