ធនាគារ អេស៊ីលីដា និងក្រសួងមហាផ្ទៃ ដាក់ឱ្យអនុវត្តសាកល្បងការទូទាត់កម្រៃសេវាតាម ACLEDA Super App សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវារដ្ឋបាល នៅការិយាល័យច្រកចេញចូលតែមួយ
24-08-2026 12:45
(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា និងអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានបើកសិក្ខាសាលា ស្តីពី ការអនុវត្តសាកល្បងការទូទាត់កម្រៃសេវាតាម ACLEDA Super App សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវារដ្ឋបាល នៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពរបស់លោក បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ព្រមទាំងថ្នាក់គ្រប់គ្រង និងមន្រ្តីរាជការតំណាងមកពីអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងរដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ព្រមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៃធនាគារ អេស៊ីលីដា។
ការអនុវត្តសាកល្បងនេះ គឺជារបត់កែទម្រង់ដ៏មានសារៈសំខាន់ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈថ្នាក់ក្រោមជាតិ ឱ្យកាន់តែទាន់សម័យ និងឆ្លើយតបបានរហ័សទៅនឹងសម័យកាលឌីជីថល និងតម្រូវការរបស់ប្រជាពលរដ្ឋ។ តាមរយៈ ACLEDA Super App យើងនឹងរួមគ្នាបង្កើនប្រសិទ្ធភាពសេវារដ្ឋបាល មានភាពងាយស្រួល ចំណេញពេលវេលាទាំងប្រជាពលរដ្ឋ និងមន្ត្រីប្រតិបត្តិ ព្រមទាំងមានតម្លាភាព សុវត្ថិភាព និងគណនេយ្យភាពក្នុងការប្រមូលចំណូលសេវារដ្ឋបាល ជាពិសេស រួមចំណែកជំរុញការអភិវឌ្ឍសង្គមឌីជីថល បង្កើតទម្លាប់ថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាឌីជីថលក្នុងជីវភាពប្រចាំថ្ងៃ។
កិច្ចសហប្រតិបត្តិការនេះ ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation) ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងឱកាសនេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានរដ្ឋបាល និងរដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ជាសេនាធិការ ក្នុងការផ្តល់អាទិភាពលើការកែទម្រង់សេវាសាធារណៈ។
នាពេលកន្លងមក ធនាគារ អេស៊ីលីដា និងក្រសួងមហាផ្ទៃ បានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សេវាសាធារណៈឱ្យទៅជាលក្ខណៈឌីជីថល តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន តាមប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ការប្រើប្រាស់សេវាកម្មទូទាត់តាមឌីជីថល និងម៉ាស៊ីនឆូតបណ្ណ ឬកាត (POS Terminal) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ និងការផ្តល់ និងប្រើប្រាស់សេវាផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ នេះជាសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងការបរិវត្តកម្មឌីជីថល ថ្នាក់ក្រោមជាតិដែលធនាគារ អេស៊ីលីដា និងក្រសួងមហាផ្ទៃ នឹងសហការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់តាម ACLEDA Super App សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ នាពេលឆាប់ៗនេះ។
សូមបញ្ជាក់ដែរថា ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។
គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៨៤ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,៣៣ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,៤៩ លាននាក់។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់អេស៊ីស៊ូភើអេប ច្រើនជាង ៥,៩៧លាននាក់ ជាពិសេសក្នុងនោះ មានដៃគូអាជីវកម្មសរុបជាង ០,៨៦លាននាក់៕











