កម្ពុជា បន្ដឈ្នះពានសម្ដេចធិបតី លើកទី២ អមប្រាក់រង្វាន់ ១០០លានរៀល ក្រោយឈ្នះ ៥ប្រកួតជាប់ៗគ្នា
24-08-2026 13:35
(ភ្នំពេញ)៖ ក្រុមបាល់ទះកម្ពុជា (A) ដែលប្រជុំដោយកីឡាករជម្រើសជាតិកម្ពុជា បានបន្ដគ្រងតំណែងជើងឯកពានរង្វាន់សម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦ អមជាមួយប្រាក់រង្វាន់លើកទឹកចិត្ត ១០០លានរៀល ក្រោយយកឈ្នះគូប្រជែង ៥ប្រកួតជាប់ៗគ្នា ខណៈវគ្គផ្ដាច់ព្រ័ត្រ បានយកឈ្នះក្រុម MBSA របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។
ក្នុងចំណោមបេក្ខភាព ៤ក្រុម ដែលចូលរួមប្រជែងពានរង្វាន់ប្រមុខថ្នាក់ដឹកនាំកម្ពុជា រដូវកាលថ្មីនេះ ក្រុមបាល់ទះកម្ពជា (A) មិនស្គាល់ចាញ់ឡើយ ដោយក្នុងវគ្គសន្សំពិន្ទុវិលជុំ បានយកឈ្នះក្រុមបាល់ទះកម្ពុជា (B) ៣-១សិត មុនយកឈ្នះក្រុម Dong Nai របស់វៀតណាម ៣-០សិត និងឈ្នះក្រុម MBSA ៣-១សិត។ ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមបាល់់ទះកម្ពុជា (A) បានបន្ដក្រុម Dong Nai ៣-១សិត មុនយកឈ្នះក្រុម MBSA ដោយលទ្ធផល ៣-០សិត ជាមួយពិន្ទុ ២៥-២៣, ២៥-២១ និង ២៥-២២ ដើម្បីក្លាយជាជើងឯកតែម្ដង។
សម្រាប់ពិធីបិទការប្រកួតនេះ មានការចូលរួមពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីប្រគល់នូវរង្វាន់ជយលាភី រួមមានក្រុមជើងឯក បានទៅក្រុមបាល់ទះកម្ពុជា (A) អមមេដាយមាស និងប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១០០លានរៀល, ក្រុម MBSA ទទួលបានលេខ២ អមប្រាក់រង្វាន់ ២០លានរៀល គ្រាដែលលេខ៣ បានទៅក្រុមកម្ពុជា-B បន្ទាប់ពីយកឈ្នះក្រុម Dong Nai ៣-១សិត បានអមប្រាក់រង្វាន់ ១២លានរៀល។
ជាមួយព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ ដែលចូលរួមប្រកួតប្រជែងដោយស្មារតីកីឡា សាមគ្គីភាព មិត្តភាព និងការគោរពគ្នាទៅវិញទៅមក។ ពានសម្ដេចធិបតី រដូវកាលទី២ មិនត្រឹមតែជាវេទិកាសម្រាប់បង្ហាញសមត្ថភាពកីឡាបាល់ទះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណែកដ៏សំខាន់ក្នុងការពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកីឡារវាងកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់ ព្រមទាំងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទះកម្ពុជាឱ្យកាន់តែរីកចម្រើនផងដែរ៕












