«GANZBERG» លេងធំកក្រើកប្រទេស! នាំយកកំពូលតារា K-POP លំដាប់អន្តរជាតិ «T-ARA» និង «APINK» មកបង្កើតមហាព្រឹត្តិការណ៍តន្ត្រី K-POP ដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ២០២៦
24-08-2026 10:25
(ភ្នំពេញ)៖ មិនឱ្យហ្វេនៗរង់ចាំយូរ បន្ទាប់ពីបង្កើតភាពកក្រើកជាបន្តបន្ទាប់ GANZBERG Super Idol បានប្រកាសត្រឡប់មកវិញជាមួយរដូវកាលថ្មី និងការភ្ញាក់ផ្អើលដែលធំជាងមុន។ យប់មិញនេះ GANZBERG បានធ្វើឱ្យហ្វេន Gen X, Gen Y និង Gen Z គឺស្រែកហ៊ោពេញ Walk Street ជាមួយថ្ងៃប្រកាសព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់អន្តរជាតិ GANZBERG Super Idol រដូវកាលបន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះហើយ!។ ជាពិសេស GANZBERG នឹងធ្វើការលក់សំបុត្រឆាប់ៗនេះ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នៅលើ App BookMe+។
រំលងពីមួយរដូវកាលទៅមួយរដូវកាល ក្រុមហ៊ុនយក្ស GANZBERG កាន់តែលេងធំទៅៗ ដោយលើកនេះបាននាំយកនូវវត្តមានកំពូលក្រុមតារាចម្រៀងនារី K-POP ល្បីល្បាញលំដាប់ពិភពលោករហូតដល់ទៅ ២ក្រុមពេញ មកជួបគ្នានៅលើឆាកតែមួយ គឺ T-ARA និង APINK។
អ្នកគាំទ្រវិស័យ K-POP ស្គាល់យ៉ាងច្បាស់ថា T-ARA (បង្ហាញខ្លួនក្នុងឆ្នាំ២០០៩ បច្ចុប្បន្នមានសមាជិក ៤ រូប៖ Qri, Eunjung, Hyomin និង Jiyeon គឺជាម្ចាស់បទចម្រៀង Dance-Pop ដ៏មានប្រជាប្រិយភាព។ បទ «Roly-Poly» (២០១១) របស់ពួកគេបានបង្កើតកំណត់ត្រាជាបទចម្រៀង ដែលត្រូវបានទាញយកច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមនារី K-Pop អមដោយបទល្បីៗពេញពិភពលោកដូចជា «Bo Peep Bo Peep, Cry Cry, Lovey-Dovey» និង «Little Apple»។
រីឯ APINK (បង្ហាញខ្លួនក្នុងឆ្នាំ ២០១១) ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង តាមរយៈភាពគួរឱ្យស្រឡាញ់ និងស្រស់ស្រាយ ព្រមទាំងធ្លាប់ដណ្ដើមពានរង្វាន់តន្ត្រីធំៗជាច្រើនដូចជា Golden Disc, Seoul Music និង MAMA។ APINK បានសាងប្រជាប្រិយភាពទូទាំងអាស៊ី តាមរយៈបទចម្រៀងល្បីៗដូចជា «My My, NoNoNo» និង «Mr. Chu» ជាមួយក្បាច់រាំដ៏ទាក់ទាញបំផុត។
តស់! ត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ព្រឹត្តិការណ៍តន្ត្រី K-POP ដ៏ធំបំផុតប្រចាំឆ្នាំ២០២៦ ពី GANZBERG Super Idol Time To Love នឹងនាំមកជូនអ្នកគាំទ្រនូវការសម្តែងដ៏កក្រើក ភ្លើងពណ៌ដ៏អស្ចារ្យ លាយឡំនឹងទឹកភ្នែកនៃក្តីរំភើប ជាមួយការជួបផ្ទាល់ពីអាយដលក្នុងដួងចិត្ត T-ARA និង APINK។ ជួបគ្នានៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ៕











