YouTube ចិនចាប់ផ្តើមទាក់ទាញ Creators ល្បីៗរបស់អាមេរិក

24-08-2026 15:04

(បរទេស)៖ Bilibili ដែលជាភ្លេតហ្វមវីដេអូដ៏ល្បីល្បាញ និងត្រូវគេស្គាល់ថាជា «YouTube របស់ចិន» កំពុងចាប់ផ្តើមពង្រីកខ្លួនយ៉ាងគំហុកទៅកាន់ទីផ្សារអន្តរជាតិ រួមមានសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន។ ក្រុមហ៊ុនកំពុងដំណើរការឡើងវិញនូវកម្មវិធីអន្តរជាតិ រៀបចំគេហទំព័រជាភាសាអង់គ្លេស និងជួលបុគ្គលិកនៅទូទាំងពិភពលោក។ បន្ថែមពីនេះ Bilibili ក៏កំពុងទាក់ទាញអ្នកបង្កើតមាតិកា (Creators) ល្បីៗនៅលោកខាងលិចដូចជា MrBeast ព្រមទាំងបង្កើតឧបករណ៍សម្រួលដល់ការធ្វើពាណិជ្ជកម្មជាមួយម៉ាកសញ្ញាផ្សេងៗផងដែរ។

យោងតាមការរាយការណ៍របស់សារព័ត៌មាន Semafor ភ្លេតហ្វមកែសម្រួលថ្មីនេះបានសម្រួលលក្ខខណ្ឌយ៉ាងខ្លាំង ដោយឈប់តម្រូវឱ្យអ្នកប្រើប្រាស់អន្តរជាតិស្កែនលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណដើម្បីចុះឈ្មោះដូចមុនទៀតហើយ។ គណនីផ្លូវការមួយនៅលើបណ្តាញសង្គម X ដែលធ្វើការផ្សព្វផ្សាយទៅកាន់ Creators ជុំវិញពិភពលោក បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ត្រូវហើយ Bilibili កំពុងឈានទៅកាន់កម្រិតសកល» ដោយបន្ថែមថា មាតិកានៅលើគេហទំព័រអាមេរិក និងចិន នឹងមានទម្រង់ដូចគ្នា។

នៅក្នុងឯកសារណែនាំដែលបានចែករំលែកលើ Discord ក្រុមហ៊ុនបានបង្ហាញខ្លួនឯងថាជាទីកន្លែងដ៏ស័ក្តិសមសម្រាប់ Influencers ក្នុងការរកប្រាក់ចំណូល និងភ្ជាប់ទំនាក់ទំនងជាមួយក្រុមអ្នកប្រើប្រាស់ដែលមាន «ស្ទីល Gen Z មានទ្រព្យធន និងទទួលបានការអប់រំខ្ពស់»។ Bilibili ក៏បានបង្ហើបថា ប្រព័ន្ធទីផ្សារ (Marketplace) សម្រាប់ភ្ជាប់ទំនាក់ទំនងរវាង Creators និងម៉ាកសញ្ញាពាណិជ្ជកម្ម កំពុងស្ថិតក្នុងការអភិវឌ្ឍនៅឡើយ ខណៈគេហទំព័រជាភាសាអង់គ្លេសផ្លូវការនឹង «មកដល់ឆាប់ៗនេះ។ យើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង»

គួររំលឹកផងដែរថា Bilibili ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ហើយបច្ចុប្បន្នបានក្លាយជាក្រុមហ៊ុនសាធារណៈចុះបញ្ជីនៅទីផ្សារភាគហ៊ុន Nasdaq (សហរដ្ឋអាមេរិក) និងទីផ្សារភាគហ៊ុនហុងកុង ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជិត ៣៥០ លាននាក់។ ការឈានជើងចូលទីផ្សារអន្តរជាតិលើកនេះ ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រស្វែងរកប្រភពចំណូលថ្មី និងប្រកួតប្រជែងដោយផ្ទាល់ជាមួយទីផ្សារវីដេអូសកលរបស់ YouTube និង TikTok៕