លើសពីការចូលរួម! ក្លិបសៀមរាបយូណាយធីត សម្លឹងឃើញកីឡាករឆ្នើមៗក្នុងពានកុមារ Daiichi Junior Cup គ្រោងជ្រើសរើសមករួមក្រុម

24-08-2026 14:34

(ភ្នំពេញ)៖ ក្លិបបាល់ទាត់សៀមរាប យូណាយធីត មិនត្រឹមចូលរួមប្រកួតជែងពាននោះទេ តែក្លិបបានចាត់ទុកពានរង្វាន់បាល់ទាត់កុមារ Daiichi Junior Cup រដូវកាលទី១ គឺជាព្រឹត្តិការណ៍ដ៏ល្អ សម្រាប់ក្លិបសម្លឹងមើលកីឡាករឆ្នើមវ័យក្មេងមកពីតាមបណ្ដារាជធានី-ខេត្ត ដើម្បីជ្រើសរើសមករួមក្រុមរបស់ខ្លួន ហើយក៏ជាឱកាសសម្រាប់បណ្ដាក្លិបផ្សេងៗដូចគ្នា។

នេះបើតាមការលើកឡើងរបស់លោក ម៉េត មករា ប្រធានក្លិបសៀមរាបយូណាយធីត ក្រោយបញ្ជូនក្រុមថ្នាលយុវជនរបស់ខ្លួន ចូលរួមការប្រកួតពានបាល់ទាត់កុមារខាងលើ តាំងពីវគ្គជម្រុះនៅមណ្ឌលសៀមរាប រហូតដល់ជុំផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ហើយបានគ្រងជើងឯកថ្នាក់ជាតិ ផ្នែកពានកុមារអាយុក្រោម ១៤ឆ្នាំ ក្រោយយកឈ្នះក្រុម Mighty Men ដោយលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីម្សិលមិញ។

ក្នុងនាមអ្នកស្រលាញ់ និងលះបង់ ដើម្បីការអភិវឌ្ឍបាល់ទាត់ថ្នាល លោករីករាយដែលឃើញវិស័យឯកជន សហការជាមួយក្រសួង និងស្ថាប័នជំនាញ រៀបចំព្រឹត្តិការណ៍នេះឡើង ដែលបង្ហាញឲ្យឃើញពីវិសាលភាពបាល់ទាត់ថ្នាលនៅកម្ពុជា ពិតជាមានសក្ដានុពលច្រើន តាមរយៈការស្រលាញ់ និងឱកាសបង្ហាញសមត្ថភាពរបស់ខ្លួន។ ដូច្នេះលោកគាំទ្រឲ្យបន្ដការរៀបចំរៀងរាល់ឆ្នាំ ដើម្បីក្លាយជាកម្លាំងចលករចូលរួមអភិវឌ្ឍ និងកសាងធនធានបាល់ទាត់ជាតិនាថ្ងៃអនាគត។

លោកថា «គោលដៅចូលរួមប្រកួតពាន Daiichi Junior Cup ទី១ គឺដើម្បីប្រជែងតំណែងជើងឯក តែទី២ យើងក៏សម្លឹងមើលកីឡាករថ្នាល តាមបណ្ដាក្លិបផ្សេងៗ ដែលយើងនឹងអាចជ្រើសរើស ប្រសិនបើសាមីខ្លួន ឬអាណាព្យាបាល និងគ្រូបង្វឹកពួកគាត់ អនុញ្ញាតឲ្យគាត់មកសាកល្បងជាមួយក្លិបរបស់យើង ក៏ដូចជាបណ្ដាក្លិបធំៗផ្សេងៗ ដូចជាវិសាខា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន គឺសុទ្ធតែជាក្លិបថ្នាលធំៗ ពួកគាត់ក៏សម្លឹងមើលដូច្នេះ។ ការសម្លឹងទាំងអស់នេះ គឺសុទ្ធតែដើម្បីជាតិយើង ដើម្បីសហព័ន្ធ និងអនាគតបាល់ទាត់កម្ពុជា»

ទន្ទឹមជាមួយគ្នាលោក ង៉ែត វុទ្ធី តំណាងគណៈកម្មការរៀបចំពានបានបញ្ជាក់ថា រដូវកាលដំបូងនៃពានរង្វាន់ Daiichi Junior Cup បានបញ្ចប់ដោយជោគជ័យលើសពីការរំពឹង ទាំងដំណើរការរៀបចំ និងការចូលរួមពីបណ្ដាក្រុម តាមមណ្ឌលនីមួយៗ ព្រមទាំងអាណាព្យាបាល។ ប៉ុន្ដែនេះគ្រាន់តែជាជំហានមួយ នៃបេសកកម្មសម្រាប់វិស័យបាល់ទាត់កម្ពុជា ដោយក្រុមការងារគ្រោងនឹងបន្ដការរៀបចំកាន់តែធំបន្ថែមទៀត ក្រោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

បើនិយាយពីបាល់ទាត់ គេតែងគិតដល់ការលេងទីលាន ១១នាក់ ដែលឆ្ងាយពីក្មេង តែជាក់ស្ដែងការរៀបចំនេះ ផ្ដោតចង់ឲ្យក្មេងៗលេងបាល់ឲ្យបានច្រើន ទោះបីឈ្នះ ឬចាញ់ តែជាបច្ចេកទេស ពួកគេបានបង្ហាញសមត្ថភាព ទេពកោសល្យ និងទទួលនូវបទពិសោធន៍ តាមរយៈការរៀបចំព្រឹត្តិការណ៍ស្ដង់ដារត្រឹមត្រូវ។ ហេតុនេះគណៈកម្មការនឹងជជួបជជែកជាមួយបណ្ដាក្រុមនានា ដើម្បីស្វែងរកធាតុចូលសំខាន់ៗបន្ថែមទៀត សម្រាប់ពង្រឹងការរៀបចំនារដូវកាលក្រោយឲ្យកាន់តែធំ ដែលអាចនឹងបង្កើតទាំងកម្រិតអាយុ និងចំនួនខេត្តទៀតផង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់កុមារ Daiichi Junior Cup រដូវកាលទី១ ឆ្នាំ២០២៦ បែងចែកជា ២កម្រិតអាយុ ដែលបានចំណាយពេល ៤ខែ ដើម្បីស្វែងរកក្រុមជើងឯកថ្នាក់ជាតិ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះ នៅមណ្ឌលចំនួន៤ នៅរាជធានីភ្នំពេញចំនួន ២លើក, ខេត្តបាត់ដំបង ១លើក និងខេត្តសៀមរាប ១លើក មុនឈានដល់ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅទីលានហ្គ្រេនសែនសុខ អារីណា កាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្រុមយុវជន U12 សាលាបាល់ទាត់ពស់កេងគង បានគ្រងជើងឯកផ្នែកពានកុមារអាយុក្រោម ១២ឆ្នាំ ក្រោយយកឈ្នះក្រុម Shine Academy ៣-០ នៅវគ្គផ្ដាច់ព្រ័ត្រ និងយុវជន U18 សៀមរាបយូណាយធីត បានគ្រងជើងឯកផ្នែកកុមារអាយុក្រោម ១៤ឆ្នាំ៕